(ភ្នំពេញ)៖ លោក គឹម ចាន់សំណាង ជាប្រធានសហព័ន្ធសហជីពកម្មករប្រជាធិបតេយ្យ ជឿនលឿន (TUWFPD) តំណាងឲ្យសមាជិកសមាជិកា ដែលជាកម្មករកម្មការិនី កំពុងធ្វើការក្នុងវិស័យកាត់ដេរ ដេរស្បែកជើង ចំការកៅស៊ូ សមាគមគ្រូបង្រៀន សមាគមដឹកជញ្ជូន និងស្រាបៀរ ស្ថិតក្នុងរាជធានី-ខេត្តក្រុង មួយចំនួននៃកម្ពុជា បានប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះប្រសាសន៍ របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ដែលបានទាមទារឲ្យអាមេរិកលុបចោលបំណុល។
សម្តេចតេជោ ហ៊ុន សែន បានលើកឡើងអំពីបញ្ហាបំណុលជំពាក់អាមេរិក កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០១៧ នៅក្នុងវេទិកាសេដ្ឋកិច្ចពិភពលោក ទីក្រុង Davos ប្រទេសស្វីស និងប្រសាសន៍របស់សម្តេចថ្លែង នៅក្នុងពិធីបុណ្យសមុទ្រ នៅខេត្តព្រះសីហនុ កាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៦ ដែលទាមទារឲ្យសហរដ្ឋអាមេរិក លុបបំណល់ដែលកម្ពុជា បានជំពាក់ក្នុងសម័យលន់ណុល។
លោក គឹម ចាន់សំណាង យល់ឃើញថា បំណុលដែលកម្ពុជាបានជំពាក់ ក្នុងសម័យលន់ណុលគឺ ជាបំណុលមនុស្សឃាត មិនមែនជាបំណុលមនុស្សធម៌ទេ ហើយក៏មិនមែនជាបំណុលដែលយកមកអភិវឌ្ឍន៏នូវហេដ្ឋារចនាសម្ព័ន្ធ ឬបង្កើននូវសន្តិភាព សេដ្ឋកិច្ចណាមួយឡើយ ផ្ទុយទៅវិញជាបំណុលដែលពួកគេយកមកទិញគ្រឿងសព្វាវុធ និងគ្រាប់បែក ប្រមាណជាង២លាន៨សែនតោនដើម្បីធ្វើសង្គ្រាមបំផ្លាញ សម្លាប់ប្រជាពលរដ្ឋខ្មែរយ៉ាងរង្គាល ជាបន្តរបន្ទាប់ ប្រមាណជាង ៥០០,០០០នាក់ ដូច្នេះពួកយើងជាក្មេងជំនាន់ក្រោយ មិនអាចទទួលយកនូវការជំពាក់បំណុលទាំងនេះបានឡើយ ពួកយើងសូមប្រឆាំងដាច់ខាតចំពោះការសងបំណុលមនុស្សឃាតនេះបានឡើយ បើសិនជាពួកយើងសង គឺស្មើនឹងយើងបានចូលរួមសម្លាប់ប្រជាពលរដ្ឋខ្មែរ ដូចកាលពីសម័យនោះដែរ។
លោកក៏បានបន្តរទៀតថា ជំនួសឲ្យសមាជិកសមាជិកា នៃសហភាពសិទ្ធិកម្មករកម្ពុជា និង សហព័ន្ធសហជីពកម្មករប្រជាធិបតេយ្យជឿនលឿនទាំងអស់ សូមប្រកាសគាំទ្រយ៉ាង ពេញទំហឹងចំពោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានធ្វើការទាមទារអោយសហរដ្ឋអាមេរិច លុបចោលនូវបំណុល មនុស្សឃាតនេះចេញពីកម្ពុជា និងថ្កោលទោស ចំពោះគណៈឬស្ថាប័នណាដែលមានសកម្មភាព ណាមួយ ដែលមានបំណងរារាំងមិនឲ្យសហរដ្ឋអាមេរិកលុបចោលនូវបំណុលដែលប្រជាពលរដ្ឋយើងមិនអាចទទួលយកបានឡើយ ពីកម្ពុជា និងសូមអោយសហរដ្ឋអាមេរិកពិចារណា និងលុបចោលនូវបំណុលទាំងនេះ ក្នុងនាមប្រទេសដែលគោរពនូវលទ្ធិប្រជាធិបតេយ្យ៕
សូមស្ដាប់ប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន លើកឡើងអំពីបញ្ហាបំណុលជំពាក់អាមេរិក កាលពីថ្ងៃទី២០ ខែមករា នៅក្នុងវេទិកាសេដ្ឋកិច្ចពិភពលោក និងប្រសាសន៍របស់សម្តេចថ្លែងនៅក្នុងពិធីបុណ្យសមុទ្រ នៅខេត្តព្រះសីហនុ កាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៦៖