(បាត់ដំបង)៖ ទំនិញនាំចូលពីប្រទេសថៃ បង់ពន្ធតិចតួចមួយរថយន្តយីឌុប ត្រូវបានកម្លាំងគយចល័ត ប្រចាំផ្លូវជាតិលេខ៥ស្រាវជ្រាវ ចាប់បានខណ:រថយន្តដឹកទំនិញ គេចពន្ធខាងលើនេះបើកចេញពី ព្រំដែនចូលតាមផ្លូវជាតិលេខ ៥៧B។
ករណីឃាត់រថយន្តដឹកទំនិញ បង់ពន្ធតិចតួចខាងលើនេះ បានប្រព្រឹត្តទៅកាលពីយប់ថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៧ម្សិលមិញនេះ នៅលើផ្លូវជាតិលេខ៥៧B ក្នុងស្រុកបវែល ខេត្តបាត់ដំបង។ មន្ត្រីគយមួយរូបបានអោយដឹងថា ទំនិញគេចពន្ធខាងលើនេះរួមមានភេសជ្ឌៈ ទឹកសណ្ដែកឡេតាសយ និងមីកញ្ចប់មានចំនួនប្រមាណ ២៤០០កេស តែតាមការត្រួតពិនិត្យ គឺបង់ពន្ធតែ ៦០០កេsប៉ុណ្ណោះ។ក្នុងនោះតាមការបង្ហើបពី សមត្ថកិច្ច ទំនិញខាងលើនេះអាចនាំចូល តាមច្រកអូររំដួល។
បច្ចុប្បន្នកម្លាំងគយចល័តបាន នាំយករថយន្តខាងលើយកទៅធ្វើការ រើត្រួតពិនិត្យជាក់ស្ដែងដើម្បីប្រកាស អោយម្ចាស់ចូលខ្លួនមកបង់ពន្ធនិងពិន័យតាមច្បាប់៕