(ភ្នំពេញ)៖ លោកបណ្ឌិត អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ដ្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានខេមរសហព័ន្ធការ៉ាតេដូកម្ពុជា បានលើកឡើងថា ក្នុងនាមប្រធានសហព័ន្ធអាណត្តិថ្មី លោកបានកំណត់ទិសដៅសំខាន់ៗចំនួន ២ចំណុច ដើម្បីជំរុញការអភិវឌ្ឍន៍កីឡាមួយនេះឲ្យកាន់តែរីកចម្រើន និងល្បីល្បាញលើឆាកអន្ដរជាតិ ទី១ គឺផ្ដោតលើការប្រកួតកីឡាអូឡាំពិក ឆ្នាំ២០២០ នៅទីក្រុង Tokyo នៃប្រទេសជប៉ុន និងទី២ គឺផ្ដោតសំខាន់លើការត្រៀមធ្វើម្ចាស់ផ្ទះកីឡាស៊ីហ្គេម លើកទី៣២ នាឆ្នាំ២០២៣។
ការថ្លែងបែបនេះ បានធ្វើឡើងក្នុងពិធីបំពាក់ខ្សែក្រវាត់ដល់ថ្នាក់ដឹកនាំ ខេមរសហព័ន្ធការ៉ាតដូ នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា នៅល្ងាច ថ្ងៃទី២៧ ខែមករានេះ។ លោករដ្ឋមន្ដ្រីបន្ថែមថា មួយរយៈពេលចុងក្រោយនេះ វិស័យកីឡាជាតិមានការរីកដុះដាលខ្លាំង ក្នុងនោះកីឡាការ៉ាដូក៏ដូច្នេះដែរ។ មិនតែប៉ុណ្ណោះ មានយុវជន សិស្ស-និស្សិតជាច្រើន បានងាកមកលេងកីឡា រហូតមានអ្នកខ្លះបានអភិវឌ្ឍន៍សមត្ថភាពរបស់ខ្លួនបានក្លាយទៅជា កីឡាករជំនាញ់ទៀតផង។
ដោយមើលឃើញពីភាពរីកចម្រើននេះ លោកបណ្ឌិត អូន ព័ន្ធមុនីរ័ត្ន បានតាំងចិត្តខ្ពស់ដើម្បីជំរុញកីឡាការ៉ាតេដូកម្ពុជា ឲ្យមានសកម្មភាពកាន់តែច្រើន លើឆាកអន្ដរជាតិ។ ជាក់ស្ដែងក្នុងពិធីបំពាក់ខ្សែក្រវាត់ខាងលើ លោកបានកំណត់គោលដៅថា «សហព័ន្ធនឹងជំរុញកីឡាករការ៉ាតេដូកម្ពុជាណា មានសមត្ថភាពខ្ពស់ ឲ្យមានឈ្មោះក្នុងការប្រកួតកីឡាអូឡាំពិកឆ្នាំ២០២០ នៅទីក្រុង Tokyo ។ ចំណែកការប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៣វិញ សហព័ន្ធបានតាំងចិត្តដណ្ដើមមេដាយឲ្យបានច្រើនជាងគេផងដែរ»។
ឆ្លៀតក្នុងឱកាសនោះលោក ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ក៏បានថ្លែងកោតសរសើរ ចំពោះយុទ្ធសាស្ដ្រដ៏ច្បាស់លាស់របស់ថ្នាក់ដឹកនាំសហព័ន្ធ និងជំរុញកីឡាករ-កីឡាការិនីឲ្យបន្ដការខិតខំហ្វឹកហាត់ ដើម្បីរួមដំណើរឆ្ពោះទៅ រកភាពជោគជ័យទាំងអស់គ្នា ។ លោករំពឹងថា កីឡាអូឡាំពិកឆ្នាំ២០២០ នឹងមានវត្តមានកីឡាករការ៉ាតេដូកម្ពុជា ព្រោះលោកជឿជាក់លើការខិតខំរបស់កីឡាករ ស្របពេលកីឡាការ៉ាតេដូ គឺជាប្រភេទកីឡាអូឡាំពិកស្រាប់។
គួរបញ្ជាក់ថា សម្រាប់ថ្នាក់ដឹកនាំកីឡាការ៉ាតេដូ ដែលត្រូវបានបំពាក់ខ្សែក្រវាត់កាលពីម្សិលមិញ រួមមានលោកបណ្ឌិត អូន ព័ន្ធមុន្នីរត្ន័ ទទួលបានខ្សែក្រវាត់កម្រិត ៧ដាន់, លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ទទួលបានខ្សែក្រវាត់កម្រិត ៦ដាន់, លោក បាន សុរសក្ដ័ ទទួលបានខ្សែក្រវាត់កម្រិត ២នាន់ និងលោក សាមឺឌី ស៊ីវឌ្ឍនា អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡាទទួលបានខ្សែក្រវាត់ខ្ពស់ជាងគេ កម្រិត ៨ដាន់ ដែលប្រគល់ដោយសហព័ន្ធកីឡាការ៉ាតេដូជប៉ុន៕