(ភ្នំពេញ)៖ ក្រោយពីទទួលលិខិតកោះអញ្ជើញពី លោក សៀង សុខ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០១៧ កន្លងទៅ លោក គី តិច មេធាវីការពារក្តីជូនសម្តេចតេជោ ហ៊ុន សែន នឹងចូលផ្តល់ចម្លើយជូនតុលាការ នៅវេលាម៉ោង ២៖៣០នាទីរសៀល ថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៧នេះ ស្តីពីដំណើរឿងប្តឹង លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ ពីបទបរិហាកេរ្តិ៍ជាសាធារណៈ ទៅលើសម្តេចតេជោ ហ៊ុន សែន។
យោងតាមលិខិតអញ្ជើញរបស់លោក សៀង សុខ បានបញ្ជាក់ថា «សាមីខ្លួន ត្រូវអញ្ជើញតាមលិខិតអញ្ជើញ ឲ្យបានទាន់ពេលវេលា និងយកលិខិតផ្សេងៗ ដែលទាក់ទងនិងរឿងខាងលើមកជាមួយផងប្រសិនបើមាន»។
សូមបញ្ជាក់ថា កាលពីព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៧ ពាក្យបណ្តឹងរបស់សម្តេចតេជោ ហ៊ុន សែន ប្តឹងលោក សម រង្ស៊ី ទាមទារសំណងជំងឺចិត្ត ១លានដុល្លារសហអាមេរិក លើបទល្មើស «បរិហាកេរ្តិ៍ជាសាធារណៈ» ត្រូវបានលោក គី តិច មេធាវីការពារក្តីសម្តេចតេជោ ហ៊ុន សែន បានដាក់ចូលទៅកាន់សាលាដំបូងរាជធានីភ្នំពេញ។
លោក គី តិច បានបញ្ជាក់ប្រាប់អង្គភាពព័ត៌មាន Fresh News ថា៖ «ថវិកាដែលប្តឹងទាមទារសំណងជំងឺចិត្ត៤ពាន់លានរៀល ឬ១លានដុល្លារអាមេរិក ហើយប្រសិនបើត្រូវបានតុលាការសម្រេចឲ្យសងនោះ, សម្តេចតេជោ ហ៊ុន សែន នឹងយកទៅសាងសង់ផ្ទះជូនជនពិការទូទៅ»៕