(ភ្នំពេញ)៖ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បានបង្ខំចិត្តព្យួរសមាជិកភាពខេមរសហព័ន្ធយូដូ ជាផ្លូវការហើយ បន្ទាប់ពីទទួល បណ្ដឹងរបស់អនុប្រធានសហព័ន្ធទាំងពីរ។ ប៉ុន្ដែការព្យួរនេះ ត្រូវបានថ្នាក់ដឹកនាំសហព័ន្ធកើតទុក្ខមិនសុខចិត្ត រហូតសុំកិច្ចអន្ដរាគមន៍ពី សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា ដោយចោទប្រកាន់លោក វ៉ាត់ ចំរើន អគ្គលេខាធិការ NOCC ជាអ្នកជ្រៀតជ្រែក និងបង្កឲ្យកើតមានការព្យួរសហព័ន្ធបែបនេះ។
ក្រោយទទួលការចោទប្រកាន់លើលោក វ៉ាត់ ចំរើន បែបនេះ មន្ដ្រីជាន់ខ្ពស់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានច្រានចោលការចោទប្រកាន់ខាងលើ និងបកស្រាយថា ករណីព្យួរខេមរសហព័ន្ធយូដូនេះ មិនពាក់ព័ន្ធលោក វ៉ាត់ ចំរើន ឡើយ គឺគណៈកម្មាធិការប្រតិ បត្តិសម្រេចតាមពាក្យបណ្តឹងរបស់អនុប្រធានយូដូទាំងពីរ។
មន្រ្តីជាន់ខ្ពស់ដដែលនេះ បានពញ្ជាក់ទៀតថា ការព្យួរសមាជិកភាពនេះ ជាការព្រមាន និង ជំរុញសហព័ន្ធមួយនេះរៀបចំមហាសន្និបាតឲ្យបានត្រឹមត្រូវ។ ចំពោះការស្នើសុំធ្វើមហាសន្និបាត NOCC និងក្រសួងអប់រំ បានណែនាំឲ្យរៀបចំប្រកបដោយតម្លាភាព ឯកភាពគ្នារវាងសមាជិក គ្រូបង្វឹក និងព្រឹទ្ធាចារ្យកីឡាយូដូជាមុនសិន។
សូមបញ្ជាក់ថា កាលពីថ្ងៃទី១០ ខែមករា កន្លងទៅ លោក អ៉ឹម សុខា អនុប្រធានសហព័ន្ធទី១ និង លោក ម៉ៅ សុវឌ្ឍន៍ អនុប្រធានសហព័ន្ធទី២ បានដាក់សំណើសុំកិច្ចអន្ដរាគមន៍ពី NOCC ដោយបញ្ជាក់ថា ការដឹកនាំរបស់ប្រធានមានលក្ខណៈអត្តនោម័ត និងគ្រួសារនិយម ។
តាមដដែលនោះអនុប្រធានទាំងពីរ បានបន្ថែមថា ព្រោះតែគ្មានការប្រជុំប្រចាំខែ ត្រីមាស ឬ ប្រចាំឆ្នាំ ជាហេតុធ្វើឲ្យសមាជិកភាគច្រើនមិនដឹងពីផែនការ និងគ្មានព័ត៌មាន។ មិនតែប៉ុណ្ណោះបច្ចេកទេសរបស់កីឡាករ កីឡាការិនីធ្លាក់ចុះ ព្រោះការហ្វឹកហាត់ខ្វះគុណភាព ទាមទារឲ្យមានការចូលរួមពីគ្រូជាតិ-អន្ដរជាតិ ខ្វះផែនការពង្រឹងពង្រីកក្លឹបឲ្យបានច្រើនថែមទៀត។
ដោយតាមពាក្យបណ្តឹងនេះ លោក ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងជាប្រធាន NOCC ក៏សម្រេចព្យួរខេមរសហព័ន្ធយូដូ។ ក្នុងសេចក្តីសម្រេចនោះ លោក ថោង ខុន បានបញ្ជាក់ទៀតថា សហព័ន្ធ ក្លឹប សមាគម និងព្រឹទ្ធាចារ្យ គ្រូយូដូ ពិសេសក្រុមគ្រួសារយូដូទាំងអស់ត្រូវរួមគ្នា សម្របសម្រួលរៀបចំគណៈកម្មការទ្រទ្រង់មួយ ដើម្បីនិរន្តរភាពការងាររដ្ឋបាលបច្ចេកទេស ជាបណ្ដោះអាសន្ន។
លោក វ៉ាត់ ចំរើន ធ្លាប់បានព្រមានតាំងពីដើមឆ្នាំ២០១៦ មកម្ល៉េះថា គ្រប់សហព័ន្ធកីឡាជាតិទាំងអស់ ត្រូវមានការឯកភាពផ្ទៃក្នុង ដើម្បីសម្រួចទិសដៅស៊ីហ្គេមឆ្នាំ២០២៣ នៅពេលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ហើយឆ្នាំ២០១៧ ជាឆ្នាំគិតគូរពីការពង្រឹងផ្នែកបច្ចេកទេសវិញម្ដង។ ប៉ុន្ដែបើសិនចប់ឆ្នាំ២០១៦ហើយ សហព័ន្ធណាមិនទាន់មានការឯកភាពផ្ទៃក្នុងនោះ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា នឹងព្យួរហើយ ដើម្បីជាការព្រមាន ។
គួរបញ្ជាក់ថា ខេមរសហព័ន្ធយូដូ គឺមានលោក ឡាច វុទ្ធី ជាប្រធានសហព័ន្ធ និងមានអ្នកស្រី ចាន់ ជៀន ត្រូវជាភរិយារបស់លោក ឡាច វុទ្ធី គឺជាអគ្គហេរញ្ញិក៕