(ភ្នំពេញ)៖ បន្ទាប់ពីក្រុមចោរប្លន់ប្រដាប់អាវុធបាញ់សម្លាប់បុរសម្នាក់ និងធ្វើឲ្យនារីពីរនាក់រងរបួសនៅជិតផ្សារសុវណ្ណា ត្រូវបានចាប់ខ្លួន បង្ហាញមុខជាសាធារណៈនៅរសៀលថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៧នេះ ស្រាប់តែបុរសម្នាក់ជាមន្រ្តីនគរបាលដែរនោះ បានចេញបញ្ជាក់ថា ជនសង្ស័យប្លន់ប្រដាប់អាវុធនេះ ធ្លាប់បានចាប់ខ្លួនម្តងមកហើយកាលពីពីរឆ្នាំមុន ក្នុងបទល្មើសប្លន់ប្រដាប់អាវុធយករថយន្តពីកំពង់ចាម ជិះចូលរាជធានីភ្នំពេញ។
ជាមួយរូបភាពរបស់ជនសង្ស័យដែលបានចាប់ខ្លួនកាលពីពីរឆ្នាំមុន បុរសដែលអះអាងថា ជាមន្រ្តីនគរបាល បានបង្ហោះសារនៅលើ Facebook ឈ្មោះ «Pheap Bo» ដោយបង្ហាញការឌឺដងថា ជនសង្ស័យនេះជាប់ពន្ធនាគារមិនទាន់បានពីរឆ្នាំផងស្រាប់តែរួចខ្លួនមកប្លន់ជាថ្មីទៅវិញ។ បុរសរូបនេះ បានចោទសំណួរបែបឌឺដងថា ប្រហែលជាជនសង្ស័យចេះសីល្ប៍ហែកគុកហើយមើលទៅ ព្រោះជាប់មិន បានពីរឆ្នាំផងរួចខ្លួនទៅហើយ (Sic)។
បុរសដែលមាន Facebook «Pheap Bo» បានបញ្ជាក់ដូច្នេះ «ពួកខ្ញុំទើបតែចាប់ខ្លួនថ្ងៃមុនសោះ ប្លន់ឡាន Camry 07 ពីកំពង់ចាម មកភ្នំពេញ។ មិនទាន់បាន២ឆ្នាំស្រួលបួលផង ចេះសីល្ប៍ហែកទ្វារគុគចេញបាត់។ ទោសស្រាលពេកត្រឹមតែបទល្មើសប្លន់ដោយប្រើអាវុធ បើទោសធ្ងន់ គឺពួកឆក់ត្រីយកទៅស៊ីដើម្បីរស់»។
បុរសរូបនេះ ក៏បានរិះគន់ទៅដល់ចំណាត់ការរបស់តុលាការផងដែរ។ «កងកម្លាំងម្នាក់ៗ គ្មានបានដេកពួន អីទេទម្រាំចាប់បាន ស្រាប់តែពេលពួកអស់លោកជញ្ជីងគាត់ចេញពីឱបស្រីក្នុង karaoke មកយកប៊ិចស៊ីញ៉េខ្វាច់ ដោះលែងអស់ ឃឹមអីទៀតស្រែខ្មុក ចឹងបានជាពួកគាត់ចាយលុយដូចក្រដាស ជិះ៥៧០ នៅសុទ្ធតែស្វីលឡា ចញ្ចឹមស្រីក្មេង៤-១០នាក់លេង»។
បុរសដែលបង្ហាញការអាក់អន់ចិត្តជាមួយចោរដែលខ្លួនចាប់បានហើយ បែរជាត្រូវមានសេរីភាពឡើងវិញ ដោយជាប់គុកមិនបានមួយចំអិនកំពិសរូបនេះ បានធានាអះអាងជាមួយការលើកឡើងរបស់ខ្លួន ហើយមានសំណុំរឿងនៅក្នុងដៃថែមទៀតផង។ «មានអីត្រូវខ្លាច បើក្រុមពួកខ្ញុំជាអ្នកចាប់ បញ្ជូនទៅតុលាការផ្ទាល់សំណុំរឿងមានទាំងអស់ហ្នឹង»។
មន្ត្រីជាន់ខ្ពស់នៃស្នងការដ្ឋានរាជធានីភ្នំពេញ សុំមិនបញ្ចេញឈ្មោះបានថ្លែងឲ្យដឹងថា ខ្មាន់កាំភ្លើងខាងលើនេះ បានធ្វើពុតជាឈឺ ហើយត្រូវបានមន្ត្រីពន្ធនាគារ បញ្ជូនទៅកាន់មន្ទីរពេទ្យ ហើយបានរត់គេចខ្លួនតែម្តង រហូតដល់ចាប់បាននៅពេលនេះ។ មិនមានខាងណាជាអ្នកដោះលែងនោះទេ។
សូមបញ្ជាក់ថា ខ្មាន់កាំភ្លើង និងបក្ខពួកសរុប ២នាក់ ដែលបានប្លន់ និងបាញ់សម្លាប់បុរសម្នាក់ ហើយធ្វើឲ្យនារី២នាក់រងរបួសធ្ងន់ស្រាល នៅជិតផ្សារសុវណ្ណា សង្កាត់ទំនប់ទឹក ខណ្ឌចំការមន កាលពីសប្ដាហ៍មុន ធ្វើឲ្យកក្រើកពេញបណ្តាញសង្គម Facebook តាមរយ:វីដេអូយ៉ាងសហាវនោះ នៅរសៀលថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៧នេះ ត្រូវបាននាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ បង្ហាញមុខសាធារណៈ មុនបញ្ជូនឡើងតុលាការចាត់ការតាមនីតិវិធី។
ការបង្ហាញមុខក្រុមចោរប្លន់បាញ់សម្លាប់នេះ បានធ្វើឡើងក្រោមវត្តមានលោកឧត្តមសេនីយ៍ផ្កាយ៣ សុខ ខេមរិន ប្រធាននាយកដ្ឋានព្រហ្មទណ្ឌ លោកឧត្តមសេនីយ៍ត្រី សុង លី ស្នងការរងនគរបាលរាជធានីភ្នំពេញ ព្រមទាំងមន្រ្តីនគរបាលពាក់ព័ន្ធមួយចំនួនទៀត។
ជនដៃដល់ដែលបាញ់សម្លាប់ជនរងគ្រោះឈ្មោះ អ៊ុំ សួស្ដី ហៅ ពៅក្បាលធំ និងម្នាក់ទៀតឈ្មោះ ចាន់ សុវណ្ណ ហៅប៉ែត (ចាប់បានពីរនាក់ ខណៈម្នាក់ទៀតកំពុងរត់គេចខ្លួន)។
មន្ដ្រីនគរបាល បានប្រាប់អង្គភាព Fresh News នៅព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៧នេះថា ប្រតិបត្តិការតាមវែកមុខ និង ឃាត់ខ្លូនក្រុមប្លន់ប្រដាប់អាវុធដ៏សកម្មនៅក្នុងរាជធានីភ្នំពេញ បានធ្វើឡើងដោយមានកិច្ចសហការវាង កម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ រាជធានីភ្នំពេញ កម្លាំងនគរបាលខណ្ឌចំការមន ជាមួយកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ ក្រោមការសម្របសម្រួលពី លោក សៀង សុខ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ។
មន្ដ្រីនគរបាលបានឲ្យដឹងទៀតថា ជនសង្ស័យទាំង២នាក់ ត្រូវបានឃាត់ខ្លួន កាលពីម៉ោង១៣៖៣០នាទី ថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៧ នៅបន្ទប់ជួលលេខ០០១ ផ្លូវទ្រុងមាន់ ភូមិតាងៅ សង្កាត់និរោធ ខណ្ឌច្បារអំពៅ។ ជាមួយការឃាត់ខ្លួន សមត្ថកិច្ចដកហូតបាន អាវុធ៣ដើម (M16កាត់០១ដើម, ម៉ាក Bareta ចំនួន០១ដើម និងមួយដើមទៀត ប្រភេទអាវុធខ្លី មិនស្គាល់ម៉ាក)។
សូមបញ្ជាក់ថា កាលពីយប់ថ្ងៃទី២១ ខែមករា ឆ្នាំ២០១៧កន្លងទៅ មានករណីតាមប្លន់ដល់មុខផ្ទះ ស្ថិតនៅក្បែរសុវណ្ណា ខណ្ឌចំការមន។ ករណីប្លន់នេះ ក្រុមជនសង្ស័យដែលមានគ្នា៣នាក់ បានប្រតាយប្រតប់យកកាបូប ហើយបាញ់បុរសម្នាក់ ដែលព្យាយាមបើកឡានបុកពួកគេឲ្យស្លាប់បាត់បង់ជីវិត ខណៈដែលនារី២នាក់ទៀត ត្រូវជនសង្ស័យទាត់ធាក់ ឲ្យរងរបួសធ្ងន់ស្រាល។
ក្រុមជនសង្ស័យ ដែលសមត្ថកិច្ចទើបចាប់ខ្លូនបាននេះ ក៏ត្រូវបាននារីរងគ្រោះផ្សេងទៀតអះអាងថា ធ្លាប់បានធ្វើសកម្មភាពប្លន់ពូកគេផងដែរ កាលពីខែធ្នូ ឆ្នាំ២០១៦ តែប្លន់មិនបានសម្រេចព្រោះក្រុមជនរងគ្រោះបានបើករថយន្ដចូលផ្ទះទាន់ពេលវេលា៕