(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ នៅថ្ងៃព្រហស្បតិ៍នេះបានថ្លែងថា លោកប្រធានាធិបតីម៉ិកស៊ីកូ អេនរីគ ផេណា នាតូ (Enrique Pena Nieto) គួរតែលុបដំណើរទស្សនកិច្ចមកកាន់រដ្ឋធានីវ៉ាស៊ីនតោន នាពេលឆាប់ៗ ខាងមុខចោលវិញទៅ ប្រសិនបើនៅតែប្រកាន់ ជំហរជាប់មិនព្រមធ្វើការចំណាយលើការ សាងសង់ជញ្ជាំងព្រំដែន រវាងប្រទេស ទាំងពីរទេនោះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅយប់ថ្ងៃព្រហស្បតិ៍ ទី២៦ ខែមករា ឆ្នាំ២០១៧។
លោក ដូណាល់ ត្រាំ បានសរសេរនៅលើបណ្តាញទំនាក់ទំនងសង្គម Twitter យ៉ាងដូច្នេះថា «សហរដ្ឋអាមេរិកមានឱនភាព ពាណិជ្ជកម្មចំនួន៦០ពាន់លានដុល្លារជាមួយនិងប្រទេសម៉ិកស៊ីកូ ហើយតាំងតែពីដំបូងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងបណ្តាប្រទេសនៅតំបន់អាមេរិកខាងជើង (NAFTA) មានភាពលម្អៀង ដែលបានធ្វើឲ្យអាមេរិកបាត់បង់ក្រុមហ៊ុន និងការងារជាច្រើន។ ដូច្នេះបើសិនជាម៉ិកស៊ីកូ ពុំមានឆន្ទៈចំណាយ ថវិកាលើការកសាងជញ្ជាំងដ៏ចាំបាច់នេះទេនោះ វាគឺជារឿងប្រសើរបំផុតក្នុងការលុបចោល ជំនួបពិភាក្សានាពេលខាងមុខនេះ»។
គួរជំរាបថា លោក ដូណាល់ ត្រាំ បានបញ្ជាក់ពីជំហរផ្លូវការរបស់ខ្លួនតែម្តង ទៅលើគំរោងកសាងជញ្ជាំងព្រំដែនដោយលោកទាមទារឲ្យប្រទេសម៉ិកស៊ីកូ «ចេញថ្លៃកសាងឲ្យបាន១០០%ពេញតែម្តង» ចំពោះគំរោងទាំងមូល ក៏ប៉ុន្តែលោក អេនរីគ ផេណា នាតូ បានបញ្ជាក់ជាថ្មីនិងដដែលៗម្ដងទៀតថាម៉ិកស៊ីកូនឹងមិនចេញថ្លៃសាងសង់ ជញ្ជាំងព្រំដែនរបស់លោក ដូណាល់ ត្រាំ ជាដាច់ខាត»៕