(ភ្នំពេញ)៖ សាលារៀនញូវហ្គេតវ៉េអន្តរជាតិ នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៧នេះ បានបើកសម្ពោធអាគារសិក្សាសាខាទី២ ដែលមានទីតាំងនៅដីឡូតិ៍លេខ៣៦០ ផ្លូវ២០១១ (ឧកញ៉ា ទ្រី ហេង) ភូមិគោកឃ្នាង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដោយមានការចូលរួមពីអ្នកឧញ៉ា ប៊ុន ណារី នាយិកាសាលាញូវហ្គេតវ៉េអន្តរជាតិ។
អ្នកឧញ៉ា ប៊ុន ណារី នាយិកាសាលាញូវហ្គេតវ៉េអន្តរជាតិ បានថ្លែងឲ្យដឹងថា អគារសិក្សាថ្មីនេះកើតឡើងដោយមានការគាំទ្រពីមាតា បិតា និងអាណាព្យាបាលសិស្ស និងដោយសារកំណើនសិស្សជាលំដាប់ ហើយអគារសិក្សានេះ ក៏ដើម្បីចូលរួមពង្រីកធនធានមនុស្សជាមួយរាជរដ្ឋាភិបាលផងដែរ។
អ្នកឧញ៉ា ប៊ុន ណារី បានបន្ថែមថា ការសិក្សារបស់បុត្រធីតា នៅសាលាញូវហ្គេតវ៉េអន្តរជាតិ ជាការសិក្សាមានស្តង់ដារខ្ពស់ប្រកបដោយ គុណភាព សេចក្តីថ្លែថ្នូរ ដែលជាមូលដ្ឋានគ្រឹះ និងប្រកបដោយគោលដៅច្បាស់លាស់។
អ្នកឧកញ៉ា ថ្លែងដូច្នេះ «សិស្សានុសិស្សមិនគ្រាន់តែសិក្សាតាមសៀវភៅ ដែលបានកំណត់ក្នុងកម្មវិធីសិក្សាប៉ុណ្ណោះទេ តែសិស្សានុសិស្ស ក៏បានទទួលចំណេះដឹងថ្មីៗ តាមរយៈការដឹកនាំអនុវត្តជាក់ស្តែង នៅក្រៅថ្នាក់ ដូចជាស្រាវជ្រាវ នៅបណ្ណាល័យ អនុវត្តជាក់ស្តែង នៅក្នុងបន្ទប់ពិសោធន៍ និងទស្សនកិច្ចសិក្សាជាក្រុមតូចៗតាមតំបន់មួយចំនួន នៅទីក្រុងភ្នំពេញ និងទស្សនកិច្ចសិក្សាជាក្រុមធំ នៅតាមបណ្តាខេត្តមួយចំនួន។ ស្នាដៃសិស្សដែលបានធ្វើទាំងក្នុងថ្នាក់ និងក្រៅថ្នាក់ នឹងត្រូវប្រមូល និងរក្សាទុកដើម្បីជាការបង្ហាញក្នុងពិព័រណ៍ស្នាដៃសិស្សប្រចាំឆ្នាំ។ លើសពីនេះ ទៅទៀតសាលាក៏បានបញ្ចូលកម្មវិធីបំណិនជីវិត ដូចជា សិល្បៈ តន្រ្តី និងកីឡា»។
គួរបញ្ចាក់ថា សាលាញូវហ្គេតវ៉េអន្តរជាតិ ជាគ្រឹះស្ថានសិក្សាផ្តល់ជូនកម្មវិធីសិក្សា រួមមានចំណេះដឹង កម្មវិធីសិក្សាចំណេះដឹងទូទៅខ្មែរ ភាសាអង់គ្លេស ភាសាចិន និងកម្មវិធីវិទ្យាសាស្រ្តកុំព្យូទ័រ កម្មវិធីសិក្សាពេញមួយថ្ងៃ ចាប់ពីថ្នាក់បឋមសិក្សា ថ្នាក់ទី១ ដល់ថ្នាក់ទី៦ និងមធ្យមសិក្សាពីថ្នាក់ទី៧ ដល់ថ្នាក់ទី១២។
ចំណែកកម្មវិធីសិក្សាភាសាអង់គ្លេស វិទ្យាសាស្រ្ត និងគណិតវិទ្យា ក្នុងនោះ សាលាក៏មានបន្ថែមជូននូវការសិក្សា នៅតាមបណ្ណាល័យ ការអង្កេតក្រៅថ្នាក់ និងការធ្វើ Project ជាដើម៕