(កំពង់ចាម)៖ លោកស្រីតោ វិឡា ទីប្រឹក្សាសម្តេចក្រឡាហោម ស ខេង និងលោកវ៉េង សុធីអនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានចុះសួរសុខទុក្ខ និងនាំយកមូលនិធីរបស់លោកប៉ាន់ សូរស័ក្តិរដ្ឋមន្ត្រីក្រសួងពាណិ្ជកម្ម។ ជាក់ស្តែងនាព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៧ ក្រុមការងារចុះជួយ ឃុំបឹងណាយ ស្រុកព្រៃឈរ បានចុះពិនិត្យវត្តចំនួន ៥ ក្នុងឃុំបឹងណាយ ដើម្បីជ្រើសយកវត្ត១ សំរាប់ធ្វើបុណ្យ មាឃបូជាខាងមុខនេះ។
លោកវ៉េង សុធី អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងលោកស្រី តោ វិឡា ទីប្រឹក្សាសម្តេចក្រឡាហោម បានថ្លែងថា នៅថ្ងៃនេះ ក្រុមការងារចុះជួយថ្នាក់ជាតិ បានឧបត្ថម្ភស៊ីម៉ងត៍ចំនួន១០តោននិងសំភារ: រួមទាំងថវិកាមួយចំនួនដល់ វត្តទួល សិលារាម ហៅវត្តឈើបាក់ និងឧបត្ថម្ភដីចំនួន៥០ឡាន និងសំភារ: រួមទាំងថវិកាមួយចំនួន សំរាប់ចាក់បំពេញផ្លូវដែលខូចខាត ក្នុងភូមិឈើបាក់ ឃុំបឹងណាយ ស្រុកព្រៃឈរ។
ខណៈនោះ ប្រជាពលរដ្ឋដែលរស់នៅភូមិឃុំខាងលើបានថ្លែងអំណរអគុណដល់ ក្រុមការងាររបស់រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ដែល បានចុះមូលដ្ឋាននេះទទួលបានការជួសជុលផ្លូវជូនពួកគាត់ងាយស្រួលក្នុងការធ្វើចរាចរចេញចូលភូមិឃុំពួកគាត់។ប្រជាពលរដ្ឋ ក៏បានថ្លែងអំណរគុណ និងដឹងគុណចំពោះ លោកប៉ាន់ សូរស័ក្តិ និងមន្ត្រីក្រុមការងារគណបក្ស ប្រជាជនកម្ពុជា ហើយប្តេជ្ញាតបស្នង ដោយការបោះឆ្នោតជូនគណបក្សវិញក្នុងការជ្រើសរើស ក្រុមប្រឹក្សាសង្កាត់និងជ្រើសរើស អ្នកតំណាងរាស្ត្រ នាពេលខាងមុខនេះ៕