(ភ្នំពេញ)៖ អភិបាលរងណ្ឌឫស្សីកែវ លោក ប្រាជ្ញ សីហា បានថ្លែងប្រាប់ភ្នាក់ងារ Fresh News នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៧នេះថា រឿងដីទំនាស់ជាមួយប្រជាពលរដ្ឋ ជាង៧០គ្រួសារ និងភាគីម្ខាងទៀតនៅតំបន់អភិវឌ្ឍន៍ឬស្សីកែវនោះ គឺត្រូវបានដោះស្រាយរួចហើយ នៅក្នុងដៃអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី។
លោកបានបញ្ជាក់ថា «តាមពិតនេះ មិនមែនជាការពិតទេ ព្រោះជាសមត្ថកិច្ចរបស់អាជ្ញាធរជាតិ ហើយអាជ្ញាធរជាតិ បានសម្រេច បែងចែកដីទំនាស់ដ៏រ៉ាំរ៉ៃនេះ ជូនបងប្អូនប្រជាពលរដ្ឋរួចរាល់ ជាស្ថាពរកាលពីដើមខែ គឺថ្ងៃទី២ ខែមករា ឆ្នាំ២០១៧មកម្ល៉េះ»។
ការបញ្ជាក់ពីអភិបាលរងខណ្ឌខាងលើនេះ ធ្វើឡើងបន្ទាប់ពីលោកទទួលបានព័ត៌មានស្តីប្រជាពលរដ្ឋជាច្រើននាក់ តំណាងឲ្យជាង ៧០គ្រួសាររស់នៅភូមិស្ពានខ្ពស់ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ បានលើកគ្នាទៅតវ៉ា ដើម្បីទប់ស្កាត់ការប្រើគ្រឿងចក្រ អាប៊ុល ទៅឈូសឆាយ និងចាក់លុបលើដីមួយកន្លែងដែលកំពុងមានទំនាស់ រាប់ឆ្នាំដោះស្រាយមិនទាន់ចេញ ស្ថិតនៅតំបន់អភិវឌ្ឍន៍ ឫស្សីកែវ កាលពីប៉ុន្មានថ្ងៃមុន។
លោក ប្រាជ្ញ សីហា បានប្រាប់ថា យោងតាមសេចក្ដីសម្រេចរបស់អាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី ដែលដោះស្រាយវិវាទដីធ្លី ជូនបងប្អូនប្រជាពលរដ្ឋ ក្នុងតំបន់អភិវឌ្ឍន៍ឫស្សីកែវទាំងជាង ៧០គ្រួសារនេះ ជាលទ្ធផល អាជ្ញាធរបានសម្រេចបែងចែកដីរួចរាល់ ហើយ ដូចនេះម្ចាស់កម្មសិទ្ធិនិមួយៗ ក្រោយទទួលបានសេចក្ដីសម្រេចពីអាជ្ញាធរជាតិ គឺមានសិទ្ធិគ្រប់គ្រាន់ក្នុងការប្រើគ្រឿងចក្រ អាប៊ុល ទៅឈូសឆាយ និងចាក់លុបលើដីរបស់ខ្លួនដោយពុំមានទាស់ខុសទេ។
លោកថា «បើក្នុងចំណោមបងប្អូនប្រជាពលរដ្ឋ ទាំងជាង៧០គ្រួសារនោះ នៅពុំទាន់ទទួលបានការដោះស្រាយបែងចែកដីពី អាជ្ញាធរជាតិ ហើយមានឯកសារត្រឹមត្រូវ គ្រប់គ្រាន់អាចមកទំនាក់ទំនងតាមរយៈការផ្ដល់ព័ត៌មានពីអាជ្ញាធរបាន។ នៅក្នុងចង្កោម ប្រជាពលរដ្ឋទាំងជាង៧០គ្រួសារ ដែលមានទំនាស់នេះដែរ គឺត្រូវបានអាជ្ញាធរជាតិដោះស្រាយវិវាទដីធ្លី និងបានចេញសេចក្ដី សម្រេចបែងចែកឲ្យរៀងៗខ្លួនរួចរាល់ហើយ លុះត្រាតែ នៅក្នុងចង្កោមនោះ មានប្រជាពលរដ្ឋបដិសេធ មិនព្រមទទួលយក សេចក្ដីសម្រេចរបស់អាជ្ញាធរជាតិ»។
លោក ប្រាជ្ញ សីហា បានពន្យល់បន្ថែមទៀតថា ទី១-អាជ្ញាធរមូលដ្ឋានគ្មានសិទ្ធិបែងចែកដីឡូទាំងអស់នៅក្នុងតំបន់អភិវឌ្ឍន៍ឫស្សីកែវឡើយ ទី២-មានតែអាជ្ញាធរជាតិប៉ុណ្ណោះដែលមាន សិទ្ធិក្នុងការដោះស្រាយ និងបែងចែកដីធ្លី និងទី៣-រាល់សេចក្ដីសម្រេចណា ដែលពាក់ព័ន្ធ និងអាជ្ញាធរជាតិក្នុងការដោះស្រាយវិវាទដីធ្លី ក្នុងនាមអាជ្ញាធរមូលដ្ឋាន ភូមិ សង្កាត់ និងខណ្ឌបានត្រឹមតែចូលរួម សហការតែប៉ុណ្ណោះ។
លោក ប្រាជ្ញ សីហា បានប្រាប់ទៅប្រជាពលរដ្ឋ សូមកុំមកជំទាស់ ឫរារាំងការងាររបស់អាជ្ញាធរមូលដ្ឋាន ពេលកំពុងបំពេញភារកិច្ច អនុវត្តន៍សេចក្ដីសម្រេចរបស់អាជ្ញាធរជាតិដែលដោះស្រាយវិវាទដីធ្លី។
សូមបញ្ជាក់ថា កាលពីថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៧ ប្រជាពលរដ្ឋជាច្រើននាក់ តំណាងឲ្យជាង៧០គ្រួសារ រស់នៅភូមិស្ពានខ្ពស់ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ បានលើកគ្នាទៅតវ៉ា ហើយទប់ស្កាត់ការប្រើគ្រឿងចក្រ អាប៊ុល ទៅឈូសឆាយ និងចាក់លុប លើដីមួយកន្លែងដែលកំពុងមានទំនាស់ រាប់ឆ្នាំដោះស្រាយមិនទាន់ចេញ ស្ថិតនៅតំបន់អភិវឌ្ឍន៍ឫស្សីកែវ។
លោក សុខ ទ្រី តំណាងប្រជាពលរដ្ឋបានប្រាប់ក្រុមអ្នកកាសែតថា បញ្ហាទំនាស់ដីធ្លីមួយនេះ បានកើតឡើងយូរឆ្នាំមកហើយ រវាងភាគី ប្រជាពលរដ្ឋ ជាង៧០គ្រួសារជាមួយភាគីម្ខាងទៀត មិនស្គាល់ឈ្មោះនោះទេ តែគ្រាន់តែដឹងថាជាអ្នកមាន រហូតធ្លាក់ទៅដល់ដៃ អាជ្ញាធរ ជាតិដោះស្រាយទំនាស់ដីធ្លីទៀតផង។
លោកបានបន្តទៀតថា ខណ:ការដោះស្រាយមិនទាន់បានបញ្ចប់ផង ស្រាប់តែភាគីនោះ បានឲ្យក្រុមកម្មកររបស់គេ យកអាប៊ុល គ្រឿងចក្រ មកឈូសឆាយ និងចាក់ដីលុបចង់យកទៅធ្វើជាកម្មសិទ្ធផ្តាច់មុខទៅវិញ៕