(ភ្នំពេញ)៖ នៅវេលាម៉ោង២៖៥០នាទី រសៀល ថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៧នេះ លោក គី តិច មេធាវីការពារក្តីជូនសម្តេចតេជោ ហ៊ុន សែន កំពុងចូលផ្តល់ចម្លើយជូនតុលាការ ស្តីពីដំណើរឿងប្តឹង លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ ពីបទបរិហាកេរ្តិ៍ជាសាធារណៈ ទៅលើសម្តេចតេជោ ហ៊ុន សែន។
សូមបញ្ជាក់ថា កាលពីព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៧ ពាក្យបណ្តឹងរបស់សម្តេចតេជោ ហ៊ុន សែន ប្តឹងលោក សម រង្ស៊ី ទាមទារសំណងជំងឺចិត្ត ១លានដុល្លារសហអាមេរិក លើបទល្មើស «បរិហាកេរ្តិ៍ជាសាធារណៈ» ត្រូវបានលោក គី តិច មេធាវីការពារក្តីសម្តេចតេជោ ហ៊ុន សែន បានដាក់ចូលទៅកាន់សាលាដំបូងរាជធានីភ្នំពេញ។
លោក គី តិច បានបញ្ជាក់ប្រាប់អង្គភាពព័ត៌មាន Fresh News ថា៖ «ថវិកាដែលប្តឹងទាមទារសំណងជំងឺចិត្ត៤ពាន់លានរៀល ឬ១លានដុល្លារអាមេរិក ហើយប្រសិនបើត្រូវបានតុលាការសម្រេចឲ្យសងនោះ, សម្តេចតេជោ ហ៊ុន សែន នឹងយកទៅសាងសង់ផ្ទះជូនជនពិការទូទៅ»៕