(ភ្នំពេញ)៖ លោក គី តិច មេធាវីការពារក្តីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានផ្តល់ភស្តុតាងវីដេអូ និងសំឡេង លោក សម រង្ស៊ី ដែលបានបរិហារសម្តេចតេជោ ហ៊ុន សែន ជូនដល់តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញរួចរាល់ហើយ នៅល្ងាច ថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៧នេះ បន្ទាប់ពីមានការកោះហៅដោយតុលាការ។
នៅចំពោះមុខអ្នកសារព័ត៌មាន ក្រោយបញ្ចប់ការផ្តល់ភស្តុតាង និងឯកសារនេះ លោក គី តិច បានអះអាងថា លោកនៅតែរក្សាជំហរប្តឹង លោក សម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិ ពីបទបរិហារកេរ្តិ៍ជាសាធារណដដែល ។ លោក ជឿជាក់ថា ភស្តុតាងវីដេអូ និងសំឡេង លោក សម រង្ស៊ី ដែលបាន ដាក់ជូនតំណាងអយ្យការនាពេលនេះ គឺមានលក្ខណៈគ្រប់គ្រាន់នឹងប្តឹងលោកសម រង្ស៊ី ពីបទបរិហារកេរ្តិ៍ជាសាធារណៈ។
សូមបញ្ជាក់ថា កាលពីព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៧ លោក គី តិច បានដាក់ពាក្យបណ្តឹងរបស់សម្តេចតេជោ ហ៊ុន សែន ដោយប្តឹងលោក សម រង្ស៊ី ទាមទារសំណងជំងឺចិត្ត ១លានដុល្លារសហអាមេរិក លើបទល្មើស «បរិហាកេរ្តិ៍ជាសាធារណៈ» ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ។ លោក គី តិច បានបញ្ជាក់ប្រាប់អង្គភាពព័ត៌មាន Fresh News ថា៖ «ថវិកាដែលប្តឹងទាមទារសំណងជំងឺចិត្ត៤ពាន់លានរៀល ឬ១លានដុល្លារអាមេរិក ហើយប្រសិន បើត្រូវបានតុលាការសម្រេចឲ្យសងនោះ, សម្តេចតេជោ ហ៊ុន សែន នឹងយកទៅសាងសង់ផ្ទះជូនជនពិការទូទៅ»។
ការសម្រេចដាក់ពាក្យប្តឹងលោក សម រង្ស៊ី នៅពេលនេះធ្វើឡើង បន្ទាប់ពីលោក សម រង្ស៊ី បានចោទប្រកាន់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជាថា បានសូកប៉ាន់លុយ ១លានដុល្លារដល់កញ្ញា ធី សុវណ្ណថា ដើម្បីឱ្យនាងធ្វើបាតុកម្មប្រឆាំងនឹងគណបក្សសង្រ្គោះជាតិ។
លោក សម រង្ស៊ី នៅក្នុងឱកាសជំនួបសំណេះសំណាល ជាមួយសកម្មជនគណបក្សសង្គ្រោះជាតិ ប្រចាំប្រទេសបារាំង នៅទីក្រុងប៉ារីស នាថ្មីៗនេះ បាននិយាយយ៉ាងដូច្នេះថា «ចុះ...ហ៊ុន សែន សូក ធី សុវណ្ណថា មួយលានដុល្លារ ម៉េចអាណាមិនធើអី ហ៊ុន សែន ផង?...មួយលានដុល្លារ... និយាយ...លុយនោះលុយពុករលួយ ទៅសូកឲ្យមនុស្សធ្វើអាក្រក់ ថាឲ្យវាយប្រហារ...ឲ្យរករឿងគណបក្សសង្រ្គោះជាតិឲ្យធ្វើបាតុកម្ម ឬជួល នេះ ជួលនោះ...ប្រើមួយលានដុល្លារ...»៕