(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ គន់ គីម អគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា បានថ្លែងក្រើនរំលឹកទៅដល់ថ្នាក់ដឹកនាំសមាគមអតីតយុទ្ធជនកម្ពុជានៅគ្រប់ខេត្តទាំងអស់ ត្រូវតែបន្តធធ្វើនូវអំពើល្អ ហើយខិតខំឲ្យអស់ពីកម្លាំងកាយចិត្តក្នុងការផ្តល់សេវា និងដោះស្រាយរាល់ទុក្ខលំបាករបស់សមាគមអតីតយុទ្ធជន។
ការថ្លែងជំរុញបែបនេះបានធ្វើឡើងនៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៧នេះ ក្នុងពេលនាយឧត្តមសេនីយ៍ គន់ គីម អញ្ជើញជាអធិបតីក្នុងកិច្ចកិច្ចប្រជុំបូកសរុប វាយតម្លៃលទ្ធផល និងទិសដៅការងារបន្ត របស់សមាគមអតីតយុទ្ធជនកម្ពុជាក្នុងខេត្តកំពង់ឆ្នាំង កណ្តាល និងរាជធានីភ្នំពេញ ចំណុះយោធភូមិភាគពិសេស។
ក្នុងកិច្ចប្រជុំនោះនាយឧត្តមសេនីយ៍ គន់ គីម បានថ្លែងកោតសរសើរ និង វាយតម្លៃខ្ពស់ចំពោះការខិតខំបំពេញភារកិច្ចយ៉ាងសកម្ម និងដោយស្ម័គ្រចិត្តរបស់ថ្នាក់ដឹកនាំសមាគមគ្រប់ថ្នាក់ ដែលក្រោយមហាសន្និបាតតំណាងទូទាំងប្រទេសលើកទី២ រយៈពេលជាង ១ឆ្នាំនេះ ធ្វើឲ្យការងារសមាគមមានសន្ទុះវិវឌ្ឍន៍គួរឲ្យកត់សម្គាល់។ ជាពិសេសតាមរយៈការចុះជួបសំណេះសំណាល ជាបន្តបន្ទាប់កន្លងមក បានធ្វើឲ្យសមាជិកសមាគមទាំងអស់សប្បាយរីករាយ ហើយយោគយល់ ចំពោះការលំបាក ខ្វះខាត របស់សមាគម។
នាយឧត្តមសេនីយ៍អគ្គលេខាធិការ បានថ្លែងដូច្នេះ «ជាទូទៅបងប្អូន បានសម្តែងការ ពេញចិត្តពេញថ្លើម ចំពោះសកម្មភាពដ៏មមាញឹក របស់សមាគម រួមទាំងបានសាទរ ចំពោះចំណាត់ការថ្មីៗជាច្រើនទៀត ក្នុងគោលដៅបម្រើផលប្រយោជន៍ពិតៗ របស់អតីតយុទ្ធជន យើង»។
បើទោះបីជាយ៉ាងណាអគ្គលេខាធិការ គន់ គីម បានណែនាំឲ្យថ្នាក់ដឹកនាំសមាគមគ្រប់ថ្នាក់ ពង្រឹងសកម្មភាព សមាគមឲ្យបានជាប់ជាប្រចាំ។ ពិសេសត្រូវបន្តការចុះសួរសុខទុក្ខអតីតយុទ្ធជន តាមគ្រួសារនីមួយៗ ដើម្បីស្វែងយល់ពីស្ថានភាពជីវភាព សុខភាព និង ជួយអន្តរាគមន៍ដោះស្រាយទុក្ខកង្វល់បងប្អូន។
នាយឧត្តមសេនីយ៍ គន់ គីម បានថ្លែងជំរុញដូច្នេះ «ទន្ទឹមនេះទាំងលោកមេឃុំ ចៅសង្កាត់ ជាប្រធានកិត្តិយស និង លោកប្រធានប៉ុស្តិ៍រដ្ឋបាលជាប្រធានសាខា ឃុំ សង្កាត់ ត្រូវបន្តធ្វើអំពើល្អ ហើយខិតខំសហការ និង បង្កគ្រប់លទ្ធភាព ឲ្យបងប្អូនអតីតយុទ្ធជនយើង បានទទួលនូវសេវាសាធារណៈផ្សេងៗ។ ចំពោះមុខត្រូវចុះពិនិត្យ និងវាយតម្លៃអតីតយុទ្ធជន និងគ្រួសារ ដែលក្រីក្រទ័លលំបាកពិតប្រាកដ ហើយរៀបចំបញ្ជីត្រឹមត្រូវបញ្ជូនមកអគ្គលេខាធិការដ្ឋាន ដើម្បីសរុបស្នើសុំសម្តេចប្រធាន ផ្តល់ជាផ្ទះស្នាក់នៅ ឬ ផ្តល់ដីសម្បទានសង្គមកិច្ចជូនបងប្អូន។ ជាមួយនោះ ត្រូវបំផុសចលនាប្រឡងប្រណាំង ៣ពូកែ ក្នុងជួរសមាជិកសមាគម ហើយជ្រើសរើសអ្នកមានស្នាដៃឆ្នើម ដើម្បីសរសើរ ជូនរង្វាន់ និង ចលនាជួយឧបត្ថម្ភគ្នាក្នុងឋានៈជាសមាជិកដូចគ្នា»។
យោងតាមការធ្វើបច្ចុប្បន្នភាពជាក់ស្តែងក្នុងចំណោមសមាជិកសមាគម នៃខេត្តកំពង់ឆ្នាំង កណ្តាល និង រាជធានីភ្នំពេញ ដែលមានសរុប ៩,៥១៥នាក់ ហើយរកឃើញអតីតយុទ្ធជនទ័លក្រ ៥៥២នាក់។
តាមសំណើនាយឧត្តមសេនីយ គន់ គីម សម្តេចតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា បានសម្រេចផ្តល់ផ្ទះចំនួន ២៤ខ្នងដល់អតីតយុទ្ធជន និងគ្រួសារ ដែលទ័លលំបាកជាងគេ។ ក្នុងនោះរាជធានីភ្នំពេញ ១៦ខ្នង, ខេត្តកំពង់ឆ្នាំង ៣ខ្នង និងខេត្តកណ្តាល ៥ខ្នង។ រយៈពេលជាង១ឆ្នាំនេះ សមាគមពិនិត្យឃើញថា ការបើកផ្តល់មរណសង្រ្គោះជូនគ្រួសារសព ត្រូវបានប្រគល់ចំថ្ងៃបុណ្យ មិនមានការយឺតយ៉ាវ ឬ ជំពាក់ប្រាក់សពដូចមុនទៀតឡើយ។
ជាមួយគ្នានោះ សមាគម បានផ្តល់ថវិកាបម្រុងឲ្យសមាគមខេត្តមួយចំនួនប្រមាណពី ២០ ទៅ៤០លានរៀល សម្រាប់ត្រៀមដោះស្រាយបើកផ្តល់ជូនគ្រួសារសពឲ្យទាន់ពេលវេលា ករណីមានបងប្អូន មរណភាព លើសពីថវិកាកំណត់៕