(ភ្នំពេញ)៖ លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មការអភិវឌ្ឍន៍ទេសចរណ៍ (គ.អ.ទ) បានលើកឡើងថា បើកម្ពុជាគ្មានសន្តិភាព ស្ថិរភាព គ្មានការអភិវឌ្ឍលើវិស័យទេសចរណ៍ គ្មានផលិតផលទេសចរណ៍ថ្មីៗទេ គ្មានការវិនិយោគ ក៏គ្មានភ្ញៀវទេសចរមកទស្សនាច្រើនដែរ។
លោករដ្ឋមន្រ្តីបញ្ជាក់បែបនេះ ត្រូវបានធ្វើឡើងក្នុងកិច្ចប្រជុំជាមួយថ្នាក់ដឹកនាំ និងសមាជិក នៃគណៈកម្មការអភិវឌ្ឍន៍ទេសចរណ៍ នៅទីស្ដីការក្រសួងទេសចរណ៍ នាថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៧នេះ។
លោករដ្ឋមន្រ្តីបានលើកបង្ហាញពី គម្រោងអភិវឌ្ឍន៍វិស័យទេសចរណ៍ធំៗមួយចំនួន ដូចជា ការរៀបចំហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍ នៅខេត្តកែប និងការកសាងកំពង់ផែទេសចរណ៍ នៅខេត្តកំពត សហការជាមួយធនាគារអភិវឌ្ឍន៍អាស៊ី(ADB)។
លោកថា «យើងកំពុងសិក្សាដាក់ខេត្តបាត់ដំបង ជាគោលដៅទេសចរណ៍បេតិកភណ្ឌថ្មីមួយ ក្រោមកិច្ចសហការជាមួយប្រទេសហុងគ្រី ដើម្បីស្រូបយកភ្ញៀវទេសចរអន្តរជាតិ ពិសេសភ្ញៀវហុងគ្រី និងភ្ញៀវមកពីតំបន់អឺរ៉ុបខាងកើត។ ចំណែកខេត្តសៀមរាបវិញ ក៏មានគម្រោងសហការជាមួយសិង្ហបុរីផងដែរ ដើម្បីអភិវឌ្ឍន៍ទេសចរណ៍ឲ្យកាន់តែខ្លាំងថែមទៀត និងគម្រោងអភិវឌ្ឍន៍តំបន់ជាយក្រុង ដូចជាតំបន់ភ្នំគូលែន ចុងឃ្នៀស ព្រែកទាល់ បឹងទន្លេសាប ជាដើម។ ក្រៅពីនេះ សិង្ហបុរីបានសន្យាជួយបណ្ដុះបណ្ដាលធនធានមនុស្សកម្ពុជា លើវិស័យទេសចរណ៍ផងដែរ»។
លោករដ្ឋមន្រ្តីបានបន្តថា កម្ពុជាបានដាក់បញ្ចូលទីក្រុងចំនួន៧ ក្នុងបេក្ខភាពប្រឡងប្រណាំងទីក្រុងស្អាត នៃតំបន់អាស៊ាន ក្នុងនោះមានរាជធានីភ្នំពេញ ខេត្តសៀមរាប បាត់ដំបង កំពង់ចាម កំពត ព្រះសីហនុ និងខេត្តកែប។
ការរីកចម្រើនទាំងនេះ ត្រូវបានលោករដ្ឋមន្រ្តី ថោង ខុន បានវាយតម្លៃខ្ពស់ថា «បើគ្មានសន្តិភាព ស្ថិរភាព គ្មានការអភិវឌ្ឍលើវិស័យទេសចរណ៍ គ្មានផលិតផលទេសចរណ៍ថ្មីៗទេ គ្មានការវិនិយោគ ក៏គ្មានភ្ញៀវទេសចរមកទស្សនាកម្ពុជាដែរ»។
លោករដ្ឋមន្រ្តីបានបន្ថែមថា កន្លងមក កម្ពុជាបានរៀបចំផ្ដល់ទិដ្ឋការចេញ-ចូល រយៈពេល១ឆ្នាំ ២ឆ្នាំ និង៣ឆ្នាំ ដល់ភ្ញៀវទេសចរ និងអ្នកវិនិយោគជប៉ុន ចិន និងកូរ៉េ ក្នុងការចូលមកទស្សនា និងដាក់ទុនវិនិយោគ។ ហើយលោករដ្ឋមន្រ្តី បានផ្ដល់អនុសាសន៍ដល់មន្រ្តីពាក់ព័ន្ធទាំងអស់ ត្រូវគិតគូររៀបចំ ជំរុញអនុវត្តការងារឲ្យកាន់តែសកម្មថែមទៀត ដើម្បីសម្រេចបានគោលដៅទាក់ទាញភ្ញៀវទេសចរ យ៉ាងតិចឲ្យបាន៧លាននាក់ នៅឆ្នាំ២០២០។
លោករដ្ឋមន្រ្តី ថោង ខុន បានផ្ដល់អនុសាសន៍ដល់ថ្នាក់ដឹកនាំ សមាជិក គ.អ.ទ និងលេខាធិការដ្ឋាន សម្រាប់អនុវត្តន៍ការងារ នៅឆ្នាំ២០១៧ ផងដែរ រួមមាន៖ ផែនការសកម្មភាពផ្ដោតទៅលើការអភិវឌ្ឍផលិតផលទេសចរណ៍ និងហេដ្ឋារចនាសម្ព័ន្ធពាក់ព័ន្ធ ការបង្កើតតំបន់និវេសនដ្ឋានទេសចរណ៍ (តំបន់ទេសចរណ៍ពិសេស) ការសម្រួលការធ្វើដំណើរ និងដឹកជញ្ជូនភ្ញៀវទេសចរ សន្តិសុខសុវត្ថិភាពទេសចរ មូលដ្ឋានគតិយុត្ត និងយន្តការអនុវត្ត ព្រមទាំងការអភិវឌ្ឍធនធានមនុស្សក្នុងវិស័យទេសចរណ៍។
សូមជម្រាបថា នៅឆ្នាំ២០១៦ កម្ពុជាទទួលភ្ញៀវទេសចរអន្តរជាតិ ជាង៥លាននាក់ កើន៥ភាគរយថែមទៀត បើធៀបនឹងឆ្នាំ២០១៥ និងទេសចរជាតិមាន ១០លាននាក់។ បង្កើតការងារដោយផ្ទាល់ដល់ប្រជាពលរដ្ឋ ជាង៦០ម៉ឺននាក់ និងប្រយោលរាប់ម៉ឺននាក់ទៀត។ នាំចំណូលចូលសេដ្ឋកិច្ចជាតិជាង ៣ពាន់លានដុល្លារ។ នៅឆ្នាំ២០២០ កម្ពុជារំពឹងទុកថានឹងទទួលបានទេសចរអន្តរជាតិយ៉ាងតិច៧លាននាក់ ជាមួយចំណូលចូលសេដ្ឋកិច្ចជាតិ ជាង៥ពាន់លានដុល្លារ និងបង្កើតការងារដល់ប្រជាពលរដ្ឋ ជាង១លាននាក់៕