(កំពង់ស្ពឺ)៖ មន្ដ្រីនគរបាល២នាក់ ដោយក្នុងនោះម្នាក់ស្លាប់ និងមា្នក់រងរបួសធ្ងន់ ព្រោះតែរថយន្ដកុងទីន័របុកពេញទំហឹងពេលកំពុងជិះម៉ូតូ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងនៅយប់ថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៧ ​នៅចំណុចមុខក្លោងទ្វាវត្តចំណារ ចន្លោះគីឡូម៉ែត្រ៥០-៥១ ស្ថិតនៅភូមិផ្សាសាមគ្គី សង្កាត់កណ្តោលដុំ ក្រុងច្បារមន។

នគរបាលមូលដ្ឋានបានឲ្យដឹងថា ជនរងគ្រោះទាំង២ដែលជាមន្ដ្រីនគរបាលនោះ ទី១៖ លោកអនុសេនីយ៍ទោ ​ប៉ាត សារិន ​អាយុ៥៥ឆ្នាំ រស់នៅភូមិបុរីកម្មករ សង្កាត់ច្បារមន ក្រុងច្បារមន តួនាទីនាយផ្នែកបច្ចេកទេស បានស្លាប់កន្លែងកើតហេតុ និងទី២៖ លោកអនុសេនីយ៍ត្រី ឆាង សុភា ​អាយុ៤៦ឆ្នាំ រស់នៅភូមិញ សង្កាត់កណ្តោលដុំ ក្រុងច្បារមន តួនាទីនាយផ្នែកបទល្មើសគ្រឿងញៀន រងរបួសធ្ងន់ធ្ងន់។

ក្រោយបង្កហេតុ ជនបង្ក​បានរត់បាត់បន្សល់ទុកតែរថយន្ដ ដោយឡែកជនរងរបួសបញ្ជូនទៅមន្ទីរពេទ្យខេត្ត ចំពោះសាកសពក្រុមគ្រួសារយកធ្វើបុណ្យតាមប្រពៃណី៕