(ភ្នំពេញ)៖ រូបសំណាកព្រះគន្លង់ ឬ ហៅលោកយាយទេព នៅរង្វង់មូលដើមពោធិ៍ ខាងត្បូងព្រះអង្គចេក ព្រះអង្គចម ក្នុងខេត្តសៀមរាប ត្រូវបានជនមិនស្គាល់មុខលួចវាយបំផ្លាញ។ រដ្ឋបាលខេត្តសៀមរាប ចាត់ទុកការវាយបំផ្លាញនេះថា ជាការមាក់ងាយដល់ជំនឿ និងការគោរពបូជារបស់ប្រជាពលរដ្ឋក្នុងខេត្តសៀមរាប និង សាធារណជនទូទៅ។
យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តសៀមរាប ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅថ្ងៃសៅរ៍ ទី២៨ ខែមករា ឆ្នាំ២០១៧នេះ បានឲ្យដឹងថា ការវាយបំផ្លាញរូបសំណាកលោកយាយទេព បានកើតមានឡើងកាលពីយប់ថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៧។
សេចក្តីជូនដំណឹងបានឲ្យដឹងទៀតថា រូបសំណាកលោកយាយទេព ត្រូវបានជនមិនស្គាល់អត្តសញ្ញាណយកខ្សែក្រវាត់ ទៅវាយបំផ្លាញត្រង់ព្រះភ្នែន និងដោះស្បែកជើង វាយព្រះភក្រ្ត ធ្វើឲ្យបាក់ចុងព្រះហន្ត (ច្រមុះ) និងមានស្នាមរបកថ្នាំលើព្រះភក្រ្តបន្តិចបន្តួចផងដែរ។
បច្ចុប្បន្នរដ្ឋបាលខេត្តសៀមរាប កំពុងស្រាវជ្រាវរកជនដៃដល់តាមរយៈរូបភាពពីកាមេរ៉ាសុវត្ថិភាព ភស្តុតាង និងសាក្សីនានា ដើម្បីចាប់ខ្លួនមកផ្តន្ទាទោសតាមច្បាប់។
រូបសំណាកលោកយាយទេព ត្រូវបានប្រជាពលរដ្ឋក្នុងខេត្តសៀមរាប ក៏ដូចជាប្រជាពលរដ្ឋដែលទៅកម្សាន្តនៅខេត្តសៀមរាប តែងបានទៅបន់ស្រន់សូមសេចក្តីសុខ ក៏ដូចជាសូមឲ្យសម្រេចបំណងផ្សេងៗ។
កាលពីខែមករា ឆ្នាំ២០១៦ រូបសំណាកលោកយាយទេព ក៏ត្រូវបានគ្រូស្នងរូបមួយរូប ទៅធ្វើពិធីដោយអង្គុយពីលើព្រះភ្នែន នាំឲ្យមានការរិះគន់ខ្លាំងពីសំណាក់អ្នកជំនឿ ដោយបានហៅទង្វើគ្រូស្នងរូបនោះថា ជាការជាន់ឈ្លីទីសក្ការៈបូជារបស់ពួកគេ។ ទីបំផុតគ្រូស្នងរូប ត្រូវបានសមត្ថកិច្ចចុះទៅឃាត់ខ្លួន និងហៅទៅអប់រំកុំឲ្យធ្វើសកម្មភាពបែបនោះទេ៕