(ភ្នំពេញ)៖ បើតាមលោក ងិន កំសាន្ត មន្ត្រីសម្របសម្រួលប្រចាំតំបន់ការពារទេសភាពអាងត្រពាំងថ្ម បានបញ្ជាក់ថា កាលពីពេលថ្មីៗនេះ មានសត្វក្រៀលចំនួន១១៥ក្បាល បានមករស់នៅ និងស្វែងរកចំណីនៅតំបន់ការពារទេសភាព អាងត្រពាំងថ្ម ស្ថិតក្នុងខេត្តបន្ទាយមានជ័យ បន្ទាប់ពីរដូវការពងកូនរបស់ពួកវាបានបញ្ចប់។ លោកបន្តថា ភ្ញៀវទេសចរអន្តរជាតិចូលចិត្តទៅទស្សនាហ្វូងសត្វក្រៀល នៅតំបន់នោះច្រើនណាស់ ពិសេសគឺនៅពេលយប់។
នេះជាការចាប់ផ្តើម នៃការមកដល់របស់ហ្វូងសត្វក្រៀល ដែលយ៉ាងហោចណាស់ មានក្រៀលជាង៣០០ក្បាល បានមកដល់តំបន់ការពារទេសភាពអាងត្រពាំងថ្ម ជារៀងរាល់ឆ្នាំ ដើម្បីស្វែងរកចំណី បន្ទាប់ពីរដូវការពងកូនរបស់ពួកវាបានបញ្ចប់ ដែលធ្វើឲ្យតំបន់ការពារទេសភាព អាងត្រពាំថ្មនេះ ក្លាយជាទីជម្រកដ៏សំខាន់បំផុត សម្រាប់ការអភិរក្សសត្វក្រៀលនៅកម្ពុជា។
លោក ងិន កមសាន្ត បានបញ្ជាក់ថា ក្នុងខែមករារៀងរាល់ឆ្នាំ ហ្វូងសត្វក្រៀលបានមកដល់តំបន់ការពារទេសភាពអាងត្រពាំថ្ម និងបន្តរស់នៅតំបន់នេះ រហូតដល់ចុងខែឧសភា ទើបពួកវាបម្លាស់ទីទៅកាន់តំបន់ខ្ពង់រាបភាគខាងជើង និងតំបន់ផ្សេងទៀតដើម្បីពងកូន។
ចំនួនរបស់វានៅលើសកលលោក ដែលមានប្រមាណ ១៥,០០០ក្បាល កំពុងតែបន្តធ្លាក់ចុះដោយសារការបាត់បង់ទីជម្រកដី តំបន់សើម ការរំខានពីមនុស្ស និងការបំពុលបរិស្ថានជាដើម។ ចំនួនរបស់ពួកវានៅប្រទេសកម្ពុជា មានប្រមាណ៨០០ក្បាល ប៉ុណ្ណោះដែលចំនួននេះ ស្មើពាក់កណ្តាលនៃចំនួនសត្វក្រៀល នៅតំបន់អាស៊ីអាគ្នេយ៍។
តំបន់ការពារទេសភាពអាងត្រពាំងថ្ម ត្រូវបានបង្កើតឡើងដោយព្រះរាជក្រឹត ចុះថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០០០។ តំបន់នេះគ្របដណ្តប់លើផ្ទៃដី ១២,៦៥០ហិកតា នៃតំបន់ដីសើម និងព្រៃល្បោះ និងគ្រប់គ្រងដោយក្រសួងបរិស្ថាន ក្រោមជំនួយគាំទ្រផ្នែកថវិកា និងបច្ចេកទេសពីអង្គការសមាគមអភិរក្សសត្វព្រៃ (WCS)។
តំបន់ការពារទេសភាពអាងត្រពាំងថ្ម គាំទ្រដល់ការរស់នៅរបស់សត្វក្រៀលពាក់កណ្តាល នៃចំនួនសត្វក្រៀលទាំងអស់ នៅក្នុងប្រទេសកម្ពុជា អំឡុងពេលមិនបន្តពូជ និងសត្វស្លាបទឹកផ្សេងទៀត ដូចជាត្រដក់ ទុង និងចង្កៀលខ្យង។ តំបន់នេះ ក៏គាំទ្រដល់ការរស់នៅរបស់សត្វរមាំងដែលជាប្រភេទរងគ្រោះជិតផុតពូជផងដែរ។
លោក ងិន កំសាន្ត បានឲ្យដឹងថា «ក្រៀលគឺជាសត្វស្លាបដ៏សំខាន់ ដែលភ្ញៀវទេសចរតែងតែចាប់អារម្មណ៍ និងចង់ទស្សនា ពេលពួកគេមកកម្សាន្តតំបន់ការពារទេសភាព អាងត្រពាំងថ្ម»។ ដូច្នេះ ការមកដល់របស់ហ្វូងសត្វក្រៀល មានន័យថា ភ្ញៀវទេសចរជាច្រើននាក់ ក៏នឹងមកកម្សាន្តតំបន់ការពារទេសភាព អាងត្រពាំងថ្មនេះ នៅពេលដ៏ខ្លីខាងមុខ។ ជាមួយគ្នានេះ ប្រជាសហគមន៍ក៏នឹងអាចស្វែងរកប្រាក់ចំណូលពីការលក់ម្ហូបអាហារ ការនាំភ្ញៀវទេសចរទៅមើលសត្វព្រៃ និងថវិកា សម្រាប់អភិវឌ្ឍសហគមន៍ផងដែរ។
លោក ងិន កំសាន្ត បន្តទៀតថា ដើម្បីការពារសត្វក្រៀលទាំងអស់នោះ ក្រុមសហគមន៍ និងមន្ត្រីអភរិក្សប្រចាំ តំបន់ការពារទេសភាពអាងត្រពាំងថ្ម កំពុងធ្វើការរួមគ្នាដើម្បីថែរក្សាសត្វក្រៀលទាំងអស់នោះ និងទីជម្រករបស់ពួកវា ដោយបង្កើនសកម្មភាពចុះល្បាតព្រៃ ក៏ដូចជាការអប់រំសហគមន៍ជាដើម។ ក្រៅពីផ្តល់ជាទីជម្រកដ៏សំខាន់ សម្រាប់សត្វក្រៀល សត្វស្លាបដ៏ទៃទៀត និងថនិកសត្វ តំបន់ការពារទេសភាពអាងត្រពាំងថ្ម ក៏ជាតំបន់ទេសចរធម្មជាតិ ដ៏មានប្រជាប្រិយភាពមួយដែរ ដែលភ្ញៀវទេសចរជាតិ និងអន្តរជាតិតែងតែទៅកម្សាន្ត ដើម្បីទស្សនាសត្វស្លាបទឹក និងសត្វរមាំងដែលជាប្រភេទសត្វជិតផុតពូជ។
នៅក្នុងឆ្នាំ២០១៦ ភ្ញៀវទេសចរអន្តរជាតិប្រមាណ៤០០នាក់ និងភ្ញៀវទេសចរជាតិរាប់ម៉ឺននាក់ បានមកកម្សាន្តតំបន់ការពារទេសភាពអាងត្រពាំងថ្ម ដែលជួយឲ្យសហគមន៍អាចស្វែងរកប្រាក់ចំនូល ដើម្បីចិញ្ចឹមគ្រួសារ និងលើកកម្ពស់ការងារអភិរក្សនៅតំបន់នេះផងដែរ។ សកម្មភាពអភិរក្សផ្សេងៗ នៅតំបន់ការពារទេសភាពអាងត្រពាំងថ្ម ទទួលបានការគាំទ្រពី Critical Ecosystem Partnership Fund (CEPF) និង Margaret A. Cargill Philanthropies៕