(បាត់ដំបង)៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានលើកឡើងថា រាជរដ្ឋាភិបាលបានកំពុងលើកទឹកចិត្តមន្ត្រីរាជការ គ្រប់លំដាប់ថ្នាក់ទាំងអស់ «តំណាក់កាល បច្ចុប្បន្ននេះត្រូវការអ្នកបន្តវេន្ត ត្រូវមានសមត្ថភាព ប្រជាប្រិយភាព ឯកភាព សមូហភាពការងារ» ទើបប្រទេសជាតិមានសុខសន្តិភាព ស្ថិរភាពនយោបាយ ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ការកាត់បន្ថយភាពក្រីក្រ និងការបង្កើនប្រសិទ្ធភាព នៃសេវាសាធារណៈឲ្យមានភាពប្រសើរ។
ការលើកឡើងរបស់សម្តេចក្រឡាហោម ស ខេង បានធ្វើឡើងនៅក្នុងឱកាសអញ្ជើញជាអធិបតីភាព ក្នុងសន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០១៦ និងលើកទិសដៅបន្តឆ្នាំ២០១៧ នាព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៧ នៅសាលាខេត្តបាត់ដំបង ដោយមានការចូលរួមពីលោក ច័ន្ទ សុផល អភិបាលខេត្តបាត់ដំបង អភិបាលរងខេត្ត ថ្នាក់ដឹកនាំ មន្ត្រីរាជការ ជុំវិញខេត្ត កងកម្លាំងប្រដាប់គ្រប់ប្រភេទ និងមន្ត្រីរាជការ ជាច្រើនរូបផងដែរ។
លោក ច័ន្ទ សុផល អភិបាលខេត្តបាត់ដំបង បានអានរបាយការណ៍ ឆ្នាំ២០១៦និង ទិសដៅឆ្នាំ២០១៧បន្តរួចមក ឆ្លៀតក្នុងឱកាសនោះផងដែរ សម្តេចស ខេង មានប្រសាសន៍កោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះថ្នាក់ដឹកនាំ មន្រ្តីរាជការគ្រប់ជាន់ថ្នាក់នៃខេត្តបាត់ដំបង ដែលបានខិតខំបំពេញភារកិច្ចរបស់ខ្លួនប្រកប ដោយការទទួលខុសត្រូវខ្ពស់ សម្រេចបានសមិទ្ធផលជាច្រើនគួរជាទីមោទនៈ ជាពិសេសគឺកិច្ចសហការល្អជាមួយ ស្ថាប័នពាក់ព័ន្ធទាំងអស់ និងអាជ្ញាធរដែនដីគ្រប់ជាន់ថ្នាក់ គួបផ្សំការចូលរួមពីសំណាក់អង្គការដៃគូ និងសម្បុរសជននានាផងដែរ៕