(ភ្នំពេញ)៖ ខ្មាន់កាំភ្លើង និងបក្ខពួកសរុប២នាក់ ដែលបានប្លន់ និងបាញ់សម្លាប់បុរសម្នាក់ ហើយធ្វើឲ្យនារី២នាក់ រងរបួសធ្ងន់ស្រាល នៅជិតផ្សារសុវណ្ណា សង្កាត់ទំនប់ទឹក ខណ្ឌចំការមន កាលពីសប្ដាហ៍មុន ដែលធ្វើឲ្យកក្រើកពេញបណ្តាញសង្គម Facebook តាមរយ:វីដេអូយ៉ាងសហាវនោះ នៅរសៀលថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៧នេះ ត្រូវបាននាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ បង្ហាញមុខសាធារណៈ មុនបញ្ជូនឡើងតុលាការចាត់ការកតា​មនីតិវិធី។

ការបង្ហាញមុខក្រុមចោរប្លន់បាញ់សម្លាប់នេះ បានធ្វើឡើងក្រោមវត្តមានលោកឧត្តមសេនីយ៍ផ្កាយ៣ សុខ ខេមរិន ប្រធាននាយកដ្ឋានព្រហ្មទណ្ឌ លោកឧត្តមសេនីយ៍ត្រី សុង លី ស្នងការងនគរបាលរាជធានីភ្នំពេញ ព្រមទាំងមន្រ្តីនគរបាលពាក់ព័ន្ធមួយចំនួនទៀត។

ជនដៃដល់ដែលបាញ់សម្លាប់ជនរងគ្រោះឈ្មោះ អ៊ុំ សួស្ដី ហៅ ពៅក្បាលធំ និងម្នាក់ទៀតឈ្មោះ ចាន់ សុវណ្ណ ហៅប៉ែត។

មន្ដ្រីនគរបាល បានប្រាប់អង្គភាព Fresh News នៅព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៧នេះ​ថា ប្រតិបត្តិការតាមវែកមុខ និងឃាត់ខ្លូនក្រុមប្លន់ប្រដាប់អាវុធដ៏សកម្មនៅក្នុងរាជធានីភ្នំពេញ បានធ្វើឡើងដោយ មានកិច្ចសហការវាងកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់រាជធានីភ្នំពេញ កម្លាំងនគរបាលខណ្ឌចំការមន ជាមួយកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ ក្រោមការសម្របសម្រួលពី លោក សៀង សុខ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ។

មន្ដ្រីនគរបាលបានឲ្យដឹងទៀតថា ជនសង្ស័យទាំង២នាក់ ត្រូវបានឃាត់ខ្លួន កាលពីម៉ោង​១៣៖៣០នាទី ថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៧ នៅ​បន្ទប់ជួលលេខ០០១ ផ្លូវទ្រុងមាន់ ភូមិ​តាងៅ សង្កាត់និរោធ ខណ្ឌច្បារអំពៅ។ ជាមួយ​ការឃាត់ខ្លួន សមត្ថកិច្ចដកហូតបាន អាវុធ​​៣ដើម (M16កាត់០១ដើម, ម៉ាក Bareta ចំនួន០១ដើម និងមួយដើមទៀត ប្រភេទអាវុធខ្លី មិនស្គាល់ម៉ាក​)។

សូមបញ្ជាក់ថា កាលពីយប់ថ្ងៃទី២១ ខែមករា ឆ្នាំ២០១៧កន្លងទៅ​ មានករណីតាមប្លន់ដល់មុខផ្ទះ ស្ថិតនៅក្បែរសុវណ្ណា ខណ្ឌចំការមន។ ករណីប្លន់នេះ ក្រុមជនសង្ស័យដែលមានគ្នា៣នាក់ បានប្រតាយប្រតប់យកកាបូប ហើយបាញ់បុរសម្នាក់ ដែលព្យាយាមបើកឡានបុកពួកគេឲ្យស្លាប់បាត់បង់ជីវិត ខណៈដែលនារី២នាក់ទៀត ត្រូវជនសង្ស័យទាត់ធាក់ ឲ្យរងរបួសធ្ងន់ស្រាល។

ក្រុមជនសង្ស័យ ដែលសមត្ថកិច្ចទើបចាប់ខ្លូនបាននេះ ក៏ត្រូវបាននារីរងគ្រោះផ្សេងទៀត អះអាងថា ធ្លាប់បានធ្វើសកម្មភាពប្លន់ពូកគេផងដែរ កាលពីខែធ្នូ ឆ្នាំ២០១៦ តែប្លន់មិនបានសម្រេចព្រោះក្រុមជនរងគ្រោះបានបើករថយន្ដចូលផ្ទះទាន់ពេលវេលា៕