(តាកែវ)៖ លោកបណ្ឌិត ងួន ញិុល អនុប្រធានទី២នៃរដ្ឋសភា បានស្នើឲ្យប្រជាពលរដ្ឋ សូមចូលរួមអនុវត្ត គោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាព ការធ្វើ អត្តសញ្ញាណប័ណ្ណជូនប្រជាពលរដ្ឋ ការអនុវត្តច្បាប់ចរាចរណ៍ឈានឆ្ពោះ ទៅកាត់បន្ថយ គ្រោះថ្នាក់ចរាចរណ៍ គឺផ្តើមចេញ ពីការកាត់បន្ថយការបរិភោគ គ្រឿងស្រវឹង។
បន្ថែមពីលើនេះ បណ្ឌិត ងួន ញិុលក៏បានសំណូមពរដល់ប្រជាពលរដ្ឋចូលរួមសហការជាមួយសមត្ថកិច្ច លុបបំបាត់ គ្រឿងស្រវឹង គ្រឿងញៀន ដែលជាភាពអសកម្មនៅក្នុងភូមិ-ឃុំ របស់យើងក៍ដូចជានៅក្នុងសង្គម ជាពិសេស ជះឥទ្ធិពល យ៉ាងខ្លាំង នៅក្នុងស្រទាប់យុវវ័យផងដែរ។
លោកបណ្ឌិត ងួន ញ៉ិល អនុប្រធានទី២នៃរដ្ឋសភា និងឧកញ៉ា ហ៊ួត ចាន់ថូ ទីប្រឹក្សាបណ្ឌិត ងួន ញ៉ិល អនុប្រធានទី២នៃរដ្ឋសភា និងលោកស្រី កង សុមនា បានអញ្ជើញជាអធិបតីក្នុងពិធីគម្រប់ខួបលើកទី៧ របស់ក្រុមហ៊ុនTOP Dianmond ដែលមានទីតាំងស្ថិតនៅភូមិផ្សារ ឃុំភ្នំដិន ស្រុកគីរីវង់ ខេត្តតាកែវ នៅថ្ងៃទី ២៥ ខែមករា ឆ្នាំ២០១៧ ។
លោក បណ្ឌិត ងួន ញុិល បានសង្កត់ធ្ងន់ទៅលើបញ្ហាជាក់ស្តែង នៅក្នុងសង្គមយើងនាពេលបច្ចុប្បន្ន រាជរដ្ឋាភិបាល ក្រោមការដឹកនាំ របស់ប្រមុខរាជរដ្ឋាភិបាលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បាននាំមកនូវ សុខសន្តិភាព ស្ថេរភាពនយោបាយ ធ្វើរឲ្យសេដ្ឋកិច្ចជាតិនិងសេដ្ឋកិច្ចគ្រួសារល្អប្រសើរពីមួយថ្ងៃទៅមួយថ្ងៃ។
យោងតាមរបាយការណ៍សង្ខេបអំពីបច្ចុប្បន្នបុគ្គលិក ដែលបានកំពុងបំរើការក្នុងក្រុមហ៊ុនTOP Diamond ប្រមាណ៧៥ភាគរយ សុទ្ធសឹងគឺជាកូនចៅប្រជាពលរដ្ឋ ដែលមានទីលំនៅក្នុងដ្ឋាននៅក្បែរក្រុមហ៊ុន លោក ឧកញ៉ា ហ៊ួត ចាន់ថូ អគ្គនាយកក្រុមហ៊ុន TOP Daimond បានលើកឡើងថា ស្ថិតក្រោមការចង្អុលបង្ហាញ និងការផ្តល់អនុសាសន៍ណែនាំ របស់បណ្ឌិត ងួន ញ៉ិល អនុប្រធានទី២នៃរដ្ឋសភាបានចូលរួមចំណែក នឹងគោលនយោបាយរបស់ រាជរដ្ឋាភិបាលកម្ពុជា ក្នុងការកាត់បន្ថយភាពក្រីក្រនៅតាមទីជនបទ និងបានផ្តល់ឱកាសការងារជូនដល់កូនចៅប្រជាពលរដ្ឋក្នុង មូលដ្ឋានមានការងារធ្វើ ដោយមិនចាំបាច់ចំណាកស្រុក លើសពីនេះទៅទៀត ក្រុមហ៊ុនបានខិតខំស្វែងរក ដៃគូដើម្បីពង្រីបន្ថែម នូវមុខជំនួញ និងបង្កើតការងារ ផ្តល់ឲ្យកូនចៅប្រជាពលរដ្ឋ នៅតំបន់ ជាយដែននេះ ឲ្យមានការងារធ្វើគ្រប់ៗគ្នាសំខាន់ ប្រជាពលរដ្ឋបានរស់នៅជួបជុំគ្រួសារសាច់ញាតិ បងប្អូន និង កូនចៅ។
ក្រៅពីនេះ លោកបណ្ឌិត ងួន ញ៉ិល និងលោក ឧកញ៉ា ហ៊ួត ចាន់ថូ និងលោកស្រី កង សុមនា បានផ្តល់អំណោយ ជាវត្ថុអនុស្សាវរីយ៍ និងថវិកាមួយចំនួន ដល់ប្រជាពលរដ្ឋប្រមាណ៤០០នាក់ និងលោកយាយ លោកតា ដែលមានវ័យចាស់ជរានៅក្នុងភូមិ ក្រៅពីនោះថ្នាក់ដឹកនាំខាងលើ ក៏បានចុះសួរសុខទុក្ខដល់លំនៅដ្ឋាន និងបានផ្តល់អំណោយជាអាវ និងថវិកាមួយចំនួនផងដែរ៕