(សៀមរាប)៖ មន្រ្តីសាខាកាំកុងត្រូលខេត្តសៀមរាប និងអាកាសយានដ្ឋានអន្តរជាតិសៀមរាប នៅថ្ងៃពុធ ទី២៥ ខែមករា ឆ្នាំ២០១៧ បានសហការជាមួយមន្ទីរពាណិជ្ជកម្ម បានបន្តចុះពិនិត្យ និងផ្សព្វផ្សាយ អំពីគុណភាព និងសុវត្ថិភាពម្ហូបអាហារ នៅតាមផ្ទះ ស្ថិតនៅផ្លូវតាភុល ភូមិតាភុល សង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប និងពេលរសៀលចុះពិនិត្យទំនិញនៅផ្សារលើធំថ្មី ក្រុងសៀមរាប ដោយមានការចូលរួមពីតំណាងគណៈគ្រប់គ្រងផ្សារផងដែរ។
មន្រ្តីកាំកុងត្រូលបានឲ្យដឹងថា លទ្ធផលត្រួតពិនិត្យគឺ ឃើញមានផលិតផលមួយចំនួន ដែលដាក់តាំងលក់នៅតាម ផ្ទះមួយចំនួន ស្ថិតក្នុងភូមិសាស្រ្តភូមិតាភុល ប្រែប្រួលខូចគុណភាព ហួសកាលបរិច្ឆេទ ប្រើប្រាស់ ហើយត្រូវបាន សាខាកាំកុងត្រូល ខេត្តសៀមរាប ធ្វើកំណត់ហេតុដកហូត យកមករក្សាទុក ដើម្បីស្នើសុំគោលការណ៏ កំទេចចោលនៅពេលក្រោយ ។
ផលិតផលខូចគុណភាពដែលបានដកហូតរួមមាន ៖ទឹកក្រូចចម្រុះដបជ័រ ទឹកដោះគោខាប់ ទឹកភេសជ្ជៈអំពិលកំប៉ុង និងប៊រ័ កំប៉ុង ។ សរុបមានទម្ងន់ ៤៣.២៧០ គ.ក ។
ទន្ទឹមនឹងនេះ ក្រុមការងាររបស់លោក បានណែនាំដល់អាជីវករឲ្យចៀសវៀង ក្នុងការប្រើប្រាស់សារធាតុគីមីបន្ថែម ទៅលើ ផលិតផល ម្ហូបអាហារ ឬការកែច្នៃម្ហូបអាហារ ដែលធ្វើឲ្យមានគ្រោះថ្នាក់ដល់សុខភាព និងបានណែនាំអាជីវករឲ្យយល់ដឹង ពីអនាម័យនិងការរៀបចំ ទំនិញលក់ដូរឲ្យមានសណ្តាប់ធ្នាប់ទៅ តាមប្រភេទទំនិញហូបចុក និងទំនិញប្រើប្រាស់ផ្សេងៗ ដាក់ដាច់ដោយឡែកៗពីគ្នា។ ក្រុមការងារក៏ បានធ្វើការណែនាំអាជីវករឲ្យមានការប្រុងប្រយ័ត្ន ចៀសវាងនូវការដាក់ តាំងលក់ទំនិញ ហួសកាលបរិច្ឆេទ ប្រើប្រាស់ កំប៉ុងកំពិត ប៉ោង ច្រេះស៊ី និងទំនិញដែលមានសារធាតុគីមីហាមឃាត់។
ក្រុមការងារក៏បានបិទរូបភាព ដែលរៀបចំដោយអគ្គនាយកដ្ឋាន កាំកុងត្រូល ស្តីពី សូមពិចារណាមុននឹងជ្រើសរើស ផលិតផល ម្ហូបអាហារ មួយមកបរិភោគ ជូនដល់អ្នកលក់ដូរ និងអ្នកប្រើប្រាស់ ឲ្យបានយល់ដឹងពីរូបភាព ជាបឋមនូវមុខទំនិញ ណាមួយ គួរប្រើប្រាស់និងមុខ ទំនិញណាមិនគួរប្រើប្រាស់៕