(ភ្នំពេញ)៖ សាលារាជធានីភ្នំពេញ បានចេញសេចក្តីជូនដំណឹងមួយដល់សាធារណជនឲ្យបានជ្រាបថា ចាប់ពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៧នេះតទៅ សាលារាជធានីភ្នំពេញ បានសម្រេចពង្វាង រថយន្តដឹកទំនិញគ្រប់ប្រភេទ និងរថយន្តដឹកអ្នកដំណើរ ទាំងអស់ មិនឲ្យចរាចរណ៍លើកំណាត់ផ្លូវជាតិលេខ១ទៀតឡើយ។
យោងតាមសេចក្តីជូនដំណឹងដដែលបានបញ្ជាក់ថា ការសម្រេចបែបនេះ បានធ្វើឡើងដោយសារតែ នៅចំណុចការដ្ឋាន សាងសង់កំណត់ផ្លូវជាតិលេខ១ បានដំណើរការដល់ចំណុចទីប្រជុំជនផ្សារច្បារអំពៅ ដែលជាចំណុចបង្កឲ្យមានការ កកស្ទះចរាចរណ៍ខ្លាំងស្ទើគ្រប់ពេលវេលា។
គួរបញ្ជាក់ថា ដំណើរការការដ្ឋានសាងសង់កំណត់ផ្លូវជាតិលេខ១ បានដំណើរការចាប់ពីគល់ស្ពានព្រះមុនីវង្ស ដល់វត្តក្តីតាកុយ សម្រេចបាន៨០ភាគរយហើយ ខណៈនេះនឹងបន្តដំណើរការដ្ឋានទៀតដល់ប្រជុំជនផ្សារច្បារអំពៅ។
សាលារាជធានីភ្នំពេញ សង្ឃឹមថា ប្រជាពលរដ្ឋ ដែលជាម្ចាស់យានយន្តដឹកទំនិញគ្រប់ប្រភេទ និងម្ចាស់រថយន្តដឹកអ្នកដំណើរ ទាំងអស់ ចូលរួមអនុវត្តតាមសេចក្តីជូនដំណឹងនេះចាប់ពីពេលនេះតទៅ៕