(ភ្នំពេញ)៖ ទេសរដ្ឋមន្ដ្រី សេរី កុសល អនុប្រធានទី១ អាជ្ញាធរមីនកម្ពុជា បានបញ្ជាក់ប្រាប់អង្គភាព Fresh News ដោយបង្ហាញនូវហេតុផលសំខាន់ៗ៣ចំណុច ដែលសហរដ្ឋអាមេរិក មិនអាចប្រែក្រឡះបាន ហើយត្រូវតែលុបបំណុលពីកម្ពុជា និងផ្តល់ជំនួយក្នុងការដោះមីន ដែលពួកគេបានទម្លាក់ លើកទឹកដីកម្ពុជាឲ្យអស់។
ហេតុផល៣ចំណុច ដែលលោកទេសរដ្ឋមន្ដ្រី បានលើកឡើងរួមមាន៖
១៖ បំណុលដែលកម្ពុជាជំពាក់ គឺកើតឡើងក្នុងសម័យ ដឹកនាំដោយលោក លន់ នល់ ដែលជារដ្ឋាភិបាលមិនស្របច្បាប់ កើតឡើងពីរដ្ឋប្រហារ ទំម្លាក់សម្ដេច ព្រះបាទ នរោត្តម សីហនុ។ ដូច្នេះមិនត្រូវគិតបញ្ជូលបំណុល ជាមួយរាជរដ្ឋាភិបាលស្របច្បាប់ ដោយកើតឡើងពីការបោះឆ្នោតឡើយ។
ទី២៖ រដ្ឋាភិបាលរបស់លោក លន់ នល់ គឺជាការលើកបន្តុប ដោយសាហរដ្ឋអាមេរិកខ្លួនឯង ហើយជារដ្ឋភិបាលដែលរលាយ ដោយសារចាញ់សង្គ្រាម មិនមែនរលាយដោយការបោះឆ្នោតឡើយ ដូច្នេះហេតុអ្វីក៏បំណុលនេះ ត្រូវធ្លាក់មកលើរាជរដ្ឋាភិបាលជំនាន់ក្រោយ។
ទី៣៖ នៅសម័យរដ្ឋាភិបាលកម្ពុជា ប្រជាធិបតេយ្យ ឬរបបខ្មែរក្រហម ឡើងកាន់អំណាច ហេតុអ្វីបានសហរដ្ឋអមេរិក មិនព្រមទាមទារបំណុល ពីរដ្ឋាភិបាលនោះទៀត។ ពិសេសជាងនេះ នៅក្រោយថ្ងៃ៧ មករា ឆ្នាំ១៩៧៩ ខ្មែរក្រហមត្រូវបានអង្គការសហប្រជាជាតិ (UN) ទទួលស្គាល់ ជាសមាជិក ហេតុអ្វីពេលនោះ អាមេរិកមិនទារបំណុលទៅ ហើយទើបតែមកទាមទារ ពីរាជរដ្ឋាភិបាលបច្ចុប្បន្ន។
បញ្ហានេះ លោកទេសរដ្ឋមន្ត្រី ចាត់ទុកថា សហរដ្ឋអាមេរិកមានឈាមខ្មៅចំពោះកម្ពុជា និងជាប្រទេសមហាអំណាច ដែលគេចវេសមិនទទួលខុសត្រូវ នៅអំពើដ៏ព្រៃផ្សៃរបស់ខ្លួន។
លោកទេសរដ្ឋមន្ត្រី សេរី កុសល បានសម្ដែងនូវក្ដីខកចិត្តយ៉ាងខ្លាំង ចំពោះសហរដ្ឋអាមេរិក ដែលគេស្គាល់ជាប្រទេសមហាអំណាចពិភពលោក ប៉ុន្ដែបែរជាគេចវេសមិនទទួលខុសត្រូវ លើការទម្លាក់គ្រាប់បែក សម្លាប់ប្រជាពលរដ្ឋខ្មែរស្លូតត្រង់ ជាងកន្លះលាននាក់ ហើយបានបន្សល់ទុកនូវគ្រាប់បែក និងគ្រាប់មីនរាប់លានគ្រាប់កប់ ក្នុងដីប្រទេសកម្ពុជា។
ជាមួយគ្នានេះ លោកទេសរដ្ឋមន្រ្ដី សេរី កុសល បានសម្ដែងនៅក្ដីគាំទ្រយ៉ាងពេញទំហឹងចំពោះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ដែលបានថ្លែងចំនួន២លើក ដោយលើកទី១ក្នុង ពិធីបុណ្យសមុទ្រ ក្នុងខេត្តព្រះសីហនុ និងលើកទី២កាលពីពេលថ្មីៗនេះ ក្នុងឱកាសដែលសម្ដេចអញ្ជើញចូលរួម ក្នុងវេទិការសេដ្ឋពិភពលោក ដោយទាមទារឲ្យរដ្ឋាភិបាល របស់សហរដ្ឋអាមេរិកថ្មី លោក ដូណាល់ ត្រាំ ពិចារណាលុបចោលបំណុល ដែលកម្ពុជាជំពាក់ក្នុងសម័យ រដ្ឋាភិបាលមិនស្របច្បាប់ លន់ នល់ ប្រមាណជិត៤០០លានដុល្លារ។
លោកទេសរដ្ឋមន្រ្ដីបានថ្លែងយ៉ាងដូច្នេះថា «ក្នុងនាមខ្ញុំ ខ្ញុំចាត់ទុកថា បំណុលរបស់អាមេរិក គឺជាបំណុលឈាមសុទ្ធសាធ។ នៅពេលនេះហើយ ដែលខ្មែរគ្រប់រូបត្រូវមើលឃើញ ពីបេះដូងអាមេរិកាំងថា មានឈាមខ្មៅ ឬក្រហម។ ខ្ញុំជឿជាក់ថា ប្រជាជននៅក្នុងប្រទេស និងអាចក្រៅប្រទេសផងដែរ ដែលមានឈាមជ័រជាខ្មែរ បានឃើញច្បាស់ពីអាមេរិក ហើយបើអាមេរិកមានឈាមក្រហម ត្រូវទទួលខុសត្រូវចំពោះបញ្ហាដែលខ្លួន បានប្រព្រឹត្តិចំពោះប្រជាជនខ្មែរ»។
ជាមួយគ្នានេះដែរ លោកទេសរដ្ឋមន្រ្ដីបានលើកឡើងទៀតថា សហរដ្ឋអាមេរិក បើទោះបីដឹងថា ខ្លួនបានធ្វើឲ្យប្រទេសកម្ពុជារង នៅទុក្ខវេទានា ដោយសារការទម្លាក់គ្រាប់បែក រាប់លានគ្រប់យ៉ាងណាក្ដី ក៏ប្រទេសនេះ មិនដែលផ្ដល់ជំនួយដល់អាជ្ញាធរមីនឡើយ ដោយពួកគេធ្វើការ និងផ្ដល់ជំនួយទៅឲ្យតែអង្គការក្រៅរដ្ឋាភិបាលរបស់ពួកគេតែប៉ុណ្ណោះ ហើយរបាការណ៍ជំនួយ និងផ្ទៃដីដោះមីន គឺធ្វើឡើងស្រេចតែចិត្តពួកគេប៉ុណ្ណោះ។
លោកទេសរដ្ឋមន្រ្ដី សេរី កុសល បានលើកឡើងទៀតថា «បើសហរដ្ឋអាមេរិកជា ប្រទេសមហាអំណាចពិតប្រាកដ ហើយមានឈាមក្រហម មិនខ្មៅនោះ ត្រូវតែលុបបំណុល ដែលខ្ញុំចាត់ទុកថា ជាបំណុលឈាមពីកម្ពុជាចោល ហើយត្រូវផ្ដល់ជំនួយ ដើម្បីបោសសំអាតមីន និងជួយដល់ជនពិការ តាមរយៈអង្គការ UNDP របស់ពួកគេ ដើម្បីជួយជនរងគ្រោះ ដោយសារគ្រាប់មីន របស់សហរដ្ឋអាមេរិក ដែលបានទម្លាក់លើទឹកដីរបស់កម្ពុជា និងដោះគ្រាប់បែករបស់ពួកគេឲ្យអស់»។
លោកទេសរដ្ឋមន្រ្ដីក៏បាន សំដែងនូវសេចក្ដីជឿរជាក់ថា ប្រជាជនខ្មែរដែលមានឈាមជ័រ និងសញ្ជាតិជាខ្មែរច្បាស់ជា គាំទ្រយ៉ាងខ្លាំង ចំពោះប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលទាមទារឲ្យអាមេរិកលុបចោល ឬបង្វែរជំនួយជួយដល់ប្រទេសកម្ពុជា។
បើតាមលោកទេសរដ្ឋមន្ត្រី សេរី កុសល ប្រទេសកម្ពុជា ត្រូវការជំនួយប្រមាណ៤០៦លានដុល្លារទៀត ដើម្បីបន្តសកម្មភាពដោះមីននៅកម្ពុជា ឲ្យអស់នៅរយៈពេល១០ឆ្នាំទៀត៕