(ព្រះវិហារ)៖ អភិបាលខេត្តព្រះវិហារ លោក អ៊ុន ចាន់ដា នៅព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៧នេះ បានចុះសួរសុខទុក្ខ និងសំណេះសំណាលជាមួយអាជីវករ សិប្បករលក់ដូរនៅផ្សារកំពង់ប្រណាក ក្រុងព្រះវិហារ។
លោកអភិបាលខេត្ត អ៊ុន ចាន់ដា បានថ្លែងក្នុងឱកាសនោះថា ក្នុងនាមអជ្ញាធរខេត្តដោយអនុវត្តន៍តាមទិសដៅរបស់ប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន តែងតែគិតគូជានិច្ចអំពីសុខសុទ្ខ និងការរស់នៅរបស់ប្រជាពលរដ្ឋ។ ដោយឡែកចំពោះអាជីវករដែលលក់ដូរតាមកញ្ច្រែងល្អី សម្តេចតេជោតម្រូវមិនឲ្យបង់ភាស៊ីនោះទេ។
លោកអភិបាលខេត្តបានបញ្ជាក់ថា ទឹកចិត្តសណ្តោសរបស់សម្តេចតេជោ គឺចង់ឲ្យជីវភាពប្រជាពលរដ្ឋមានភាពប្រសើរឡើង។
លោកអភិបាលខេត្ត ក៏បានដាស់តឿនដល់អ្នកម៉ៅការភាស៊ីក្នុងផ្សារកំពង់ប្រណាក ត្រូវអនុវត្តន៍បទបញ្ជារបស់សម្តេចតេជោឲ្យមានប្រសិទ្ធិភាព ចំណែកអជ្ញាធរមូលដ្ឋានត្រូវធ្វើការតាមដានបញ្ហានេះផងដែរ ជៀសវាងអ្នកម៉ៅការភាស៊ីផ្សារធ្វើឲ្យមានការថ្នាំងថ្នាក់ដល់អាជីវករ។
ក្នុងឱកាសនោះលោក អ៊ុន ចាន់ដា បានជំរាបជូនប្រជាពលរដ្ឋ អប់រំកូនចៅជៀសឲ្យឆ្ងាយពីបញ្ហាគ្រឿងញៀន និងល្បែងអបាយមុខផ្សេងៗ។
ក្រុមអាជីវករនៅផ្សារកំពង់ប្រណាកបានសំដែងក្តីសប្បាយរីករាយ ចំពោះលោកអភិបាលខេត្ត ដែលបានចំណាយពេលដ៏មានតម្លៃចុះមកពិនិត្យស្ថានភាពលក់ដូររបស់អាជីវករ ដែលបង្ហាញឲ្យឃើញពីការគិតគូរ និងយកចិត្តទុកដាក់ខ្ពស់ក្នុងនាមអាជ្ញាធរខេត្ត ចំពោះពលរដ្ឋក្នុងខេត្តទាំងមូល៕