(ភ្នំពេញ)៖ ខ្មាន់កាំភ្លើង និងបក្ខពួកដែលបានប្លន់ និងបាញ់សម្លាប់បុរសម្នាក់ ហើយធ្វើឲ្យនារី២នាក់ រងរបួសធ្ងន់ស្រាល នៅជិតផ្សារសុវណ្ណា សង្កាត់ទំនប់ទឹក ខណ្ឌចំការមន កាលពីសប្ដាហ៍មុន ដែលធ្វើឲ្យកក្រើកពេញបណ្តាញសង្គម Facebook តាមរយ:វីដេអូយ៉ាងសហាវនោះ ត្រូវបានកម្លាំងនគរបាលតាមវែកមុខ និងឃាត់ខ្លួនបានហើយ ចំនួន២នាក់ ម្នាក់ជាជនដៃល់តែម្តង។
ជនដៃដល់ដែលបាញ់សម្លាប់ជនរងគ្រោះឈ្មោះ អ៊ុ សួស្ដី ហៅ ពៅក្បាលធំ និងម្នាក់ទៀតឈ្មោះ ចាន់ សុវណ្ណ ហៅប៉ែត។
មន្ដ្រីនគរបាល បានប្រាប់អង្គភាព Fresh News នៅព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៧នេះថា ប្រតិបត្តិការតាមវែកមុខ និងឃាត់ខ្លូនក្រុមប្លន់ប្រដាប់អាវុធដ៏សកម្មនៅក្នុងរាជធានីភ្នំពេញ បានធ្វើឡើងដោយ មានកិច្ចសហការវាងកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់រាជធានីភ្នំពេញ កម្លាំងនគរបាលខណ្ឌចំការមន ជាមួយកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ ក្រោមការសម្របសម្រួលពី លោក សៀង សុខ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ។
មន្ដ្រីនគរបាលបានឲ្យដឹងទៀតថា ជនសង្ស័យទាំង២នាក់ ត្រូវបានឃាត់ខ្លួន កាលពីម៉ោង១៣៖៣០នាទី ថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៧ នៅបន្ទប់ជួលលេខ០០១ ផ្លូវទ្រុងមាន់ ភូមិតាងៅ សង្កាត់និរោធ ខណ្ឌច្បារអំពៅ។ ជាមួយការឃាត់ខ្លួន សមត្ថកិច្ចដកហូតបាន អាវុធ៣ដើម (M16កាត់០១ដើម,ម៉ាក Bareta ចំនួន០១ដើម និងមួយដើមទៀត ប្រភេទអាវុធខ្លី មិនស្គាល់ម៉ាក)។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងត្រូវបានបញ្ជូនទៅកាន់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ ហើយនៅរសៀលថ្ងៃនេះ នគរបាលនឹងធ្វើសន្និសីទកាសែតបង្ហាញមុខជាសាធារណ:។
សូមបញ្ជាក់ថា កាលពីយប់ថ្ងៃទី២១ ខែមករា ឆ្នាំ២០១៧កន្លងទៅ មានករណីតាមប្លន់ដល់មុខផ្ទះ ស្ថិតនៅក្បែរសុវណ្ណា ខណ្ឌចំការមន។ ករណីប្លន់នេះ ក្រុមជនសង្ស័យដែលមានគ្នា៣នាក់ បានប្រតាយប្រតប់យកកាបូប ហើយបាញ់បុរសម្នាក់ ដែលព្យាយាមបើកឡានបុកពួកគេឲ្យស្លាប់បាត់បង់ជីវិត ខណៈដែលនារី២នាក់ទៀត ត្រូវជនសង្ស័យទាត់ធាក់ ឲ្យរងរបួសធ្ងន់ស្រាល។
ក្រុមជនសង្ស័យ ដែលសមត្ថកិច្ចទើបចាប់ខ្លូនបាននេះ ក៏ត្រូវបាននារីរងគ្រោះផ្សេងទៀត អះអាងថា ធ្លាប់បានធ្វើសកម្មភាពប្លន់ពូកគេផងដែរ កាលពីខែធ្នូ ឆ្នាំ២០១៦ តែប្លន់មិនបានសម្រេចព្រោះក្រុមជនរងគ្រោះបានបើករថយន្ដចូលផ្ទះទាន់ពេលវេលា៕