(ភ្នំពេញ)៖ របាយការណ៍បង្ក្រាបបទល្មើសនេសាទ របស់គណៈកម្មការបង្ក្រាបទល្មើសនេសាទ លើផ្ទៃបឹងទន្លេសាប និងកន្លែងនេសាទខុសច្បាប់នានា បានឲ្យដឹងថា រយៈពេលជាង១ខែ ពោលចាប់ពី ចុងឆ្នាំ២០១៦ រហូតដល់ថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៧ កងកំលាំងអនុវត្តច្បាប់បង្ក្រាប បទល្មើសនេសាទបាន ប្រមាណ៣២៨ករណី ក្នុងនោះ កំលាំងបានបំផ្លាញចោល និងរក្សាទុកភស្តុតាង បាន៣១៦ករណី និងឃាត់ខ្លួនជនល្មើស៣៧រូប និងពិន័យ៥ករណី។
កិច្ចប្រជុំគណៈកម្មការបង្ក្រាបទល្មើសនេសាទ លើផ្ទៃបឹងទន្លេសាប និងកន្លែងនេសាទខុសច្បាប់នានា នៅទីស្តីការក្រសួងមហាផ្ទៃ នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៧ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានស្នើឲ្យថ្នាក់ដឹកនាំ និងមន្ត្រីអនុវត្តច្បាប់ពាក់ព័ន្ធ បន្តបើកវិធានការស៊ើបអង្កេតស្រាវជ្រាវរកមេក្លោង មេឈ្មួញប្រព្រឹត្តបទល្មើសនេសាទ ដើម្បីឲ្យបទល្មើសជលផលនេសាទ បន្តធ្លាក់ចុះទៀត។
នាយឧត្តមសេនីយ គៀត ច័ន្ទថារឹទ្ធ អគ្គស្នងការរងរនគរបាលជាតិ បានដកស្រង់សម្តី សម្តេចក្រឡាហោម ស ខេង ក្នុងកិច្ចប្រជុំថា បន្ទាប់ពីស៊ើបអង្កេតស្រាវជ្រាវ តាមឃាត់ខ្លួនមេក្លោង មេឈ្មួញកែនប្រជាពលរដ្ឋ ប្រព្រឹត្តិបទល្មើសនេសាទបានហើយ ត្រូវចាប់ខ្លួនចាត់វិធានការអនុវត្តច្បាប់ ដោយគ្មានលើកលែង បញ្ជូនទៅតុលាការ ដាក់ពន្ធនាគារទៅតាមផ្លូវច្បាប់។
នាយឧត្តមសេនីយ៍បន្ថែមថា សកម្មភាពការបង្ក្រាបបទល្មើសនេសាទ កន្លងមកគឺបានធ្វើឡើងប្រឈមភាពលំបាកដូចវែកចក ប៉ុន្តែទន្ទឹមនឹងនោះ គឺមានជនល្មើសជាច្រើន បានឃាត់ខ្លួនបញ្ជូនទៅតុលាការ និងមួយចំនួនត្រូវបាននាំខ្លួនធ្វើការណែនាំ ហើយបើមិនរាងចាល គឺត្រូវចាត់វិធានអនុវត្តច្បាប់ ចាប់បញ្ជូនទៅតុលាការផងដែរ៕