(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានថ្លែងថា ពានរង្វាន់ «ប្រធានគណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC President’s Trophy)» ដែលសម្តេចទទួលបានពីគណៈកម្មាធិការអូឡាំពិកអន្តរជាតិ មិនត្រឹមតែជាមោទនភាពថ្មីមួយទៀតសម្រាប់ជាតិ កម្ពុជានោះទេ តែវាក៏នឹងក្លាយជាចលករថ្មីមួយទៀតសម្រាប់ជំរុញការអភិវឌ្ឍវិស័យកីឡានៅកម្ពុជា។
ការគូសបញ្ជាក់របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងក្នុងពិធីប្រគល់ និងទទួលពានរង្វាន់ថ្នាក់កំពូលរបស់ គណៈកម្មាធិការអូឡាំពិកអន្តរជាតិ នៅរសៀលថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៧នេះ នាវិមានរាជរដ្ឋាភិបាល។
ពានរង្វាន់គណៈកម្មាធិការអូឡាំពិកអន្តរជាតិ ដែលភ្ជាប់រូបចម្លាក់លោក ឌឺព្យាគូ ប៊ូតាំង ស្ថាបនិកកីឡាអូឡាំពិកត្រូវបានយកមកប្រគល់ ជូនសម្តេចតេជោ ហ៊ុន សែន ដោយលោក សឺ មៀ សមាជិកប្រតិបត្តិគណៈកម្មាធិការអូឡាំពិកអន្តរជាតិ។ ក្នុងពិធីប្រគល់ពានរង្វាន់ត្រូវ បានធ្វើឡើងក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំងមានការអញ្ជើញចូលរួម ពីមន្រ្តីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា ថ្នាក់ដឹកនាំកីឡា ព្រមទាំងកីឡាករ កីឡាការិនីកម្ពុជាជាច្រើនរូបផ្សេងទៀត។
លោក ថោង ខុន ប្រធានគណៈកម្មាធិការអូឡាំពិកជាតិកម្ពុជា បានថ្លែងក្នុងពិធីនោះថា ពានរង្វាន់ប្រធានគណៈកម្មាធិការអូឡាំពិកអន្តរជាតិ គឺជាពានរង្វាន់ខ្ពស់បំផុតរបស់ចលនាអូឡាំពិកអន្តរជាតិ ផ្តល់ជូនកីឡាករ និងឥស្សរជន ថ្នាក់ដឹកនាំកីឡា ដែលបានចូលរួមចំណែកកសាង និងអភិវឌ្ឍន៍ចលនាអូឡាំពិក។
លោកបញ្ជាក់ទៀតថា ពានរង្វាន់ប្រគល់ជូនសម្តេចតេជោ ជាពានរង្វាន់រឹតតែពិសេស និង កម្រមួយដែលប្រធានគណៈកម្មាធិការអូឡាំពិក អន្តរជាតិ បានរៀបចំ និង ជ្រើសរើសរូបភាពពានរង្វាន់ដ៏មានគុណតម្លៃខ្ពស់ជាលើកដំបូងដោយមានរូបចម្លាក់លោក ឌឺព្យាគូ ប៊ូតាំង ស្ថាបនិកកីឡាអូឡាំពិកទំនើបជូនសម្តេចតេជោ។
លោក សឺ មៀ សមាជិកប្រតិបត្តិគណៈកម្មាធិការអូឡាំពិកអន្តរជាតិ បានថ្លែងថា ការសម្រេចផ្តល់ពានរង្វាន់ ប្រធានគណៈកម្មាធិការ អូឡាំពិកអន្តរជាតិនេះ បន្ទាប់ពីបានពិនិត្យឃើញចូលរួមចំណែកយ៉ាងខ្លាំងរបស់សម្តេចតេជោ ហ៊ុន សែន សម្រាប់វិស័យកីឡានៅកម្ពុជា និងជំរុញចលនាកីឡាអូឡាំពិក។ ជាពិសេសការកសាងបាននូវសមិទ្ធផលជាច្រើនសម្រាប់វិស័យកីឡានៅកម្ពុជា។
ក្នុងពិធីទទួលពានរង្វាន់កើតចេញពីស្នាដៃអភិវឌ្ឍន៍វិស័យកីឡានៅកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានរំលឹកថា វិស័យកីឡានៅកម្ពុជា ធ្លាប់មានឧត្តមភាពល្បាញល្បីនៅលើពិភពលោក តែក៏ត្រូវបានបាត់បង់ទៅវិញក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ហើយកីឡាករកីឡាការិនីឆ្នើម របស់កម្ពុជាជាច្រើនត្រូវបានស្លាប់បាត់បង់ជីវិតក្នុងរបបមួយនេះ។
សម្តេចតេជោ ហ៊ុន សែន បានរំលឹកទៀតថា បន្ទាប់ពីប្រទេសកម្ពុជារំដោះចេញពីរបប ប៉ុល ពត នៅថ្ងៃទី០៧ ខែមករា ឆ្នាំ១៩៧៩ យុវជនខ្មែរបានយកស្រកីដូង កៅស៊ូកងធ្វើជាបាល់ទាត់ បាល់ទះ ដើម្បីលេងកីឡា។ ដោយសារការយកចិត្តទុកដាក់ និងការខិតខំប្រឹងប្រែង រួមគ្នា វិស័យកីឡាកម្ពុជា បានអភិវឌ្ឍន៍ និងរីកចម្រើនដូចពេលបច្ចុប្បន្ន និងមានការទទួលស្គាល់នៅលើឆាកអន្តរជាតិជាថ្មី។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងបញ្ជាក់ថា ពានរង្វាន់គណៈកម្មាធិការអូឡាំពិកអន្តរជាតិនេះ មិនត្រឹមតែជាមោទនភាពសម្រាប់សម្តេច ភារិយា និងក្រុមគ្រួសាររបស់សម្តេចនោះទេ តែជាមោទនភាពសម្រាប់ប្រជាជាតិកម្ពុជាទាំងមូលផងដែរ។ សម្តេចតេជោ ក៏បានថ្លែងរំពឹង ថា ពានរង្វាន់របស់គណៈកម្មាធិការអូឡាំពិកអន្តរជាតិ ដែលសម្តេចទទួលបាន ក៏នឹងចូលរួមជួយជំរុញវិស័យកីឡា ឲ្យកាន់តែរីកចម្រើន ទៅមុខថែមទៀត។
សូមបញ្ជាក់ថា ពានរង្វាន់ដែលសម្តេចតេជោ ហ៊ុន សែន ទទួលបាននេះ លោក បាន គីមូន អតីតអគ្គលេខាធិការអង្គការសហប្រជាជាតិ ក៏ធ្លាប់ទទួលបានផងដែរកាលពីឆ្នាំ២០១៥កន្លងទៅ។
លោក ថោង ខុន បានឲ្យដឹងថា កម្ពុជាបានចូលជាសមាជិកគណៈកម្មាធិការអូឡាំពិកអន្តរជាតិនៅឆ្នាំ១៩៥១ ដែលមានឈ្មោះថា គណៈកម្មាធិការអូឡាំពិកខ្មែរ ដែលបានចូលរួមប្រកួតកីឡាអូឡាំពិករដូវក្តៅលើកដំបូងនៅឆ្នាំ១៩៥៦ នាទីក្រុងមែលប៊ន ប្រទេសអូស្ត្រាលី។ ព្រោះតែសង្រ្គាមកម្ពុជាបានអវត្តមានពីគ្រួសារអូឡាំពិកទៅវិញរយៈពេល ២៤ឆ្នាំ គឺចាប់ពីឆ្នាំ១៩៧២ រហូតដល់ឆ្នាំ១៩៩៦។
កម្ពុជាត្រូវបានគណៈកម្មាធិការអូឡាំពិកអន្តរជាតិទទួលស្គាល់ឡើងវិញនៅឆ្នាំ១៩៩៤ ហើយមានឱកាសចូលរួមប្រកួតកីឡា អូឡាំពិកឡើងវិញឆ្នាំ១៩៩៦ នៅអាត្លង់តា សហរដ្ឋអាមេរិក៕