(ភ្នំពេញ)៖ តារាចម្រៀងប្រជាប្រិយមានឈ្មោះបោះសម្លេងក្នុងវិស័យសិល្បៈ លោក រិន សាវ៉េត បានថ្លែងអំណរគុណចំពោះ លោក ហ៊ុន ម៉ាណែត និងលោកស្រី ពេជ ច័ន្ទមុនី ប្រធានក្រុមប្រឹក្សាភិបាល នៃសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ ក្រោយទទួលបានទំនុក បម្រុងដល់ប្រពន្ធរបស់ខ្លួន ដែលកំពុងសម្រាកព្យាបាលនៅមន្ទីពេទ្យមិត្តភាពខ្មែរ-សូវៀត និងការជួយទំនុកបម្រុងជាច្រើនទៀត។
ការជួយជ្រោមជ្រែង ចំពោះក្រុមគ្រួសាររបស់តារាចម្រៀង លោក រិន សាវ៉េត ខាងលើនេះ ក្រុមការងារកាកបាទក្រហមកម្ពុជា ដែលមាន សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ក៏បានចូលរួមយ៉ាងសស្រះសស្រាំផងដែរ ជាមួយការព្យាបាលយ៉ាងយកចិត្តទុកដាក់ ពីសំណាក់លោកវិជ្ជបណ្ឌិត និងក្រុមគ្រូពេទ្យផ្នែកជំងឺមហារីក នៃមន្ទីរពេទ្យពេទ្យមិត្តភាពខ្មែរ-សូវៀត។
ចំពោះទឹកចិត្ត និងសកម្មភាពសប្បុរសធម៌ថ្លៃថ្លាខាងលើ ត្រូវបានលោក រិន សាវ៉េត និងប្រពន្ធ លើកដៃប្រណំថ្លែងអំណរគុណចំពោះ លោក ហ៊ុន ម៉ាណែត និងលោកស្រី ពេជ ច័ន្ទមុនី, កាកបាទក្រហមកម្ពុជា ដែលបានផ្ដល់ក្ដីសណ្តោសប្រណី ក្នុងការជួយទំនុកបម្រុងជាគ្រឿង ឧបភោគ-បរិភោគ និងថវិកាចំណាយចាយវាយជាច្រើន ដល់លោកផ្ទាល់ និងប្រព័ន្ធរបស់លោក ក៏ដូចជាក្រុមគ្រួសារទាំងមូល។
ក្នុងនោះដែរ លោក រិន សាវ៉េត និងប្រពន្ធ ក៏បានថ្លែងអំណរគុណចំពោះ លោកវិជ្ជបណ្ឌិត គួយ សំណាង នាយកផ្នែកជំងឺមហារីក នៃមន្ទីរពេទ្យរុស្ស៊ី និងក្រុមគ្រូពេទ្យទាំងអស់ក្នុងមន្ទីរពេទ្យ ដែលបានយកចិត្តទុកដាក់មើលថែ ពិនិត្យព្យាបាលអស់ពីកម្លាំងកាយ-ចិត្ត ទាំងយប់ទាំងថ្ងៃ ដើម្បីស្ដារស្ថានភាពជំងឺរបស់ប្រពន្ធលោក ឲ្យធូរស្បើយឡើងវិញ។
លោក រិន សាវ៉េត ក្រោយពីដឹងថា ប្រពន្ធរបស់ខ្លួនមានជំងឺត្រូវព្យាបាល លោកបានព្យាយាមស្វះស្វែងរកកន្លែងព្យាបាលណាដែលអាច ព្យាបាលបានតាមលទ្ធភាពរបស់លោក។ តែដោយមានការណែនាំ និងជួយទំនុកបម្រុងជ្រោមជ្រែង ពីសមាគមគ្រូពេទ្យស្ម័គ្រចិត្ត យុវជនសម្ដេចតេជោ ហៅកាត់ថា TYDA ប្រពន្ធរបស់លោក រិន សាវ៉េត ត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យរុស្ស៊ី នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៧ ក្នុងនោះការចំណាយថ្លៃព្យាបាល និងការចាយវាយគ្រប់សព្វ ត្រូវបានលោក ហ៊ុន ម៉ាណែត និងលោកស្រី ពេជ ច័ន្ទមុនី ព្រមទាំងកាកបាទក្រហមកម្ពុជា ជាអ្នករាប់រងជំនួសទាំងអស់។
លោកវិជ្ជបណ្ឌិត គួយ សំណាង បានបញ្ជាក់ថា អំឡុងពេលនេះ អាការៈរបស់ប្រពន្ធលោក រិន សាវ៉េត កំពុងស្ថិតក្នុងដំណាក់កាល តាមដាននៅឡើយ តែអ្នកជំងឺមានការធូរស្រាលច្រើនជាងមុន ហើយនៅថ្ងៃស្អែក ពួកគាត់អាចត្រឡប់ទៅសម្រាកនៅផ្ទះវិញបាន ដោយមានជាថ្នាំសង្កូវសម្រាប់លេបផងដែរ។ លោកវិជ្ជបណ្ឌិត ក៏បានផ្ដាំទៅលោក រិន សាវ៉េត ផងដែរ បើអ្នកជំងឺមានអាការៈខុសប្លែក យ៉ាងណា ត្រូវនាំគាត់មកមន្ទីរពេទ្យជាបន្ទាន់ ដើម្បីឲ្យក្រុមគ្រូពេទ្យធ្វើការព្យាបាលបន្តទៀត។
សូមជម្រាបថា កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ក៏ដូចជាក្រុមការងារសមាគមគ្រូពេទ្យ ស័្មគ្រចិត្តយុវជនសម្ដេចតេជោ តែងតែគិតគូដល់សុខទុក្ខ ចំពោះប្រជាពលរដ្ឋក្រីក្រ និងអ្នកជំងឺដែលគ្មានលទ្ធភាពព្យាបាល បានជាបន្តបន្ទាប់ តួយ៉ាងដូចជាប្រពន្ធរបស់ លោក រិន សាវ៉េត នេះជាដើម៕