(ភ្នំពេញ)៖ អាជីវករលក់ផ្កាអង្គារសិល៍ មានក្តីសង្ឃឹមឡើងវិញ នៅប៉ុន្មានថ្ងៃចុងក្រោយនេះ ដោយសារតែផ្កាអង្គារ៍សិល៍របស់ពួកគាត់ ប្រែរមកជាចេញបានល្អជាងប៉ុន្មានថ្ងៃមុន ដែលមិនចេញផ្កាល្អសោះ។
អាជីវករម្នាក់ ឈ្មោះ សឿង ហួយ អាយុ៤៥ឆ្នាំ លក់ផ្កាអង្គារ៍សិល៍នៅម្តុំផ្សារដីហុយ បានឲ្យដឹងថា រូបគាត់ហាក់មានក្តីសង្ឃឹមឡើងវិញ ដែលផ្ការបស់គាត់ប្រែជាចេញផ្កាល្អ បន្ទាប់ពីគាត់បានជួបផលពិបាកជាច្រើន នៅប៉ុន្មានថ្ងៃមុននេះ ដែលមូលហេតុ ដូចជាពិធីបុណ្យចូលឆ្នំាចិនឆ្នំានេះ លើកមកខែមករា គឺលឿនជាងឆ្នាំមុន ហើយអាកាសធាតុក៏ប្រែប្រួល ជាហេតុនាំឲ្យដើមផ្កាអង្គារ៍សិល៍ចេញផ្កាមិនបានល្អ ដោយដើមខ្លះមិនចេញផ្កាទាល់តែសោះ។
ថ្លែងប្រាប់អ្នកយកព៍ត៌មានអង្គភាព Fresh News នៅល្ងាចថ្ងៃទី២៦ ខែមករានេះ អ្នកស្រីបន្តថា «នៅឆ្នាំនេះ ការលក់ផ្កាអង្គារ៍សីល៍ គឺមានស្ថានភាពល្អ មានបងប្អូនខ្មែរសែស្រឡាយចិន មកទិញច្រើន។ ពីដំបូងពេលខ្ញុំទិញមកភ្លាមៗ គ្មានសង្ឃឹមថា ដើមអង្គារ៍សីល៍វាចេញផ្កាល្អទាល់តែសោះតែ ជិតដល់ថ្ងៃសែន ស្រាប់តែផ្កាល្អ។ ដូច្នេះឆ្នាំនេះ លក់បានគ្រាន់បើ»។
អាជីវកររូបនេះ បានបញ្ចាក់ឲ្យដឹងទៀតថា ការរកស៊ីលក់ផ្កាអង្គារ៍សិល៍នេះ ហាក់បីដូចជាការផ្សងសំណាងអញ្ចឹង។ បើផ្កានេះអំណោយផលល្អ ឬចេញផ្កាល្អនោះ ពួកគាត់នឹងបានចំណេញ ប៉ុន្តែបើផ្កានេះរីកមិនទាន់ថ្ងៃចូលឆ្នាំចិនទេ ពួកគាត់និងខាតបង់ទាំងស្រុង ទាំងកម្លាំងកាយ,ពេលវេលា និងថវិការទៀតផង។
ជួបជាមួយអ្នកសារព័ត៌មាន Fresh News លោក មាស ថន ដែលជាអ្នកទិញដើមផ្កាអង្គារ៍សិល៏ សំរាប់ដាក់តាំងសែន ថ្ងែចូលឆ្នាំចិននោះ បានថ្លែងថា លោកតែងតែទិញផ្កានេះ ដើម្បើសែនជារៀងរាល់ឆ្នាំ មិនដែលខានឡើយ ដោយលោកនិងក្រុមគ្រួសារ របស់លោកមានជំនឿថា ផ្កានេះគឺជាផ្ការាសី បើកាលណាផ្កានេះរីកល្អនោះ ក្រុមគ្រួសាររបស់លោក នឹងរិតតែមានសិរីសួស្តី ហើយការសែនផ្កានេះ គឺមានតាំងតែពីជំនាន់ជីដូនជីតាគាត់មកម្ល៉េះ។
លោកបានបញ្ចាក់បន្ថែមថា ក្រុមគ្រួសាររបស់លោកចូលចិត្ត ដាក់ដើមផ្កាអង្គារ៍សិល៍ ជាជាងដាក់ផ្កាជាផើងៗ ដោយសារតែលោកមានជំនឿរថា ការដាក់ដើមផ្កាអង្គារ៍សិល៍ នៅពេលដែលវារីកល្អ ហើយរោយនៅពេលដែលថ្ងៃចូលឆ្នាំចិនបញ្ចប់ គាត់នឹងយកវាចោល, ហើយឆ្នាំក្រោយគាត់ទិញដាក់ទៀត វាជាផ្កាថ្មីដែលបញ្ជាក់ពីរាសីថ្មីរបស់គាត់៕