សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា ចេញសេចក្តីថ្លែងការណ៍ គាំទ្រដល់ចំណាត់ការក្រសួងព័ត៌មាន ដែលបិទកម្មវិធីវិទ្យុ ABC លើកញ្ចក់ទូរទស្សន៍ប៉ុស្តិ៍លេខ៣
26-01-2017 18:52
(ភ្នំពេញ)៖ សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា (ស.ស.ស.ក) នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៧នេះ ចេញសេចក្តីថ្លែងការណ៍មួយ បានបង្ហាញជំហរគាំទ្រ ដល់ចំណាត់ការរបស់ ក្រសួងព័ត៌មានចំពោះការបិទកម្មវិធី ABC 3 Spring របស់វិទ្យុ ABC ដែលផ្សាយ នៅលើកញ្ចក់ទូរទស្សន៍ប៉ុស្តិ៍លេខ៣។
សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា បានឱ្យដឹងថា វិធានការនេះ នឹងក្លាយជា «មូលដ្ឋានគំរូ» ដើម្បីក្រសួងមានវិធានការដូចគ្នា ចំពោះអង្គភាព ឬបុគ្គលដទៃទៀត ដែលប្រព្រឹត្ត ប្រាស់ចាកក្រមសីលធម៌វិជ្ចាជីវៈ និងប្រព្រឹត្តខុសច្បា់ប។ ជាមួយគ្នានេះ ស.ស.ស.ក យល់ឃើញថា ការយល់ច្រឡំតួនាទី និងការបំពេញតួនាទី ដោយមិនអនុលោមតាម ក្រមសីលធម៌វិជ្ជាជីវៈ គឺពិតជាបង្កើតស្ថានភាពច្របូកច្របល់ អសីលធម៌ ប៉ាតណាប៉ាតណី និងបង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់សីលធម៌សង្គមជាតិ ញែកប្រជាជន និងនាំដល់បែកបាក់សាមគ្គីជាតិ។
លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន កាលពីថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៧ បានចេញលិខិតមួយ ដោយបង្គាប់ឱ្យទូរទស្សន៍ប៉ុស្តិ៍លេខ៣ ឈប់ជួលម៉ោងឱ្យវិទ្យុ ABC។ នេះបើយោងតាមលិខិតរបស់ក្រសួងព័ត៌មានដែលអង្គភាពព័ត៌មាន Fresh News ទទួលបាន។
លោក ខៀវ កាញារីទ្ធ បានបញ្ជាក់ថា កម្មវិធីនេះ ធ្វើឱ្យមហាជនជាច្រើនរិះគន់ទៅលើពិធីករ ពិធីការិនី ដែលបានប្រព្រឹត្តិនូវអំពើពុំគួរគប្បី ដោយសម្តែងកាយវិការមិនសមរម្យ ការប្រើពាក្យសម្តីខ្វះសីលធម៌ វិជ្ជាជីវៈ ជាអ្នកសារព័ត៌មាន និងបានប្រមាថមើលងាយអ្នកស្តាប់៕
ខាងក្រោមនេះជាសេចក្តីថ្លែងការណ៍របស់ស.ស.ស.ក៖