(ត្បូងឃ្មុំ)៖ កម្លាំងនគរបាលខេត្តត្បូងឃ្មុំ បាននិងកំពុងបន្តប្រតិបត្តិការបង្ក្រាបគ្រឿងញៀន តាមបទបញ្ជារបស់រាជរដ្ឋាភិបាល ជាក់ស្តែងនៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៧នេះ កម្លាំងនគរបាលស្រុកពញាក្រែក បានចាប់ខ្លួនជនសង្ស័យ២នាក់ ពីបទរក្សាទុក និងជួញដូរគ្រឿងញៀន ព្រមទាំងដកហូតថ្នាំញៀនមួយចំនួន និងរថយន្ត​មួយគ្រឿងផងដែរ។

អ្វីដែលធ្វើឲ្យចាប់អារម្មណ៍ និងហួសចិត្តនោះ គឺជនសង្ស័យទាំង២នាក់ ជាមន្រ្តីនគរបាលក្រសួងមហាផ្ទៃ ដែលមានឪពុក និងម្តាយជាមន្រ្តីនគរបាលផងដែរ។​ មន្រ្តីនគរបាល​ស្រុកពញាក្រែក បានបញ្ជាក់ថា ប្រតិបត្តិការចាប់ខ្លួនជនសង្ស័យទាំង២នាក់ បានធ្វើឡើងនៅចំណុចត្រពាំងអ្នកតា ស្ថិតនៅភូមិក្បាលដំរី​​ឃុំត្រពាំផ្លុង ស្រុកពញាក្រែក។

មន្រ្តីនគរបាលបានបន្តថា ជនសង្ស័យទាំង២នាក់ រួមមាន: ទី១-ឈ្មោះ ទូចសុគុណ អាយុ៣២ឆ្នាំ ជាមន្ត្រីពន្ធធានាគារ ម៣ (គុកត្រពាំងផ្លុង) និងទី២-ឈ្មោះ ប៉ាល់ សីហា អាយុ១៩ឆ្នាំ បម្រើការងារអង្គភាព នាយដ្ឋានការពារក្រសួងមហាផ្ទៃ។

បើតាមមន្រ្តីនគរបាលដដែល ពេលចាប់ខ្លួននោះ កម្លាំងរកឃើញម្សៅក្រាមពណ៌សរ ចំនួន២កញ្ចប់នៅឈ្មោះទូច សាគុណ កាន់ជិះក្នុងរថយន្តម៉ាក Highlander ពណឹទឹកមាស ពាក់ស្លាកលេខ ភ្នំពេញ 2P-5445។ បន្ទាប់មកកម្លាំងយើងបានឆែករកឃើញនៅក្រោមពូករថយន្តបាន១កញ្ចប់ធំទៀត។

ជុំវិញប្រតិបត្តិការនេះ ស្នងការនគរបាលខេត្តត្បូងឃ្មុំ លោកឧត្តមសេនីយ៍ទោ បែន រ័ត្ន បានបញ្ជាក់ថា «ចំពោះរឿងនេះ ខ្ញុំមិនលើកលែងជាដាច់ខាត ហើយបើមាន​អ្នកណាអន្តរាគមន៍ខ្ញុំនឹងបញ្ជូនឈ្មោះទៅសម្តេចក្រឡាហោម និងឯឩ អគ្គឲ្យជ្រាបតែម្តង ហើយលោក ចាន់គឹមសេង អគ្គនាយកពន្ធនាគារ ក៏បានប្រាប់មកខ្ញុំថា ត្រូវធ្វើតាមច្បាប់យ៉ាងតឹងរឹងបំផុត»

មន្រ្តីនគរបាលម្នាក់សូមមិនបញ្ចេញឈ្មោះ បានលួចបញ្ជាក់ថា សម្រាប់ជនសង្ស័យ ប៉ាល់ សីហា មានឪពុកជានគរបាលអន្តោប្រវេសន៍ច្រកទ្វារត្ររពាំងផ្លុងនិងមានម្តាយជា នគរបាលនៅអគ្គភស្តុភារដែរ ហើយពួកគេទាំង២នាក់ បានធ្វើសកម្មភាពនៅតំបន់នេះយូរមកហើយ តែជាលើកទី១ ដែលកម្លាំងនគរបាលចាប់បាន។

បើតាមមន្រ្តីនគរបាល ចាប់តាំងពីយុទ្ធនាការបង្ក្រាបគ្រឿងញៀនទូទាំងប្រទេសមក នគរបាលខេត្តត្បូងឃ្មុំ៣នាក់ហើយ ដែលត្រូវបានបង្ក្រាប ដោយនគរបាលទី១ បម្រើការងារផ្នែកព្រហ្មទណ្ឌ។

យ៉ាងណាក៏ដោយ ចំពោះជនសង្ស័យម្នាក់ឈ្មោះ  ប៉ាល់ សីហា ត្រូវបានលោកឧត្តមសេនីយ៍ឯក ជឹម សារឿន
ប្រធាននាយកដ្ឋាននគរបាលតម្រួត ការពារបានបដិសេធថា ជននេះបានផ្ទេរទៅ អគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ ហើយពុំមែននៅអង្គភាពលោកទៀតទេ៕