(ភ្នំពេញ)៖ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ក្នុងនាមជាប្រធានក្រុមប្រទេសអភិវឌ្ឍន៍តិចតួច ក្នុងការចរចាទាញយក ផលប្រយោជន៍ពី អង្គការពាណិជ្ជកម្ម ពិភពលោក (WTO) បានថ្លែងថា កម្ពុជា បានតាំងចិត្តក្នុងការជួយប្រទេសអភិវឌ្ឍន៍តិចតួចដទៃទៀត ឲ្យក្លាយជាសមាជិក WTO តាមរយៈការចែករំលែកចំណេះដឹង និងបទពិសោធន៍។

លោករដ្ឋមន្រ្តី ប៉ាន សូរស័ក្តិ បានថ្លែងបញ្ជាក់ដូច្នេះក្នុងពិធីបិទសិក្ខាសាលាថ្នាក់ជាតិស្តីពី «បញ្ហានានា និង កិច្ចសម្របសម្រួលប្រទេសអភិវឌ្ឍន៍តិចតួច (LDCs)» នៅរសៀលថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៧នេះ។ សិក្ខាសាលានេះរៀបចំឡើងដោយវិទ្យាស្ថានបណ្តុះបណ្តាលពាណិជ្ជកម្ម និង ស្រាវជ្រាវ (TTRI) សហការជាមួយអង្គការពាណិជ្ជកម្មពិភពលោក (WTO)។

លោក ប៉ាន សូរស័ក្តិ បានកោតសរសើរវិទ្យាស្ថាន TTRI និង អង្គការពាណិជ្ជកម្មពិភពលោក ដែលបានសហការផ្តួចផ្តើមបង្កើតឲ្យមានសិក្ខាសាលានេះឡើង ដើម្បីចែករំលែកចំណេះដឹងដល់សិក្ខាកាមដែលជាមន្ត្រីរបស់ក្រសួងពាណិជ្ជកម្មជាង ៥០រូប ដើម្បីត្រៀមខ្លួនធ្វើការជាមួយក្រុមប្រទេសអភិវឌ្ឍន៍តិចតួច នៅក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រី នៃប្រទេសសមាជិក WTO ដែលគ្រោងធ្វើឡើងនៅប្រទេសអាហ្សង់ទីន នាចុងឆ្នាំ២០១៧នេះ។

លោករដ្ឋមន្ត្រី បានលើកយកពីសារៈសំខាន់នៃកិច្ចប្រជុំដូហា ឆ្នាំ២០០២ ដែលបានត្រួសត្រាយផ្លូវ ឲ្យមានការកែទម្រង់ប្រព័ន្ធពាណិជ្ជកម្មអន្តរជាតិ តាមរយៈការកាត់បន្ថយរបាំងពាណិជ្ជកម្ម និងការកែសម្រួលវិធានពាណិជ្ជកម្ម ក៏ដូចជាការដាក់ចេញនូវកម្មវិធីការងារគ្របដណ្តប់លើវិស័យចំនួន ២០ ទាក់ទងនឹងពាណិជ្ជកម្ម។

លោករដ្ឋមន្រ្តីបញ្ជាក់ដូច្នេះ «កិច្ចប្រជុំដូហាបានផ្តល់អាណត្តិសម្រាប់ប្រទេសសមាជិក ធ្វើការចរចាលើប្រធានបទពាក់ព័ន្ធជាមួយពាណិជ្ជកម្ម ព្រមទាំងស្វែងរកជំនួយបច្ចេកទេសសម្រាប់ LDCs ជាពិសេសការទទួលបានការលើកពន្ធ និងកូតាសម្រាប់ទំនិញដែលមានប្រភពមកពីប្រទេសទាំងអស់នោះ»

លោករដ្ឋមន្រ្តីពាណិជ្ជកម្ម ក៏បានបញ្ជាក់ជំហររបស់កម្ពុជា ក្នុងការជួយប្រទេសអភិវឌ្ឍន៍តិចតួចឲ្យក្លាយជាសមាជិកអង្គការពាណិជ្ជកម្មភពលោកផងដែរ។ «កម្ពុជាបានតាំងចិត្តក្នុងការជួយ LDCs ផ្សេងៗដែលមានបំណងក្លាយជាសមាជិក WTO តាមរយៈការចែករំលែកចំណេះដឹង និងបទពិសោធន៍»

សូមបញ្ជាក់ថា នៅក្នុងតួនាទីជាប្រធានសម្របសម្រួលក្រុម LDCs ក្រោមក្របខណ្ឌ WTO កម្ពុជាមានកាតព្វកិច្ចសម្របសម្រួលជាមួយ LDCs ជាសមាជិកចំនួន ៤៨ប្រទេស ដើម្បីទាញយកផលប្រយោជន៍ឲ្យបានអតិបរិមាពីភាពបត់បែន និងការលើកលែងពន្ធផ្សេងៗ ព្រមទាំងជំរុញសកម្មភាពអាទិភាពដែលនៅសេសសល់ ដើម្បីបញ្ចប់របៀបវារៈការអភិវឌ្ឍន៍ទីក្រុងដូហា (DDA) និងកិច្ចប្រជុំទីក្រុងដូហា៕