(សៀមរាប)៖ នៅក្នុងជំនួបរវាងអ្នកសារព័ត៌មាន ប្រចាំខេត្តសៀមរាប ជាមួយក្រុមការងារនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ដ ឆ្នាំ២០១៧ ដើម្បីចូលរួមអបអរសាទរបុណ្យចូលឆ្នាំថ្មី ប្រពៃណីយ៍ជាតិខ្មែរ នារសៀលថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៧នេះ ដែលមានវត្តមានរបស់លោក សោម រតនា អ្នកនាំពាក្យព្រឹត្តិការណ៍អង្គរសង្ក្រាន្ដ លោកបានលើកឡើងថា អ្នកសារព័ត៌មានពិតជាបានចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការផ្សព្វផ្សាយព័ត៌មាន និងដំណឹងផ្សេងៗដែលពាក់ព័ន្ធ ជាមួយព្រឹត្តិការណ៍អង្គរសង្ក្រាន្ដ ជូនដល់មហាជនទាំងជាតិ និងអន្តរជាតិ ដែលព័ត៌មានទាំងនោះ គឺក្នុងគោលបំណងដើម្បីចូលរួមចំណែកក្នុងការលើកកម្ពស់ នូវវិស័យទេសចរណ៍ វប្បធម៌ អរិយធម៌ ទំនៀមទម្លាប់ ប្រវត្តិសាស្ត្រ និងសម្បត្តិបេតិកភ័ណ្ឌពិភពលោក ដែលមានមហាប្រាង្គប្រាសាទដ៏ល្បីល្បាញរាប់រយ/ពាន់របស់ខ្មែរយើង ។
តាមរយៈអ្នកនាំពាក្យផងដែរ បានបញ្ជាក់ប្រាប់ ក្រុមអ្នកសារព័ត៌មានប្រចាំខេត្តសៀមរាបថា ព្រឹត្តិការណ៍អង្គរសង្ក្រាន្តនៅឆ្នាំ២០១៧នេះ នឹងមានកម្មវិធីថ្មីៗ និងគួរជាទីចាប់អារម្មណ៍ជាច្រើនទៀត ដើម្បីឲ្យព្រឹត្តិការណ៍ដ៏សំខាន់ នៅសៀមរាប-អង្គរ កាន់តែល្អប្រសើរថែមមួយកម្រិតទៀត នៅឯព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នាឆ្នាំលើកទី៥នេះ ។
គួររំលឹកផងដែរថា ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ជាព្រឹត្តិការណ៍ ដែលបានរៀបចំនិងប្រព្រឹត្តិទៅចំនួន៤លើកជាប់ៗគ្នារួចមកហើយ ដោយសហភាពសហព័ន្ធ យុវជនកម្ពុជា សហការជាមួយក្រសួងទេសចរណ៍, ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ, អាជ្ញាធរជាតិអប្សរា, អាជ្ញាធរខេត្តសៀមរាប, និងក្រសួង, ស្ថាប័ន, អង្គភាពរដ្ឋ/ឯកជនពាក់ព័ន្ធ, និងសាធារណៈជនទូទៅ ប្រកបដោយជោគជ័យ និងមានទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិបានយ៉ាងច្រើនកុះករ និងបានផ្សព្វផ្សាយបានយ៉ាងទូលំទំលាយ ផងដែរ ។
លោក ង៉ូវ សេងកាក់ ប្រធានមន្ទីរទេសចរណ៍ខេត្តសៀមរាប បានបញ្ជាប់ប្រាប់អង្គភាព Fresh News ថា៖ បើតាមការបូកសរុបទិន្ន័យ នៃរបាយការណ៍របស់ ក្រសួងទេសចរណ៍ គឺព្រឹត្តិការណ៍អង្គរសង្ក្រាន្ដ កាលពីលើកទីមួយឆ្នាំ២០១៣ គឺមានភ្ញៀវទេសចរចូលរួម ១៧ម៉ឺននាក់, លើកទីពីរ ឆ្នាំ២០១៤ ចំនួន ៣៨ម៉ឺននាក់, លើកទីបី ឆ្នាំ២០១៥ មានចំនួន ៩៧ម៉ឺននាក់, និងលើកទីបួន ឆ្នាំ២០១៦ កន្លងទៅនេះ គឺមានការកើនឡើងរហូលដល់ ១លាន ៣សែននាក់ ហើយយើងក៏រំពឹងថា ព្រឹត្តិការណ៍នៅឆ្នាំ២០១៧នេះ នឹងមានចំនួននេះកើនឡើងផងដែរ៕