(ភ្នំពេញ)៖ ទេសរដ្ឋមន្ត្រី សេរី កុសល អនុប្រធានទី១ អាជ្ញាធរមីនកម្ពុជា បានថ្លែងបញ្ជាក់ថា កម្ពុជាត្រូវការជំនួយយ៉ាងតិច ៤០៦លានដុល្លារអាមេរិកថែមទៀត ដើម្បីបម្រើបេសកកម្ម បោសសំអាតមីនឲ្យអស់ ត្រឹមឆ្នាំ២០២៥។
ក្នុងជំនួបពិភាក្សាការងារ រវាងលោកទេសរដ្ឋមន្ត្រី សេរី កុសល និង ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា នាពេលថ្មីៗនេះ លោកទេសរដ្ឋមន្ត្រី បានស្នើដល់ភាគីចិន ឲ្យបន្តជួយដល់កម្ពុជា ក្នុងសកម្មភាពបោសសំអាតមីននេះ។
ជាមួយគ្នានេះ លោកទេសរដ្ឋមន្ត្រី ក៏បានសំដែងនូវអំណរគុណ និងដឹងគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះរដ្ឋាភិបាល និងប្រជាជនចិន ក្នុងការរួមចំណែកទាំងថវិកា សម្ភារនិងបច្ចេកទេស ក្នុងការបោសសំអាតមីន មនុស្សធម៌នៅកម្ពុជា។
លោកទេសរដ្ឋមន្ត្រី សេរី កុលស បានសំណូមពរឲ្យរដ្ឋាភិបាលចិន បន្តគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជា ពិសេសលើវិស័យសកម្មភាពមីន ដែលកម្ពុជាត្រូវការថវិកាប្រមាណ ៤០៦លានដុល្លារសហរដ្ឋអាមេរិក ដើម្បីបោសសំអាតមីនឲ្យអស់នៅត្រឹមឆ្នាំ២០២៥។
ចំពោះបញ្ហាជំនួយ ឯកអគ្គរដ្ឋទូត បានសន្យានឹងពាំនាំនូវសំណូមពរ របស់អាជ្ញាធរមី នជូនដល់ថ្នាក់ដឹកនាំរដ្ឋាភិបាលចិន ក្នុងការចូលរួមចំណែកឲ្យកាន់តែច្រើនបន្ថែមទៀត ជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការបោសសំអាតមីនមនុស្សធម៌នៅកម្ពុជា។
បើតាមលោកទេសរដ្ឋមន្ត្រី សេរី កុសល ប្រទេសកម្ពុជានៅមានគ្រាប់មីន រាប់លានគ្រាប់ទៀត ដែលកំពុងគំរាមកំហែងដល់អាយុជីវិត ប្រជាជនខ្មែរ ពិសេសគ្រាប់បែកចង្ក្រាម និងគ្រាប់បែកគីមី ដែលទម្លាក់ដោយសហរដ្ឋអាមេរិក៕