(ថៃ)៖ ពលករខ្មែរដែលចូលទៅស៊ីឈ្នួលកាប់អំពៅ ត្រូវបានក្មេងស្ទាវដែលជាជនជាតិថៃ បាញ់ប្រហារឆៅៗ បណ្តាលឲ្យស្លាប់ពីរនាក់ និងរបួសធ្ងន់ម្នាក់ ដោយឡែកម្នាក់ទៀតរត់គេចខ្លួនទាន់ ដែលរហូតមកទល់នឹងពេលនេះ យុវជនដែលរត់រួចនៅតែមិនទាន់យល់អំពីមូលហេតុ នៃការបាញ់ប្រហារនេះទាល់តែសោះ ដោយសារតែពួកគេ គឺជាមិត្តភក្តិនឹងគ្នាផង ហើយក៏ធ្លាប់ផឹកស៊ីជាមួយគ្នាផង។
តាមរបាយការណ៍របស់ក្រុមតម្រួតថៃដែលបានផ្តល់មកឲ្យសមត្ថកិច្ចខ្មែរនៅខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា ហេតុការណ៍នេះបានកើតឡើង នៅតាំងពីល្ងាចថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៧ ស្ថិតក្នុងចំការអំពៅមួយកន្លែង នៅភូមិទី១០ ឃុំផ្លាប់ផ្លាឆៃ ស្រុកអ៊ូថង ខេត្តសុផាន់បុរី ប្រទេសថៃ។
របាយការណ៍ដដែលនៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៧នេះបានបន្តថា ក្រោយពីទទួលបាននូវសេចក្តីរាយការណ៍រួចមក កម្លាំងតម្រួតបានចេញប្រតិបត្តិការ ទៅកាន់ទីតាំងខាងលើ ដោយជំហានដំបូង គឺបានប្រទះឃើញសពយុវជនម្នាក់ ដែលគេអះអាងថាមានឈ្មោះ ភឹង អាយុ៣០ឆ្នាំ ជាកម្មករស៊ីឈ្នួល កាប់ដើមអំពៅ គឺដេកស្លាប់ក្នុងថ្លុកឈាម ដោយមានស្នាមត្រូវនឹងគ្រាប់កាំភ្លើង១គ្រាប់ ត្រូវចំក្បាល។
ដោយឡែក នៅចម្ងាយប្រមាណ៣០០ម៉ែត្រ ពីសពនោះក្រុមតម្រួតថៃ ក៏បានប្រទះឃើញសពមនុស្សម្នាក់ទៀតឈ្មោះ ណាង អាយុ២០ឆ្នាំ ជាកម្មករ ដែលដេកស្លាប់នៅក្នុងចំការអំពៅ មានស្នាមត្រូវចំឆ្អឹងជំនី ខាងស្តាំចំនួនពីរគ្រាប់ រីឯម្នាក់ទៀតដែល កំពុងស្ថិតក្នុងដង្ហើមចង្រិត ដោយសារតែមានក្បាល គ្រាប់ចំនួនមួយគ្រាប់ បានបៀមជាប់ នៅត្រង់ពោះទឹក ដែលជននោះមានឈ្មោះ ចក់ អាយុ២៣ឆ្នាំ ដោយភ្លាមៗនោះដែរ ក្រុមតម្រួតបានបញ្ជូនជនរងគ្រោះ ទៅកាន់មន្ទីរពេទ្យដើម្បីសង្គ្រោះបន្ទាន់។
តាមការរៀបរាប់ ពីយុវជនម្នាក់ដែលបានរត់រួចពីសេចក្តីស្លាប់ បាននិយាយរឿងរ៉ាវទាំងអស់នេះ ប្រាប់ទៅសមត្ថកិច្ចថា នៅមុនពេលកើតហេតុ គឺខ្លួនបានធ្វើដំណើរទៅផ្ទះយុវជនម្នាក់ ដែលជាជនជាតិថៃឈ្មោះ បែង អាយុប្រហែល២៦ឆ្នាំ ដើម្បីបញ្ជាក់ប្រាប់ថា ឈើដែលឈ្មោះ
បែង ចង់យកទៅលក់ឲ្យឪពុករបស់ឈ្មោះ ភឹង គឺគាត់ឈប់ទិញហើយ រួចខ្លួនក៏បានវិលត្រឡប់មកកាន់ទីកន្លែងស្នាក់នៅវិញ។
ភ្លាមៗនោះដែរ ស្រាប់តែគេឃើញឈ្មោះ បែង ជិះម៉ូតូម៉ាកហុងដាវេវ ពណ៌ទឹកសមុទ្រ ពាក់ស្លាកលេខ2115 ដោយគេបានជិះមកស្ទាក់ពីមុខ រួចបានដកកាំភ្លើងខ្លី ចេញពីចង្កេះ មកភ្ជង់ដោយធ្វើកាយវិការដូចជា ចង់បាញ់មកលើពួកខ្លួន ប៉ុន្តែខ្លួនបានគិតថា ប្រហែលជាគេធ្វើលេងទេ ព្រោះសុទ្ធតែជាមនុស្សស្គាល់គ្នាផង ហើយក៏ធ្លាប់ផឹកស៊ីជាមួយគ្នាផង។
មិនដូចជាការគិតនោះទេ ស្រាប់តែឃើញគេបាញ់មែនទែន ទៅលើមិត្តភក្តិរបស់ខ្លួន ទើបនាំគ្នារត់ចូលចំការអំពៅរៀងៗខ្លួន ដោយជនជាតិថៃរូបនេះ នៅតែព្យាយាមតាមបាញ់ប្រហាររហូតចំបក្ខពួកធ្វើឲ្យរបួស និងស្លាប់៣នាក់ ឯខ្លួនក៏បានរត់រួច ដោយបានទៅរាយការណ៍ឲ្យសមត្ថកិច្ចមកជួយអន្តរាគមន៍ ដោយនៅពេលនោះដែរ ជនដៃដល់ក៏បានគេចខ្លួនបាត់ស្រមោលដែរ ហើយខ្លួនក៏នៅមិនទាន់យល់ទាល់តែសោះអំពីការតាមបាញ់ប្រហារគ្នាឯងបែបនេះ មិនដឹងថា មកពីមូលហេតុអ្វីនោះឡើយ។
ប៉ុន្តែតាមការស្រាវជ្រាវរបស់សមត្ថកិច្ចគឺ បានបញ្ជាក់ថា ជនសង្ស័យរូបនេះ គឺជាមនុស្សចូលចិត្តផឹកស្រា ដោយនៅពេលដែលគេស្រវឹងខ្លាំងម្តងៗ តែងតែបាត់បង់ម្ចាស់ការ ដោយគ្រប់គ្រងសតិខ្លួនឯងមិនបានឡើយ ប៉ុន្តែក្រោយពេលកើតហេតុមិនបានប៉ុន្មាន ផងជនសង្ស័យក៏ត្រូវបាន កម្លាំងតាមប្រមាញ់រហូតឈាន ដល់ការឃាត់ខ្លួនដើម្បីយកមក៕