(រតនគិរី)៖ ប្រជាពលរដ្ឋមួយគ្រួសារនៅក្នុងក្រុងបានលុង ខេត្តរតនគិរី កំពុងធ្លាក់ខ្លួនឈឺកម្រិតធ្ងន់ធ្ងរ (ទឹកនោមផ្អែម និងទាចទឹក) ហើយថែមទាំងជំពាក់បំណុលធនាគាររហូតដល់ទៅ ៥ម៉ឺនដុល្លារ។ បំណុលនេះ កំពុងធ្វើឲ្យកូនតូចធំរហូតដល់ទៅ ៥នាក់ ប្រឈមការបាត់បង់ទីជម្រក។ លោកឪពុក និងអ្នកម្តាយ កំពុងធ្លាក់ខ្លួនឈឺធ្ងន់ ហើយមិនរំពឹងថាជំងឺអនុញ្ញាតឲ្យជីវិតរស់បានយូរអង្វែង បានទទូច ដល់សប្បុរសជនជួយដោះស្រាយទុក្ខលំបាករបស់ខ្លួន ដើម្បីរក្សាផ្ទះសម្បែងជូនកូនៗមុននឹងត្រូវឃ្លាតឆ្ងាយ។
ដោយសារតែមើលឃើញពីទុក្ខលំបាកនេះ អភិបាលខេត្តរតនគិរី លោក ថង សាវុន និង ក្រុមការងារនៅព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៧នេះ បានប្រមូលថវិកាបានជិត ១២លានរៀលជូនប្រជាពលរដ្ឋមួយគ្រួសារនេះ ដើម្បីដោះស្រាយទុក្ខលំបាក។
ប្រជាពលរដ្ឋមួយគ្រួសារ ដែលកំពុងធ្លាក់ខ្លួនឈឺធ្ងន់ ហើយហ៊ុមព័ទ្ធដោយបំណុលធនាគារនេះ ប្តីឈ្មោះ កែវ ភី និងភរិយាឈ្មោះ កាន ណាវី មានលំនៅឋានក្នុងភូមិជ័យជម្នះ សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី។ គ្រួសារនេះ មានកូនក្នុងបន្ទុកចំនួន ៥នាក់ ពីរនាក់មានអាយុប្រមាណ ២០ឆ្នាំ ហើយ ៣នាក់ទៀតមានអាយុចន្លោះពី ៨ឆ្នាំ ទៅ១០ឆ្នាំ។
មន្រ្តីសាលាខេត្តរតនគិរី បានឲ្យដឹងថា គ្រួសារខាងលើប្តីកំពុងមានជំងឺទឹកនោមផ្អែកឡើងដំប៉ៅពេញខ្លួន រីឯភរិយាវិញមានជំងឺទាចទឹក។
បើតាមមន្រ្តីសាលាខេត្តបានឲ្យដឹងថា ដោយសារតែមើលឃើញពីទុក្ខលំបាក របស់ប្រជាពលរដ្ឋនៅក្នុងទឹកដីរបស់ខ្លួន លោកអភិបាលខេត្តរតនគិរី លោក ថង សាវុន និងក្រុមការងារ ដែលមិនដឹងថាត្រូវជួយតាមវិធីណានោះ ក៏បានរៃអង្គាសថវិកាផ្ទាល់ខ្លួនបានជិត ១២លានរៀលទៅប្រគល់ជូន ដើម្បីដោះស្រាយទុក្ខលំបាកក្នុងជីវិតប្រចាំថ្ងៃ។
ទន្ទឹមការផ្តល់ថវិកាហើយនោះ លោកអភិបាលខេត្តគិរី ក៏បានជួយសម្របសម្រួលដោះស្រាយ យករថយន្តមួយគ្រឿងរបស់គ្រួសារនេះ ពីសមត្ថកិច្ចមកវិញ បន្ទាប់ពីចាញ់បោកឈ្មួញដឹកទំនិញខុសច្បាប់ ហើយត្រូវសមត្ថកិច្ចឃាត់យកទៅរក្សាទុកកាលពីពេលកន្លងទៅ។
លោក កែវ ភី និងភរិយា ដែលកំពុងរស់ទាំងក្តីអស់សង្ឃឹមក្នុងជីវិតព្រោះតែជំងឺរួមរិតយ៉ាងធ្ងន់ធ្ងរនោះ បានថ្លែងអរគុណលោក ថង សាវុន និងក្រុមការងារទាំងភាពក្តុកក្តួល។ ពួកគាត់បានចាត់ទុកការផ្តល់ថវិកានេះ គឺជាទឹកចិត្តដ៏សែនសប្បុរសកម្ររកបាន ហើយពួកគាត់ក៏មិន នឹកស្មានថាបានការយកចិត្តទុកដាក់ពីអភិបាលខេត្តយ៉ាងដូច្នេះឡើយ។
បើទោះបីជាយ៉ាងណា លោក កែវ ភី និងភរិយា នៅតែបន្តទទួចស្វែងរកក្តីសណ្តោសប្រណៃពីសម្បុរសជននានា ជួយដោះស្រាយទុក្ខលំបាករបស់ពួកគាត់។ លោក កែវ ភី និងភរិយា បានបញ្ជាក់ថា ជំងឺដ៏ធ្ងន់ធ្ងររបស់ពួកគាត់ប្រហែលជាមិនអនុញ្ញាតឲ្យពួកគាត់បន្តជីវិត បានយូរអង្វែងទៀតនោះឡើយ ដូច្នេះគាត់ក៏មានឱកាសបានសងបំណុលធនាគារឲ្យនោះដែរ។
គាត់រំពឹងថា នឹងមានសប្បុរសជនជួយដោះទុក្ខលំបាក ក្នុងជីវិតចុងក្រោយរបស់ពួកគាត់ ដើម្បីរក្សាដីផ្ទះសម្រាប់កូនតូចធំទាំង ៥នាក់របស់ពួកគាត់ឲ្យរស់នៅបានសមរម្យ៕