(កំពង់ធំ)៖ លោក យ៉ាន ឆវ័ន្ត ជំនួយការលេខាធិការដ្ឋានប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស បានអានរបាយការណ៍សកម្មភាព ការងារ ឆ្នាំ២០១៦ ដោយបានប្រមូលទិន្នន័យស្ត្រីនិងអនីតិជននៅពន្ធនាគារ ស្ត្រីជាប់ពន្ធនាគារ មានចំនួន៣៦នាក់ ក្នុងនោះ ស្ត្រីមានកូនអាយុ១៨ខែចំនួន១នាក់ ស្ត្រីមានកូនអាយុ១ខែចំនួន១នាក់ និងអនីតិជនជាប់ពន្ធនាគារចំនួន២៣នាក់។
លោក យ៉ាន ឆវ័ន្ត ជំនួយការលេខាធិការដ្ឋានប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស បានលើកឡើងខណ់លោក និង លោកស្រី ឃួន ឃុនឌី អភិបាលរងខេត្តកំពង់ធំ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារ ឆ្នាំ២០១៦ និងទិសដៅការងារ ឆ្នាំ២០១៧ របស់គណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ខ.ប.ជ) នៅព្រឹកថ្ងៃទី២៦ ខែ មករា ឆ្នាំ ២០១៧ ។
កម្មវិធីនេះមានការចូលរួមពីប្រធានអង្គភាពមន្ទីរពាក់ព័ន្ធ កងកំលាំងប្រដាប់អាវុធ អាជ្ញាធរ ក្រុង ស្រុក អង្គការក្រៅរដ្ឋភិបាល ជាច្រើនរូបទៀត។
បន្ថែមពីលើនេះ លោកស្រី ឃួន ឃុនឌី បានលើកឡើងថា ក្រុមការងារត្រូវបង្កើនចុះផ្សព្វផ្សាយការជួញដូរមនុស្ស ដល់ ប្រជាពលរដ្ឋ នៅតាមសហគមន៍ឲ្យបានច្រើន ត្រូវពន្យល់គាត់ កុំឲ្យទុកក្មេងស្រីនៅម្នាកឯង ឬទៅឃ្វាល ក្របីឆ្ងាយ និងសំណើសុំដល់សមត្ថកិច្ច ចាត់អនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព ឲ្យមានប្រសិទ្ធភាពទទួល បានលទ្ធផលល្អប្រសើរ។
ក្រៅពីនេះ លោកស្រី អភិបាលរង បានលើកឡើងទៀតថា ត្រូវផ្សព្វផ្សាយតាមវិទ្យុ ទូរទស្សន៍ឲ្យបានទូលំទូលាយនិងអប់រំណែនាំ ជាប្រចាំនៅតាមក្លឹបកំសាន្តខារ៉ាអូខេ អំពីច្បាប់ទប់ស្កាត់អំពើហិង្សា ក្នុងគ្រួសារ ច្បាប់ទប់ស្កាត់ការជួញដូរមនុស្ស វិធីសាស្ត្រធ្វើ ចំណាកស្រុក ដោយសុវត្ថិភាព ប្រមូលទិន្នន័យតាមមណ្ឌល អង្គការចិញ្ចឹមកុមារនិងអង្គការដែលបានផ្តល់សេវាដល់កុមារតាម សហគមន៍ បណ្តុះបណ្តាលដល់មនុស្ស គ្រប់វ័យទាក់ទង នឹងកិច្ចការពារកុមារនៅសហគមន៍ចុះអធិការកិច្ចវាយតម្លៃតាមមណ្ឌល កុមារ នៅតាមមណ្ឌលនិងតាមសហគមន៍៕