(ភ្នំពេញ)៖ ក្រសួងកិច្ចការនារី បានបង្ហាញជំហររបស់ខ្លួន ក្នុងការគាំទ្រដល់ ចំណាត់ការរបស់ក្រសួងយុត្តិធម៌ ក្នុងការបញ្ជូនសំណើរបស់ តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ រឿងស្រ្តីរកស៊ីផ្លូវភេទម្នាក់ស្លាប់ ទៅកាន់តុលាការ។
តាមរយៈសារខ្លីមួយ ដែលក្រសួងកិច្ចការនារីផ្ញើមកកាន់ Fresh News នៅយប់ថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៧នេះ បានឱ្យដឹងថា «ក្រសួងកិច្ចការនារី បានទទួលលិខិតរបស់តំណាងរាស្ត្រគណះបក្សសង្គ្រោះជាតិ ទាក់ទងនឹងករណីស្ត្រីរកស៊ីផ្លូវភេទម្នាក់ទទួលគ្រោះថ្នាក់លង់ទឹកស្លាប់។. ក្រសួងនឹងជួយជំរុញនីតិវិធីច្បាប់ទៅក្រសួងស្ថាប័នមានសមត្ថកិច្ច»។
ក្រសួងបានបន្ថែមថា «ក្រសួងកិច្ចការនារី សូមគាំទ្រជំហររបស់ក្រសួងយុត្តិធម៌ ដែលគ្រោងបញ្ជូនសំណើតំណាងរាស្ត្រគណៈបក្សសង្គ្រោះជាតិ រឿងស្រ្តីរកស៊ីផ្លូវភេទម្នាក់ស្លាប់ទៅតុលាការ។ រាជរដ្ឋាភិបាល តែងតែយកចិត្តទុកដាក់ក្នុងការពង្រឹងការអនុវត្តច្បាប់ ដោយសហការជាមួយស្ថាប័នតុលការ ដើម្បីផ្តល់យុត្តិធម៌ជូនជនរងគ្រោះ ជាពិសេសស្ត្រី»។
សូមបញ្ជាក់ថា ក្រុមតំណាងរាស្ដ្ររបស់គណបក្សសង្គ្រោះជាតិ នាថ្មីៗនេះ បានស្នើឲ្យរដ្ឋមន្ដ្រីក្រសួងចំនួន៣ ក្នុងនោះរួមមាន៖ ក្រសួងយុត្តិធម៌ ក្រសួងកិច្ចការនារី និងក្រសួងមហាផ្ទៃ ជួយរកយុត្តិធម៌ឲ្យស្ដ្រីរកស៊ីផ្លូវភេទម្នាក់ ដែលលង់ទឹកស្លាប់ដោយសាររត់គេចពីការរៀបចំសណ្ដាប់ធ្នាប់ របស់ក្រុមសន្ដិសុខខណ្ឌដូនពេញ កាលពីពេលកន្លងទៅនេះ។
ក្រោយពីមានសំណើនេះ លោក គឹម សន្តិភាព អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានប្រាប់អង្គភាពព័ត៌មាន Fresh News ឱ្យដឹងនៅយប់ថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៧ថា ក្រសួងយុត្តិធម៌ សម្រេចបញ្ជូនសំណើរបស់តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ទាក់ទឹងនឹងករណីស្រ្តីរកស៊ីផ្លូវភេទម្នាក់ស្លាប់នោះ ទៅកាន់តុលាការ ប៉ុន្តែលោកសង្ឃឹមថា តំណាងរាស្រ្តដែលបានដាក់សំណើនោះ នឹងចូលរួមក្នុងការផ្តល់សក្ខីកមអំពីរឿងនេះដល់តុលាការ។
លោក គឹម សន្តិភាព បានថ្លែងយ៉ាងដូច្នេះថា «ក្រោយពីទទួលបានលិខិតរបស់តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ក្រសួងយុត្តិធម៌ នឹងបញ្ជូនលិខិតនេះ ជូនទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ចែងជាសមត្ថកិច្ច និងសង្ឃឹមថា ឯកឧត្តម លោកជំទាវ តំណាងរាស្ត្រ ជាហត្ថលេខី ចូលរួមផ្តល់សក្ខីកម្ម ដល់ស្ថាប័នមានសមត្ថកិច្ច ស្របតាមការអះអាង និងសន្និដ្ឋានដែលមានក្នុងលិខិតនេះ!»។
សូមជម្រាបថា ស្រ្តីរងគ្រោះមានឈ្មោះ ប៉ែន សុគន្ធា អាយុ៣៣ឆ្នាំ ស្នាក់នៅផ្ទះជួលនៅសង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ និងមានស្រុកកំណើត នៅភូមិពាលញែក២ ឃុំផ្ទះព្រៃ ស្រុកសំពៅមាស ខេត្តពោធិ៍សាត់។ ស្រ្តីរងគ្រោះរូបនេះ បានលង់ទឹកទន្លេស្លាប់ កាលពីរាត្រីថ្ងៃទី០២ ខែមករា ឆ្នាំ២០១៧ ខណៈដែលគាត់បានរត់គេចពី កម្លាំងប្រជាការពារខណ្ឌដូនពេញ ឡើងទូកទេសចរណ៍មួយនៅមាត់ទន្លេ បណ្តាលឲ្យលង់ទឹកទន្លេស្លាប់ នៅខាងមុខ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ។
ទោះជាយ៉ាងណា ក្រោយកើតហេតុភ្លាមៗ លោក ហែម អាន ប្រធានក្រុមប្រឹក្សាខណ្ឌ និងលោក សុខ ពេញវុធ អភិបាលខណ្ឌដូនពេញ រួមជាមួយ សាខាកាកបាទក្រហមខណ្ឌ បាននាំយកអំណោយមួយចំនួន ផ្ដល់ជូនគ្រួសាររបស់សពស្រ្តីរកស៊ីផ្លូវភេទម្នាក់ ដែលបានធ្លាក់ទឹកទន្លេស្លាប់ ដោយសារតែនាង រត់គេចពីក្រុមសន្តិសុខរបស់សាលាខណ្ឌពេលចុះរៀបចំសណ្តាប់ធ្នាប់៕