(ភ្នំពេញ)៖ ទីបំផុតឃ្លាំងស្តុកស្រូវ ដែលមានសមត្ថភាព ស្តុកបាន២០ម៉ឺនតោន និងឡសម្ងួតស្រូវ អាចសម្ងួតបាន៣០០០តោនក្នុងមួយថ្ងៃ នៅខេត្តបាត់ដំបង ដែលរាជរដ្ឋាភិបាល ដាក់ឲ្យដេញថ្លៃ តម្លៃប្រមាណ១០លានដុល្លារនោះ ត្រូវបានធ្លាក់ទៅលើដៃលោកឧកញ៉ា ភូ ពុយ ប្រធានធនាគារស្រូវ។
ការដាក់ឲ្យដេញថ្លៃសាងសង់ឃ្លាំងស្តុកស្រូវ និងឡសម្ងួតស្រូវ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា ដាក់ឲ្យដេញថ្លៃ តាមរយៈធនាគារអភិវឌ្ឍន៍ជនបទ ដើម្បីលើកកម្ពស់ផលិតកម្មស្រូវ និងគោលនយោបាយនាំចេញអង្ករ។
ក្រុមហ៊ុន និងរោងម៉ាស៉ិនកិនស្រូវចំនួន៤ បានដាក់ពាក្យដេញថ្លៃគម្រោងឃ្លាំងស្តុកស្រូវ និងឡសម្ងួននេះ រួមមាន៖ ធនាគារស្រូវ, ក្រុមហ៊ុនឃែតថល ហ្វូដ អ៊ិនវេសមេន អ៊ីមផត ខូអិលធីឌី, រោងម៉ាស៊ីនកិនស្រូវ អ៊ីងវណ្ណម៉ៅ និងក្រុមហ៊ុន ANDURIZ (Cambodia) Sarl។
ក្រុមហ៊ុនទាំង៤នេះ ត្រូវវាយតម្លៃជាឯករាជ្យ ដោយក្រុមហ៊ុន Mekong Strategic Partner ដើម្បីត្រួតពិនិត្យ គុណវុឌ្ឍ មុននឹងសម្រេចដាក់ ជូនក្រុមប្រឹក្សាភិបាលធនាគារអភិវឌ្ឍន៍ជនបទ។ ប៉ុន្តែលទ្ធផលចុងក្រោយ បានធ្លាក់ទៅលើ ធនាគារស្រូវ របស់ឧកញ៉ាល្បីឈ្មោះ នៅខេត្តបាត់ដំបង ភូ ពុយ។
ពាក់ព័ន្ធការសាងសង់ឃ្លាំងស្តុកស្រូវ និងឡសម្ងួតនេះ ឧកញ៉ា ភូ ពុយ បានថ្លែងប្រាប់អង្គភាព Fresh News នៅថ្ងៃទី២៦ ខែមករានេះថា បន្ទាប់ពីទទួលបានគោលការណ៍នេះ លោករំពឹងថា នឹងចាប់ផ្តើមសាងសង់នៅក្នុងខែកុម្ភៈ ឆ្នាំ២០១៧ ខាងមុខនេះ ហើយគ្រោងនឹងបញ្ចប់ នៅចុងឆ្នាំ២០១៧នេះ ដើម្បីឲ្យទាន់រដូវប្រមូលផល។
លោកឧកញ៉ា ភូ ពុយ បានបញ្ជាក់ទៀតថា ឃ្លាំងស្កុកស្រូវ និងឡសម្ងួតនេះ នឹងរួមចំណែកជួយដល់កសិករ ដែលជាអ្នកផលិតស្រូវ កុំឲ្យមានការរាំងស្ទះ ដូចពេលកន្លងទៅ និងក៏ជាការរួមចំណែក ដល់រោងម៉ាស៉ីនកិនស្រូវ និងអ្នកនាំចេញ ក្នុងការគាំទ្រគោលនយោបាយ នាំចេញអង្ករ១លានតោន របស់រាជរដ្ឋាភិបាលកម្ពុជាផងដែរ៕