(ភ្នំពេញ)៖ លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានលើកឡើងថា បំណុលដែលកម្ពុជាជំពាក់ សហរដ្ឋអាមេរិក គឺជាបំណុលដែលរដ្ឋាភិបាលរបបសាធារណរដ្ឋ លន់ នល់ ខ្ចីទិញអាវុធយុទ្ធភ័ណ្ឌ ធ្វើសង្គ្រាមនៅកម្ពុជា ដែលស្មើនឹងតម្លៃគ្រាប់បែក ២លាន៥សែនតោន ទំលាក់ពីលើយន្តហោះសម្លាប់ប្រជាជនខ្មែរ រាប់សែននាក់ ដូច្នេះបើអាមេរិកនៅតែរក្សាបំណុលនេះ ហើយទាមទារ ឲ្យកម្ពុជាសងនោះ វាកាន់តែធ្វើឲ្យឈឺចាប់ខ្លាំងថែមទៀតដល់ប្រជាជនខ្មែរ មិនអាចបំភ្លេចបានឡើយ។
លោក សុខ ឥសាន បានលើកឡើងបែបនេះ នាគ្រាដែល ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានទទូចដោយអំពាវនាវ ម្តងហើយម្តងទៀត ដើម្បីឱ្យរដ្ឋាភិបាលថ្មីរបស់សហរដ្ឋអាមេរិក ក្រោមការដឹកនាំរបស់ លោក ដូណាល់ ត្រាំ មកពីគណបក្សសាធារណរដ្ឋ ពិចារណាលើការលុបបំណុលដែលកម្ពុជាជំពាក់នាសម័យសាធារណរដ្ឋខ្មែរ ដែលជារដ្ឋាភិបាលខុសច្បាប់កើតចេញពីរដ្ឋប្រហារទម្លាក់ សម្តេចព្រះនរោត្តម សីហនុ។
លោក សុខ ឥសាន បានថ្លែងថា ការលុបបំណុលនៅកម្ពុជាពេលនេះ គឺជាសីលធម៌នយោបាយ ដើម្បីលុបបំបាត់នូវការឈឺចាប់ របស់កម្ពុជា។ លោកថា «ការលប់ចោលបំណុលនេះ គឺជាសីលធម៌នយោបាយមួយ របស់ ស រ អា ដើម្បីលប់បំបាត់ចោលនូវការ ឈឺចាប់របស់ប្រជាជនកម្ពុជាដែធ្លាប់បានទទួលរងនូវវិនាសកម្មសង្គ្រាមកន្លងទៅ។ បើសិនជា ស.រ.អា នៅរក្សាបំណុលនេះនិងទាមទារឲ្យ កម្ពុជាសងនោះ វាកាន់តែធ្វើឲ្យឈឺចាប់កាន់តែថែមទៀតដល់ប្រជាជនកម្ពុជា មិនអាចបំភ្លេចបាន»។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានបន្ថែមថា «ដូច្នេះ បើ ស.រ.អា មានហេតុផលណាមួយមិនលប់បំណុលនេះទេ ស.រ.អា គួរពិនិត្យលទ្ធភាពប្រែក្លាយបំណុលនេះ ឲ្យទៅជសជំនួយ ជួយកសាងប្រទេសកម្ពុជាឡើងវិញ ក៏ជាការសមស្របម៉្យាងដែរ ដើម្បីប្រជាជន កម្ពុជាបានស្ងប់អារម្មណ៍។ ក្នុងឋានៈ ជាប្រទេសនៅក្រីក្រ ទន់ខ្សោយ មានតែសូមអំពាវនាវដល់ លោកប្រធានាធិបតី ត្រាំ ដែលជាមហាសេដ្ឋី ពិភពលោកជួយយិតយោងប្រទេសក្រីក្រដូចយ៉ាងប្រទេសកម្ពុជាជាដើមនេះផង»។
ទោះជាយ៉ាងណា រហូតដល់ពេលនេះ សហរដ្ឋអាមេរិកមិនទាន់ មានប្រតិកម្មណាមួយចំពោះការអំពាវនាវ ដោយទទូចរបស់ រាជរដ្ឋាភិបាលកម្ពុជានៅឡើយទេ។ ប៉ុន្តែបើតាម លោក David Josa អ្នកនាំពាក្យរងរបស់ស្ថានទូតអាមេរិក ប្រចាំនៅកម្ពុជា បានបញ្ជាក់ថា បញ្ហាបំណុលរបស់កម្ពុជានាសម័យសាធារណរដ្ឋនោះ សហរដ្ឋអាមេរិកមានបំណងក្នុងការដោះស្រាយ ក៏ប៉ុន្តែភាគីទាំងពីរត្រូវ ពិភាក្សាគ្នាជាមុនសិន។ លោក David Josa បានបញ្ជាក់ប្រាប់ Fresh News ឱ្យដឹងថា «បំណុលទ្វេភាគី ដែល ប្រទេសកម្ពុជាជំពាក់ សហរដ្ឋអាមេរិក គឺ ជារឿងពិភាក្សាគ្នា យូរ ហើយវាជាអ្វី ដែលយើងចង់ដោះ ស្រាយឲ្យចេញ។ តែវាត្រូវមានការ ពិភាក្សាបន្ថែម ទៀត មុនពេលយើង អាចដើរទៅមុខ បានលើរឿងនេះ»។
ពាក់ព័ន្ធនឹងបញ្ហាបំណុលនេះ មន្រ្តីកម្ពុជា បានលើកឡើងថា បើផ្អែកតាមឯកសារចន្លោះឆ្នាំ១៩៧២-១៩៧៥ គឺបំណុលដែលកម្ពុជាជំពាក់សហរដ្ឋអាមេរិក នៅក្នុងសម័យសាធារណរដ្ឋខ្មែររបស់ លោកសេនាប្រមុខ លន់ នល់ នោះ មកទល់ពេលនេះ មានចំនួនជិត ៤០០លានដុល្លារសហរដ្ឋអាមេរិក។
កាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៧ កន្លងទៅនេះ មជ្ឈមណ្ឌលកម្ចាត់មីនកម្ពុជា (ស៉ីម៉ាក់) បានរកឃើញ គ្រាប់បែកផ្ទុកជាតិគីមី ដ៏គ្រោះថ្នាក់បំផុតប្រភេទ Chlorobenzalmalononitrile (CS) ដែលបន្សល់ទុកពីការទម្លាក់របស់សហរដ្ឋអាមេរិក នៅក្នុងបឋមសិក្សា និងវត្តគគីរ នាភូមិគគីរ ឃុំគគីរ ស្រុករមាសហែក ខេត្តស្វាយរៀង។ ការរកឃើញគ្រាប់បែកថ្មីនេះបានធ្វើឱ្យពលរដ្ឋខ្មែរជាច្រើន នៅទីនោះសម្តែងការឈឺចាប់ជាមួយសហរដ្ឋអាមេរិក ដែលបានចូលរួមបង្កវិនាសកម្មដល់កម្ពុជា។ ហើយពេលនេះពលរដ្ឋទាំងនោះ ជាង៥០០នាក់ ក៏ត្រូវបានជម្លៀសឱ្យចេញពីទីនោះ ដើម្បីឱ្យអង្គភាពជំនាញកម្ចាត់គ្រាប់បែកនេះផងដែរ៕