(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរជាប់សែស្រឡាយចិន ក៏ដូចជាពលរដ្ឋចិននៅកម្ពុជា ឲ្យប្រុងប្រយ័ត្នខ្ពស់ចំពោះភ្លើងទៀនធូបក្នុងដុតក្រដាស់សែនជូនជីដូនជីតា រួមទាំងចរន្តអគ្គិសនីផងដែរប្រការខ្លាចបង្កជា អគ្គិភ័យឆេះផ្ទះសម្តែង។
ទន្ទឹមនិងការឲ្យប្រយ័ត្នប្រយែងចំពោះភ្លើងផ្សែងហើយនោះ សម្តេចតេជោ ហ៊ុន សែន ក៏អំពាវនាវឲ្យមានការប្រយ័ត្នខ្ពស់នៅពេលបើកបរ ទៅកម្សាន្តនៅទីជិតឆ្ងាយ ហើយត្រូវបើកបរដោយគោរពច្បាប់ចរាចរណ៍ និងមិនត្រូវបើកបរក្រោមឥទ្ធិពលជាតិស្រវឹង ដើម្បីបញ្ចៀសគ្រោះ ថ្នាក់ចរាចរ។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់នៅលើទំព័រ Facebook នាល្ងាចថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៧យ៉ាងដូច្នេះ «ពិធីបុណ្យចូលឆ្នាំចិន គឺចាប់ពីថ្ងៃទី ២៧-៣០ ខែមករា ២០១៧ នេះ។ ទន្ទឹមនឹងបងប្អូនប្រារព្ធពិធីអបអរសាទរបុណ្យចូលឆ្នាំចិននេះ សូមបងប្អូនប្រយ័ត្នប្រយែងបំផុតចំពោះភ្លើងទៀនធូបក្នុងពេលដុតក្រដាស់សែនជាដើម រួមទាំងខ្សែភ្លើងអគ្គិសនី គឺត្រូវមានការប្រុងប្រយ័ត្ន ដើម្បីចៀសវាងការឆាបឆេះជាអគ្គិភ័យ ដែលបង្កគ្រោះថ្នាក់ផ្សេងៗ»។
សម្តេចនាយករដ្ឋមន្រ្តីបន្តថា «ទន្ទឹមនឹងនេះដែរ ដើម្បីសុវត្ថិភាព សូមបងប្អូនបើករបរគោរពច្បាប់ចរាចរណ៍ និង សូមកុំផឹកគ្រឿងស្រវឹងពេលបើកបរទៅកាន់ទីជិតឆ្ងាយ ជាពិសេសទៅតាមបណ្តាខេត្ត និង រមណីយដ្ឋានកម្សាន្តនានា»។
ក្នុងឱកាសបុណ្យចូលឆ្នាំចិននេះ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនពរប្រជាពលរដ្ឋជាប់សែស្រឡាយខែ្មរ-ចិន និពលរដ្ឋចិននៅកម្ពុជា ជួបតែសំណាងល្អគ្រប់ៗគ្នា៕