(តាកែវ)៖ លោក អ៉ី សារី អនុប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកព្រៃកប្បាស ខេត្តតាកែវ តំណាងលោកទេសរដ្ឋមន្រ្តី យឹម ណុលឡា សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា អនុប្រធានក្រុមការងារ ថ្នាក់កណ្តាលចុះជួយខេត្តតាកែវ និងជាសហប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកព្រៃកប្បាស ខេត្តតាកែវ បានតាស់តឿន និងក្រើនរំលឹកទៅដល់អាជ្ញាធរ និង សមត្ថកិច្ចនៅ ក្នុងឃុំព្រៃល្វា ត្រូវយកចិត្តទុកដាក់បម្រើប្រជាពលរដ្ឋឲ្យអស់ពីកម្លាំងកាយចិត្ត។
លោក អ៉ី សារី ក៏បានណែនាំឲ្យសមត្ថកិច្ចថែរក្សាស្ថិរភាពសណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមក្នុងមូលដ្ឋានឲ្យបានរឹងមាំ ដោយអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាពឲ្យបានកាន់តែខ្លាំងក្លា ជាពិសេសលុបបំបាត់ឲ្យអស់ក្មេងទំនើង គ្រឿងញៀនល្បែងស៊ីសង និងចោរកម្ម ដើម្បីធានាការរស់នៅដ៏សុខសាន្តរបស់ប្រជាជន។
ការជំរុញដល់អាជ្ញាធរ និងសមត្ថកិច្ចឲ្យយកចិត្តទុកដាក់បម្រើប្រជាពលរដ្ឋនេះ បានធ្វើឡើងក្នុងឱកាសលោក អ៉ី សារី អញ្ជើញជា អធិបតីក្នុងសន្និបាតបូកសរុបការងាររយៈពេល ៥ឆ្នាំ (២០១២-២០១៧) និងទិសដៅភារកិច្ចបន្តឆ្នាំ២០១៧-២០២២ របស់គណៈ កម្មាធិការគណបក្ស និងក្រុមប្រឹក្សាឃុំព្រៃល្វា ដោយមានការចូលរួមពី លោក ស៊ូ ភិរិន្ទ អនុប្រធានក្រុមការងារថ្នាក់កណ្តាល ចុះជួយខេត្តតាកែវ និងជាប្រធានក្រុមសេនាធិការ នៃក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តតាកែវ និង លោក ប៊ុន ហុន ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយឃុំព្រៃល្វា និងក្រុមការងារថ្នាក់ស្រុក និងថ្នាក់ខេត្តផងដែរ។
ក្នុងឱកាសនោះ លោក អ៉ី សារី បានគូសបញ្ជាក់ថា គោលបំណងចម្បងរបស់គណបក្សប្រជាជនកម្ពុជា គឺធ្វើឲ្យប្រជាជនមាន ជីវភាពកាន់តែរីកចម្រើនល្អប្រសើរជាលំដាប់។ ជាក់ស្តែងកំណើនសេដ្ឋកិច្ចរបស់កម្ពុជា ក្នុងឆ្នាំ២០១៦នេះ នៅតែសម្រេចបាន ក្នុងអត្រា៧%។ ចំណូលប្រចាំឆ្នាំរបស់ប្រជាជនកម្ពុជា កើនឡើងពី១០៤២ដុល្លារអាមេរិក នៅឆ្នាំ២០១៣ រហូតដល់ ១,៣៣២ដុល្លារ អាមេរិក នៅក្នុងឆ្នាំ២០១៦។
អត្រាក្រីក្របានធ្លាក់ចុះពី ៥៣,៥% នៅក្នុងឆ្នាំ២០០៤ ដល់ប្រមាណ១៣,៥% នៅក្នុងឆ្នាំ២០១៤។ នៅឆ្នាំ២០១៧នេះ កម្ពុជាបាន ចាកចេញពីចំណាត់ថ្នាក់ប្រទេស មានប្រាក់ចំណូលកម្រិតទាបទៅជាប្រទេសមាន ប្រាក់ចំណូលមធ្យមកម្រិតទាប។ ហើយនឹង សម្រេចឲ្យបាននូវគោលដៅជាតិដែលមានបំណង ប្រែក្លាយជាប្រទេសមានចំណូល មធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេស អភិវឌ្ឍន៍នៅឆ្នាំ២០៥០។
លោក អ៉ី សារី ក៏បានដាស់តឿន ក្រើនរំលឹកដល់គណៈកម្មាធិការបក្សឃុំ ក្រុមប្រឹក្សាឃុំព្រៃល្វា ព្រមទាំងកងកម្លាំងប្រដាប់អាវុធ ទាំងអស់ត្រូវបន្តបម្រើប្រជាជន ហើយត្រូវចងចាំនូវពាក្យស្លោក «ឆ្លុះកញ្ចក់ ងូតទឹក ដុលក្អែល និងព្យាបាល» និងបានលើក ឡើងនូវសាររំលឹករបស់សម្តេចតេជោ ហ៊ុន សែន នៅក្នុងសន្និបាតគណៈកម្មាធិការកណ្តាលើកទី៤០ អាណត្តិទី៥ ថា៖ «ភាពក្រអឺតក្រទមរបស់មន្រ្តីរាជការ គឺជាបណ្តាសាររបស់ប្រជាជន»៕