(ភ្នំពេញ)៖ យ៉ាងហោចណាស់ ប្រជាពលរដ្ឋចំនួន១១នាក់បានស្លាប់ និង២២នាក់រងរបួសធ្ងន់ស្រាល ក្នុងគ្រោះថ្នាក់ចរាចរណ៍ ទូទាំងប្រទេសកម្ពុជា នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៧ម្សិលមិញ ដែលជាថ្ងៃសែនចូលឆ្នាំចិន នេះបើតាមរបាយការណ៍ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ។

របាយការណ៍បានបញ្ជាក់ថា នៅថ្ងៃម្សិលមិញ គ្រោះថ្នាក់ចរាចរណ៍បានកើតឡើងទូទាំងប្រទេសចំនួន ១៦លើកបណ្តាលឲ្យខូចខាតម៉ូតូ ១៤គ្រឿង រថយន្តតូច៨គ្រឿង រថយន្តធំ១គ្រឿង ហើយមូលហេតុដែលបណ្តាលឲ្យគ្រោះថ្នាក់រួមមាន ល្បឿនលឿន៧លើក ស្រវឹង៣លើក មិនគោរពសិទ្ធិ៣លើក បត់គ្រោះថ្នាក់១លើក ងងុយដេក១លើក និងប្រជែង១លើក។

ជាមួយគ្នានេះ ក្នុងឱកាសបុណ្យចូលឆ្នាំចិន-វៀតណាមនេះ ឧត្តមសេនីយ៍ឯក រុន រ័ត្នវាសនា ប្រធាននាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ សូមអំពាវនាវអោយបងប្អូនអ្នកប្រើប្រាស់ផ្លូវទាំងអស់ សូមចូលរួមគោរពច្បាប់ចរចរណ៍ផ្លូវគោក ដោយមិនត្រូវមិនត្រូវបើកបរ ក្នុងស្ថានភាពស្រវឹង និងបើកបរល្មើសល្បឿនកំណត់ឡើយ។

លោកឧត្តមសេនីយ៍ បានបញ្ជាក់ថា​ ក្នុងករណីបើកបរក្នុងស្ថានភាពស្រវឹង សមត្ថកិច្ចនឹងធ្វើការឃាត់ និងពិន័យតាមអនុក្រឹត្យលេខ៨៥ ឬបញ្ជូនទៅតុលាការតាមមាត្រា៧៧ នៃច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក (ករណីស្រវឹងលើស កម្រិតច្បាប់កំណត់)។

គួររំលឹកផងដែរថា ក្នុងឱកាសបុណ្យចូលឆ្នាំចិន-វៀតណាមកាលពីឆ្នាំ២០១៦ មានមនុស្សស្លាប់ដោយសារ គ្រោះថ្នាក់ចរាចរណ៍ចំនួន៤១នាក់ និងក្នុងចំណោមគ្រោះថ្នាក់៨០ករណី៕
 ​