(ភ្នំពេញ)៖ រដ្ឋមន្រ្តីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ បានរំលឹកនៅលើទំព័រ Facebook របស់លោកថា នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៧នេះ គឺជាខួប ១០ឆ្នាំ នៃការបាត់ខ្លួនប្អូនប្រុសពៅរបស់លោក គឺលោក ខៀវ ថានវិចា។ លោករដ្ឋមន្រ្តីថា ការបាត់ខ្លួនប្អូនប្រុសរបស់លោក ជាអំពើរបស់ពួកឧក្រិដ្ឋជន។ បើទោះបីការបាត់ខ្លួនប្អូនប្រុសរបស់លោកបានកន្លងផុតទៅអស់រយៈពេល ១០ឆ្នាំទៅហើយក្តី តែលោក ខៀវ កាញារីទ្ធ នៅតែរំពឹងថា ក្រុមឧក្រិដ្ឋជននឹងត្រូវបានវែកមុខ។
លោករដ្ឋមន្រ្តី បានបញ្ជាក់លើទំព័រ Facebook របស់លោកយ៉ាងដូច្នេះ «ថ្ងៃនេះជាខួបទី១០ នៃការបាត់ខ្លួនរបស់ប្អូនប្រុស ខៀវ ថានវិចា ដែលជាអំពើរបស់ពួកឧក្រិដ្ឋជន។ សង្ឃឹមវិញ្ញាណក្ខន្ធប្អូនបានទៅសោយសុខ ហើយ ពួកឧក្រិដ្ឋជននឹងត្រូវបានវែកមុខ»។
លោក ខៀវ ថានវិចា ដែលត្រូវបានគេស្គាល់ថា ជាអ្នកផលិតកុន និងជាតារាសម្តែងផងនោះ បានបាត់ខ្លួនសូន្យឈឹងកាលពីឆ្នាំ២០០៧ ដោយមិនមាននរណាម្នាក់ដឹងពីមូលហេតុនោះឡើយ សូម្បីតែក្រុមគ្រួសារ។
លោក ខៀវ កាញារីទ្ធ តែបានរំលឹកពីការបាត់ខ្លួនប្អូនប្រុសរបស់លោកជារៀងរាល់ឆ្នាំ។ កាលពីឆ្នាំ២០១៦ លោក ខៀវ កាញារីទ្ធ បានចាត់ទុកការបាត់ខ្លួនប្អូនប្រុសរបស់លោក គឺជាដំបៅជាប់នៅក្នុងបេះដូងរបស់លោក ហើយលោកនៅតែគិតថា ថ្ងៃណាមួយលោកនឹងដឹងពីរឿងនេះ៕