(ភ្នំពេញ)៖ លោក ម៉ា សេរី អ្នកអត្ថាធិប្បាយ ព័ត៌មានកីឡាដ៏ល្បីនៅកម្ពុជា ដែលកំពុងមានជំងឺធ្ងន់ធ្ងរជាច្រើនមុខរួមមាន ថ្លើម ប្រមាត់ និងក្រពះ បាននឹងកំពុងព្យាបាល នៅមន្ទីរពេទ្យរុស្ស៊ី រយៈពេល៣ថ្ងៃមកហើយ នៅពេលនេះទទួលបានការឧបត្ថម្ភថវិកាពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ចំនួន៣ម៉ឺនដុល្លារសហរដ្ឋអាមេរិក នៅរសៀលថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៧នេះ។
លោក ម៉ា សេរី បាននិយាយក្នុងសម្តីមួយៗថា៖ «សុខទុក្ខប្រជារាស្ត្រ គឺជាសុខទុក្ខរបស់សម្តេច ក្នុងចំណោមប្រជារាស្រ្តទាំងនោះ ក៏មានរូបខ្ញុំបាទ ម៉ា សេរី ផងដែរ។ ស្របពេលដែលខ្ញុំបាទលំបាក...ស្របពេលដែលខ្ញុំ បាទមានទុក្ខ ឬគ្រោះអាសន្ន តែងមានទេវតាបង្ហាញមុខចេញមក ជួយសង្គ្រោះខ្ញុំ ទាន់ពេលវេលាជានិច្ច ទេវតាដែលខ្ញុំកំពុងរៀបរាប់នេះគឺ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា»។
លោក ម៉ា សេរី បានរៀបរាប់ និងសូមថ្លែងអំណរគុណចំពោះសម្តេចតេជោ ហ៊ុន សែន ជាមួយខ្លឹមសារយ៉ាងដូច្នេះថា៖
ម៉ោងនេះពេលនេះ ខណ:ដែលខ្ញុំកំពុងធ្លាក់ខ្លួនមានជំងឺយ៉ាងធ្ងន់ធ្ងរ ទេវតារបស់ខ្ញុំក៏បានបង្ហាញមុខចេញមកជួយខ្ញុំជាថ្មីម្តងទៀត។ ខ្ញុំធ្លាប់រស់ឆ្លងកាត់សម័យ កាលជាច្រើនដូចជា សង្គមរាស្រ្តនិយម សាធារណរដ្ឋខ្មែរ កម្ពុជាប្រជាធិបតេយ្យ សាធារណរដ្ឋប្រជាមានិតកម្ពុជា តែខ្ញុំមិនដែលត្រូវបានអ្នកធំណាម្នាក់ យកចិត្តទុកដាក់ចំពោះខ្ញុំ ឬគ្រួសារខ្ញុំឡើយ។ ទើបតែសម័យព្រះរាជាណាចក្រកម្ពុជានេះ ដែលមានថ្នាក់ដឹកនាំជាតិដ៏កំពូល បន្ទាបខ្លួនមកយក ចិត្តទុក្ខដាក់ចំពោះខ្ញុំហើយនិងក្រុមគ្រួសារ។ ម្នាក់នោះខ្ញុំបានប្រាប់ហើយថា ជាទេវតារបស់ខ្ញុំ ពោលគឺសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន។
សូមថ្លែងអំណរគុណចំពោះ សម្តេច ដែលបានជួយខ្ញុំបាទក្នុងគ្រាដ៏កំសត់មួយនេះ ហើយក៏សូមថ្លែងអំណរគុណចំពោះឯកឧត្តម ហ៊ុយ វណ្ណ: និងសហការី ដែលបានមកសួរសុខទុក្ខ្ញខ្ញុំបាទដល់មន្ទីរពេទ្យ មិត្តភាព ខ្មែរ សូវៀត។ ដោយសេចក្តីគោរពដ៏ខ្ពង់ខ្ពស់បំផុតពីខ្ញុំបាទ, ម៉ា សេរី»។
លោក ហ៊ុយ វណ្ណៈ បានបញ្ជាក់ប្រាប់អង្គភាពព័ត៌មាន Fresh News ថា លោក ម៉ា សេរី នេះជាការចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យជាលើកទី២ បន្ទាប់ពីកាលពីខែតុលា ឆ្នាំ២០១៦ លោកបានចូលមន្ទីរពេទ្យម្តងរួចមកហើយ។ លោក វណ្ណៈ បានបន្ថែមថា លោក ម៉ា សេរី កំពុងទទួលរងនូវជំងឹទី១៖ ថ្លើម ទី២៖ ទឹកប្រមាត់ខាប់ និងទី៣៖ កៀបក្រពះ ដែលនាំឲ្យមានក្អួតឈាមម្តងម្កាល៕