(កំពត)៖ យ៉ាងហោចណាស់មនុស្ស៤នាក់ បានស្លាប់បាត់បង់ជីវិត ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍២ករណីផ្សេងគ្នា ប៉ុន្តែនៅទីតាំងតែមួយ នៅស្រុកអង្គរជ័យ។
មន្ត្រីនគរបាលស្រុកអង្គរជ័យ បានឲ្យដឹងថា ករណីទី១៖ នៅល្ងាចថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៧ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅលើផ្លូវជាតិលេខ៣១ ត្រង់ចំណុចភូមិត្រពាំងកំភ្លាញ ឃុំអង្គភ្នំតូច ស្រុកអង្គរជ័យ រវាងរថយន្តម៉ាក RX330 ពណ៍ស ពាក់ស្លាក់លេខភ្នំពេញ2AN-6958 បើកបរដោយឈ្មោះ ឃួន បូរិន ភេទប្រុស អាយុ២៤ឆ្នាំ បុកជាមួយម៉ូតូ៣គ្រឿង បណ្ដាលស្លាប់ជនរងគ្រោះដែលអ្នកជិះម៉ូតូ៣នាក់ ក្នុងនោះស្រីម្នាក់ និងខូចខាតម៉ូតូ៣គ្រឿង។
ករណីទី២៖ នៅយប់ថ្ងៃខែដដែល មានគ្រោះថ្នាក់ចរាចរណ៍មួយទៀត នៅលើកំណាត់ផ្លូវជាតិលេខ៣១ ស្ថិតក្នុងភូមិត្រពាំងកំភ្លាញ ឃុំអង្គតូច ស្រុកអង្គរជ័យ រវាងរថយន្ដនិងម៉ូតូ បណ្ដាលឲ្យជនរងគ្រោះម្នាក់ឈ្មោះ យែន ចាន់ដារ៉ា ភេទប្រុស អាយុ២៨ឆ្នាំ មានទីលំនៅភូមិប្រាល ឃុំតានី ស្រុកអង្គរជ័យ។ រីឯម្ចាស់រថយន្ត ក្រោយពេលកើតហេតុបានរត់គេចខ្លួនបាត់។
បច្ចុប្បន្នរថយន្ដ និងម៉ូតូទាំងអស់ ត្រូវនគរបាលជំនាញយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក ដើម្បីដោះស្រាយតាមច្បាប់៕