(កែប)៖ លោកឧត្តមសេនីយ៍ទោ អ៊ីង សំអុល ស្នងការនគរបាលខេត្តកែប បានដឹកនាំអង្គប្រជុំដើម្បីត្រួតពិនិត្យ និងលើកទិសដៅ ការងាររឹតបន្តឹងការត្រួតពិនិត្យការអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក នៅស្នងការដ្ឋាននគរបាលខេត្ត នៅថ្ងៃទី២៦ ខែមករា ឆ្នាំ ២០១៧នេះ។
ក្នុងកិច្ចប្រជុំខាងលើនេះមានការចូលរួមពី លោកឧត្តមសេនីយ៍ វរសេនីយ៍ ស្នងការរងទទួលផែនសណ្តាប់ធ្នាប់ ផែនប្រឆាំង បទល្មើសអង្គភាព អន្តរាគមន៍ នាយការិយាល័យ នឹងមន្ត្រីពាក់ព័ន្ធចំនួន២៩រូបបន្ថែមទៀត។
ជាមួយគ្នានោះ លោកឧត្តមសេនីយ៍ស្នងការ បានជំរាបជូន អង្គប្រជុំពីសភាពការណ៍ នឹងស្ថានភាពគ្រោះថ្នាក់ ក្នុងឆ្នាំ២០១៦ និងរយៈពេលជិត មួយខែ ពោលគឺ ខែមករា២០១៧ ដែលបានបង្កឲ្យមនុស្សស្លាប់និងរបួសគួរកត់សម្គាល់។
ឧត្តមសេនីយ៍ទោ អ៊ីង សំអុល បានបញ្ជាក់ថា ដើម្បីដោះស្រាយបញ្ហានេះ ពិសេសដើម្បីអនុវត្តឲ្យ បានសំរេចគោលការណ៍ដឹកនាំ របស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាព ចរាចរណ៍ផ្លូវគោក និងការណែនាំបន្ថែម របស់នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ ស្នងការនគរបាលខេត្តកែប ដាក់ចេញនូវវិធានការមួយចំនួនរួមមាន៖
១-រៀបចំការត្រួតពិនិត្យចរាចរណ៍បន្ថែម នៅតាមផ្លូវជាតិទាំងពីរខ្សែទាំងពេលថ្ងៃនឹងពេលយប់។
២-គួបផ្សំការត្រួតពិនិត្យជាតិស្រវឹងសារធាតុញៀន ក្នុងទឹកនោមចំពោះអ្នកបើកបរយានយន្តពិសេសយានយន្តធុនធំគ្រប់ប្រភេទ។
៣-ត្រួតពិនិត្យឆែកឆេររកអាវុធជាតិផ្ទុះខុសច្បាប់។
៤-ដោយឡែក ការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកត្រូវ សហការជាមួយនគរបាលស្រុកក្រុងស្រង់ ស្ថិតិអ្នកបើកបរ រថយន្តដឹកដី ដឹកទំនិញនឹងត្រូវមានផែនការកោះហៅមកត្រួតពិនិត្យសារធាតុញៀនឲ្យបានគ្រប់ៗគ្នាផងដែរ។
សូមបញ្ជាក់ថា ដើម្បីអនុវត្តការងារខាងលើនេះឲ្យបានសំរេច ស្នងការដ្ឋានបានរៀបចំកំលាំង នឹងមធ្យោបាយមួយចំនួនសម្រាប់ គាំទ្រផងដែរ៕