(ព្រះសីហនុ)៖ លោក អូស្មាន ហាស្សាន់ រដ្ឋមន្រ្តីប្រតិភូអម នាយករដ្ឋមន្ត្រី និងជាអនុប្រធានក្រុមការងារបច្ចេកទេស ហាឡាលកម្ពុជា នៅរសៀលថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៧ បានទទួលជួបពិភាក្សាការងារ ជាមួយគណៈប្រតិភូម៉ាឡេស៊ី ដែលដឹកនាំដោយ លោក Datuk Seri Rizuan Abdul Hamid អគ្គនាយកក្រុមហ៊ុនអភិវឌ្ឍន៍ហាឡាលម៉ាឡេស៊ី Halal Deve lopment Corporation រួមនឹងក្រុមប្រឹក្សាអ្នកបច្ចេកទេសជាន់ខ្ពស់ ម៉ាឡេស៊ី នៅស្នាក់ការកសិដ្ឋាន ផលិតសាច់គោ ក្រុងព្រះសីហនុ។
លោក អូស្មាន ហាស្សាន់ បានបញ្ជាក់ថា ជំនួបពិភាក្សារវាងក្រុមការងារអ្នកបច្ចេកទេសកម្ពុជា និងម៉ាឡេស៊ី គឺដើម្បីពិភាក្សា លើទុវិនិយោគរបស់
ក្រុមហ៊ុនអភិវឌ្ឍន៍ហាឡាលម៉ាឡេស៊ី Halal Deve lopment Corporation លើទឹកប្រាក់៥០លានដុល្លារ ដោយសហការជាមួយ ក្រុមហ៊ុន SNL Meat Supplies Pty Ltd ដែលជាកសិដ្ឋាន សំឡេះគោអូស្រ្តាលីធំជាងគេនៅអាស៊ី និងធំទី២លើពិភពលោក បន្ទាប់ពីប្រទេសអូស្រ្តាលី ក្នុង១ម៉ោងអាចសំឡេះគោបាន ៥០-៦០ក្បាល និងទទួលបានសាច់ទម្ងន់ ៦០០-១,០០០គីឡូក្រាម សម្រាប់ផ្គត់ផ្គង់លើទីផ្សារជាតិ និងអន្តរជាតិ ជាពិសេស នៅលើទីផ្សារនៅអារ៉ាប់ និងអឺរ៉ុប។
លោកបន្ដថា ក្រុមការងារហាឡាល ម៉ាឡេស៊ី Hub Halal JAKIM រួមនឹងក្រុមការងារបច្ចេកទេសហាឡាលកម្ពុជា ក្រោយពីបានសិក្សាលម្អិត ស្តីពីនិតិវិធីហាឡាល ៣ថ្ងៃ ក្រុមការងារក៏ចុះពិនិត្យចំពោះខ្សែចង្វាក់ ក្នុងការអនុវត្តន៍ជាក់ស្តែង ការផលិតសាច់គោនៅកសិដ្ឋាន រួចក្រុមការងារ ក៏ជ្រើសរើស យកក្រុមហ៊ុន SNL ដើម្បីសិក្សាសម្រេចចុងក្រោយ និងជ្រើសរើសយកមកធ្វើជាដៃគូ វិនិយោគនៅកម្ពុជា។
លោក អូស្មាន ហាស្សាន់ បន្ថែមថា ជាមួយគ្នានេះ ម៉ាឡេស៊ីក៏បានចូលរួមចំណែកអភិវឌ្ឍន៍លើកស្ទួយ សហគមន៍ឥស្លាមកម្ពុជាតាមរយៈ ជំនួយឧបត្ថម្ភមនុស្សធម៌ ផ្សេងៗដូចជា ការផ្តល់អាហារូបករណ៍ដល់សិស្សនិស្សិត បានបន្តការសិក្សានៅតាមសកលវិទ្យាល័យនានា នៅប្រទេសម៉ាឡេស៊ី បានចូលរួមកសាងវិហារ, សាលារៀន, វគ្គបណ្តុះបណ្តាលគ្រូបង្រៀន, សិក្ខាសាលាជំនាញ ហិរញ្ញវត្ថុឥស្លាម, ការគ្រប់គ្រងវិស័យហាឡាល, ការប្រមូលវិស័យវ៉ាហ្គាហ្វ (ទាយជ្ជទាន) គ្រប់គ្រងវិស័យហ្សាកាត់ (ការបរិច្ចាគទ្រព្យ) បច្ចេកទេសគ្រប់គ្រងហាជ្ជី (ការធ្វើធម្មយាត្រា) បច្ចេកវិទ្យា ឧបត្ថម្ភដល់កុមារកំព្រា កម្មវិធីស្រាយបួស និងជំនួយគ្រោះធម្មជាតិជាដើម៕