(ភ្នំពេញ)៖ អតិថិជនទូទាំងប្រទេស របស់ក្រុមហ៊ុនគ្រួសារកក់ក្ដៅ នឹងទទួលភាពងាយស្រួលទ្វេដង ក្នុងការកម៉្មង់ផលិតផល និងទូរទាត់សាច់ប្រាក់តាមរយៈ ក្រុមហ៊ុន លីហួរ វេរលុយ ដោយឥតគិតថ្លៃសេវាកម្មនោះឡើយ។
ការផ្ដល់ជូនពិសេសនេះ បានធ្វើឡើងបន្ទាប់ពី ក្រុមហ៊ុន គ្រួសារកក់ក្តៅ និងក្រុមហ៊ុន លី ហួរ ផេប៉្រូ ភីអិលស៊ី (វេរលុយ) បានចុះហត្ថលេខា លើកិច្ចព្រមព្រៀង ស្ដីពី ការបើកប្រាក់បៀរវត្ស និងសេវាប្រមូលសាច់ប្រាក់ លើការលក់ផលិតផល ដោយមិនគិតថ្លៃសេវា នៅថ្ងៃទី២៦ ខែមករានេះ។
ក្រុមហ៊ុន គ្រួសារកក់ក្តៅ ក្រោមស្លាកសញ្ញាពាណិជ្ជកម្ម «គ្រួសារកក់ក្តៅ OnlineShop» ជាក្រុមហ៊ុន លក់ផលិតផលព្យាបាលស្បែកមុខ ដែលនាំចូលផ្តាច់មុខ ពីប្រទេសឥណ្ឌូនេស៊ី និងបានបើកដំណើរការជាផ្លូវការ ចាប់ពីថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៥ ហើយក្រុមហ៊ុនផ្តល់សេវាកម្មជាច្រើនដូចជា ផលិតផលព្យាបាលស្បែកមុខ សេវាកម្មពិនិត្យស្បែកមុខ និងសេវាកម្មម៉ាស្សាផ្ទៃមុខ ដោយប្រើប្រាស់ម៉ាស៊ីនទំនើប នាំចូលពីប្រទេសឥណ្ឌូនេស៊ី។ បច្ចុប្បន្ន ក្រុមហ៊ុនបានពង្រីកសាខារហូតទៅដល់០៧សាខា ក្នុងនោះរាជធានីភ្នំពេញ មាន៤សាខា និងតាមបណ្តាលខេត្ត មាន៣សាខាផងដែរ។
លោក អ៊ុច សម្បត្តិ អគ្គនាយកនៃក្រុមហ៊ុនគ្រួសារកក់ក្តៅ មានថ្លែងថា សម្រាប់សេវាកម្មរបស់ក្រុមហ៊ុន លី ហួរ វេរលុយ ដែលផ្តល់សេវាផ្ទេរប្រាក់ និងទូទាត់ប្រាក់ទូទាំងប្រទេស បានដើរតួនាទីយ៉ាងសំខាន់ ដល់ការជួយសម្រួល ទៅដល់អតិថិជនគ្រប់ទីកន្លែងរបស់គ្រួសារកក់ក្ដៅ ក្នុងគោលបំណង ការទូទាត់សាច់ប្រាក់ តាមរយៈភ្នាក់ងារ លី ហួរ វេរលុយ ទូទាំងប្រទេស ដោយមិនចាំបាច់បង់ថ្លៃសេវាលើការធ្វើប្រតិបត្តិការផ្ទេរប្រាក់ឡើយ។
លោក ជឹង កាណែល អគ្គនាយក នៃក្រុមហ៊ុន លី ហួរ ផេប្រ៉ូ ភីអិលស៊ី មានលើកឡើងផងដែរថា ក្រុមហ៊ុន លី ហួរ ផេប្រ៉ូភីអិលស៊ី ក្រោមស្លាកសញ្ញាពាណិជ្ជកម្ម «លី ហួរ វេរលុយ» ជាក្រុមហ៊ុនបុត្រសម្ព័ន្ធនៃក្រុមហ៊ុន លី ហួរ គ្រុប ផ្តល់សេវាកម្មផ្ទេរប្រាក់ និងទូទាត់ប្រាក់ទូទាំងប្រទេស ហើយក្រុមហ៊ុនមានកិច្ចសហប្រតិបត្តិការ ពីធនាគារពាណិជ្ជកម្មក្រៅប្រទេសនៃកម្ពុជា(FTB)។
លោកបន្ដថា ក្រុមហ៊ុនមានសេវាកម្មជាច្រើនដូចជា ផ្ទេរប្រាក់ ដក/ដាក់ប្រាក់ ទិញកាតទូរស័ព្ទ ទូរទាត់វិក្កយប័ត្រ បើកប្រាក់បៀវត្ស និងសេវាកម្មផ្សេងៗ ជាច្រើនទៀត ពិសេសក្រុមហ៊ុន មានសុវត្ថិភាពខ្ពស់ ក្នុងការធ្វើប្រតិបត្តិការសាច់ប្រាក់ ជាមួយនិងការប្រើប្រាស់ស្នាមម្រាមដៃ ដែលអាចបញ្ជាក់អំពី អត្តសញ្ញាណ និងប្រតិបត្តិការហិរញ្ញវត្ថុច្បាស់លាស់ រួមផ្សំជាមួយ កាតសមាជិក លី ហួរ វេរលុយ ដែលអាចឲ្យអ្នកប្រើប្រាស់ ទទួលបានអត្ថប្រយោជន៍ គ្រប់សេវាកម្ម លី ហួរ វេរលុយ និងធានាបាននូវសុវត្ថិភាពទ្វេដង និងទំនុកចិត្តទ្វេដង។
បច្ចុប្បន្ន លី ហួរ វេរលុយ មានភ្នាក់ងារជាង២,០០០ កន្លែងទូទាំងប្រទេស និងមានដៃគូសហការពាណិជ្ជកម្ម ជាច្រើនក្រុមហ៊ុន ដែលកំពុងប្រើប្រាស់ផលិតផល របស់លី ហួរ វេរលុយ ហើយលី ហួរ វេរលុយ កំពុងតែបន្ត និងពង្រីកវិសាលភាព និងផ្តល់ភាពងាយស្រួល ដល់ដៃគូរ និងអតិថិជនផងដែរ។
ពិសេស ក្រុមហ៊ុន នឹងឆ្ពោះទៅរកភាពជោគជ័យនៃអាជីវកម្ម ជាមួយនិងក្រុមហ៊ុន គ្រួសារកក់ក្ដៅ ព្រមទាំងដៃគូសហប្រតិបត្តិការជាច្រើនទៀត នាពេលខាងមុខយ៉ាងឆាប់រហ័យ ដោយផ្តល់នូវការគាំទ្រយ៉ាងយកចិត្តទុកដាក់ ផ្តល់នូវសុវត្ថិភាពទ្វេដង និងទំនុកចិត្តទ្វេដង ជូនដល់ដៃគូរអាជីវកម្ម។
ក្រុមហ៊ុន រីករាយ នឹងបន្តការធ្វើសហប្រតិបត្តិការនានា ជាច្រើនទៀតជាមួយដៃគូរដែលចង់សហការ ដើម្បីទទួលយកនូវអត្ថប្រយោជន៍ និងការរីកចម្រើននៃអាជីវកម្មជាមួយគ្នា ជាសម្ព័ន្ធដៃគូរអាជីវកម្មដ៏ធំនៅក្នុងប្រទេសកម្ពុជា នាពេលខាងមុខ៕