(ភ្នំពេញ)៖ យោងតាមរបាយការណ៍ ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៧ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន៩លើក (យប់៤លើក) បណ្ដាលឲ្យមនុស្សស្លាប់៦នាក់ របួសធ្ងន់៤នាក់ និងរបួសស្រាល៣នាក់។
ប្រភពព័ត៌មានដដែលបញ្ជាក់ថា នៅក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍៩លើកនេះ បណ្ដាលឲ្យខូតខាតម៉ូតូ ចំនួន៨គ្រឿង រថយន្ដធុនតូចចំនួន៤គ្រឿង, រថយន្ដធុនធំ១គ្រឿង ហើយមូលហេតុដែលបណ្ដាលឲ្យកើត មានគ្រោះថ្នាក់ចរាចរណ៍ រួមមានល្មើសល្បឿន៣លើក, មិនប្រកាន់ស្ដាំ៣លើក, ប្រជែង១លើក, ស្រវឹង១លើក។
សូមបញ្ជាក់ថា រយៈពេល២៦ចាប់ពីថ្ងៃទី០១ រហូតដល់ថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៧ មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើង ចំនួន២៩៩លើក បណ្ដាលឲ្យស្លាប់១៤៧នាក់ របួសធ្ងន់ចំនួន២៨០នាក់ និងរងរបួសស្រាលចំនួន១៦២នាក់៕